A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 July 2016

សម្តី «មាស» លោកបណ្ឌិត កែម ឡី




សម្តី «មាស» លោកបណ្ឌិត កែម ឡី
ដោយ៖ សូ វិសាល


ភ្នំពេញ៖ លោក បណ្ឌិត កែម ឡី ជាអ្នកវិភាគឯករាជ្យល្បីឈ្មោះបំផុតដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងថ្ងៃនៅកណ្តាលទីក្រុងភ្នំពេញដែលមានមនុស្សច្រើនកុះករកាលពីព្រឹកថ្ងៃអាទិត្យត្រូវបានអ្នកដែលគោរពស្រឡាញ់លោកជាច្រើនចាត់ទុកថាជា «វីរបុរសជាតិខ្មែរ» ដែលហ៊ាននិយាយពីបញ្ហាចម្បងៗដែលជាអាយុជីវិតរបស់ជាតិដែលមិនមានអ្នកណាហ៊ាននិយាយ។

តាមពិតទៅជំនាញរបស់លោកបណ្ឌិត កែម ឡី គឺជាអ្នកសិក្សាស្រាវជ្រាវពីបញ្ហាសង្គមហើយគោរមងារជាអ្នកវិភាគឯករាជ្យគឺត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាអ្នកដាក់ឲ្យប៉ុណ្ណោះដោយសារតែអ្វីដែលលោកបានធ្វើអត្ថាធិប្បាយវិភាគត្រូវបានមជ្ឈដ្ឋានទូទៅយល់ថាគឺខ្លី ខ្លឹម សាមញ្ញ មានហេតុមានផល ងាយយល់ និងចំៗចំណុចខ្មៅថាខ្មៅ សថាស ដោយលោកមិនបំប្លែង ឬកាឡៃស្ថានការណ៍ជាក់ស្តែងដើម្បីបម្រើផលប្រយោជន៍គណបក្សនយោបាយណាមួយ ឬ ជនមានអំណាចណាមួយដូចបណ្ឌិតមួយចំនួនផ្សេងទៀតដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ នេះបើតាមលោកបណ្ឌិត កែម ឡី ដែលបានផ្តល់បទសម្ភាសដល់ភ្នំពេញប៉ុស្តិ៍កាលពីពេលកន្លងមក។

ខាងក្រោមនេះជាសម្តីដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជាសម្តី មាស របស់លោកបណ្ឌិត កែម ឡី ដែលបានបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយគិតពិចារណា និងផ្តល់ជាគំរូថាធ្វើអ្វីៗត្រូវតែតម្កល់ផលប្រយោជន៍ជាតិជាធំ៖

១.ធ្វើអ្នកវិភាគត្រូវហ៊ានលះបង់ជីវិត។
២.ជូតទឹកភ្នែករបស់អ្នករួចបន្តដំណើរទៅមុខទៀត។
៣. នៅពេលវិភាគម្តងៗខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ។
៤. ខ្ញុំនឹងនិយាយអ្វីដែលអ្នកដទៃមិនហ៊ាននិយាយ។
៥. សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្តរ៍គឺបេះដូងពលរដ្ឋ។
៦.ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និងបូរណភាពទឹកដីមិនមែនជាជម្រើសល្អទេ។
៧. អ្នកមានអំណាច មានលុយច្រើនពីការកេងប្រវ័ញ្ចធនធានសង្គមពីពលរដ្ឋខ្លួនឯងនោះអ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេតែពេលស្លាប់ទៅសូម្បីតែទីតម្កល់សាកសពក៏អាចគ្មានសុវត្ថិភាពដែរ។



៨. បើយើងនិយាយអ្វីគឺត្រូវនិយាយការពិត។

៩. មុននឹងខ្ញុំវិភាគគឺខ្ញុំបានគិតដល់ចំណុច ៣ គឺត្រូវរត់ចោលស្រុក ត្រូវជាប់គុក និងត្រូវអស់ជីវិត និង ១០. បើអ្នកមិនធ្វើអ្វីទាល់តែសោះក៏គង់តែទទួលរងគ្រោះដែរគ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ។

បើមើលសារទាំងនេះ និងសាផ្សេងទៀតលោកបណ្ឌិត កែម ឡី ហាក់បីដូចជាបានដឹងខ្លួនមុនរួចជាស្រេចទៅហើយពីជោគវាសនារបស់លោកដែលតែងតែធ្វើការលាតត្រដាងឥតសំចៃពីបញ្ហាចាក់ស្រេះដែលកំពុងតែញាំញីសង្គមខ្មែរដោយលោកបាននិយាយកាលពីពេលកន្លងមកថា៖ «ពេលខ្ញុំវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេព្រោះយើងដឹងហើយថាយើងរស់នៅក្នុងហ្វូងឆ្កែចចក ហ្វូងខ្លា ហ្វូងពស់វែក ហ្វូងក្រពើតែខ្ញុំចង់ឲ្យពលរដ្ឋខ្មែរមានភាពក្លាហានឡើងបើយើងនៅតែខ្លាចគេនៅតែជិះជាន់យើង»។

នៅទីបំផុតលោកត្រូវបានគេបាញ់សម្លាប់នៅម៉ោងប្រមាណ ៨ និង ៥០ នាទីព្រឹកនៅហាងស្តារម៉ាតកាល់តិចបូកគោក្នុងរាជធានីភ្នំពេញដូចអ្វីដែលលោកបានគិតនោះមែន។

សម្រាប់ប្រជាពលរដ្ឋខ្មែរជាច្រើនដែលគោរពស្រលាញ់លោករួមទាំងព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែលតែងតែជួបប្រាស្រ័យទាក់ទងគ្នាញឹកញាប់ជាមួយលោកបណ្ឌិត កែម ឡី ដើម្បីពិភាក្សាពីបញ្ហាការងារជួយសង្គមជាតិបានហៅលោកបណ្ឌិត កែម ឡី ថា «ជាវីរបុរសខ្មែរស្នេហាជាតិ» ដែលកម្ររកបានហើយអ្វីដែលអ្នកវិភាគរូបនេះបានធ្វើគឺមានគុណតម្លៃមហាសាលសម្រាប់ប្រទេសជាតិខ្មែរទាំងមូល។

នៅពេលនេះលោកបណ្ឌិត កែម ឡី បានទៅបាត់ជារៀងរហូតពីប្រជាជាតិដ៏កម្សត់មួយនេះហើយក៏ប៉ុន្តែលោកបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អផូរផង់ វីរភាព និងឧត្តមគតិ មនសិការស្រឡាញ់ជាតិជាងជីវិតខ្លួនឯងសម្រាប់អ្នកជំនាន់ក្រោយ៕

No comments: