A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 July 2016

ទស្សនៈ​សារព័ត៌មាន​អន្តរជាតិ​ជុំវិញ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី

ទស្សនៈ​សារព័ត៌មាន​អន្តរជាតិ​ជុំវិញ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី
ដោយ សាន សែល
2016-07-11

កែម ឡី ៨៥៥
អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៦។
 RFA



អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ និង​សង្គម ដ៏​លេចធ្លោ​ម្នាក់​ បាន​ទាញ​ចំណាប់​អារម្មណ៍​សារព័ត៌មាន​​អន្តរជាតិ​ធំៗ។ បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នេះ បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ការ​ធ្លាក់​ចុះ​សេរីភាព​បញ្ចេញមតិ និង​ការ​រឹតត្បិត គំរាមកំហែង​អ្នក​រិះគន់​រដ្ឋាភិបាល សម្ដី​ខ្លាំង ត្រង់ ចំៗ។

ការ​បាញ់​ប្រហារ​សម្លាប់​អ្នក​តិះ​តៀន​រិះគន់​រដ្ឋាភិបាល នៅ​កណ្ដាល​ទីក្រុង ខណៈ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា កំពុង​តានតឹង ព្រមទាំង​មាន​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ត្រូវ​បាន​សារព័ត៌មាន​បរទេស​នានា បង្ហាញ​ជ្រុង​ផ្សេងៗ​ ដែល​អាច​នៅ​ពី​ក្រោយ និង​អាច​កើតឡើង​ ក្រោយ​មរណភាព​នេះ។

ប៊ី.ប៊ី.ស៊ី (BBC) នៅ​ចក្រភពអង់គ្លេស សរសេរ​ថា ការ​ស្លាប់​របស់​លោក កែម ឡី វ័យ៥០ឆ្នាំ គឺ​កើត​ឡើង​ក្នុង​ប្រទេស​មួយ​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ក៏​ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​គេ​ចោទ​ពី​ការ​ប្រើ​ហិង្សា និង​ប្រព័ន្ធ​គ្រប់គ្រង​ផ្ដាច់ការ។

លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង បាញ់​សម្លាប់​នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃអាទិត្យ​ ទី​១០ ខែ​កក្កដា នៅ​ក្នុង​ហាង​លក់ទំនិញ​មួយ ក្បែរ​ការ៉ាសសាំង​កាល់តិច ស្តុប​បូកគោ។ ជនសង្ស័យ​ត្រូវ​បាន​ចាខ្លួន​ នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ដដែល។



ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) ឲ្យ​ដឹង​ថា​ជនសង្ស័យ មាន​ឈ្មោះ «ជួប សម្លាប់» ហើយ រ៉យទ័រ ផ្សាយ​សម្ដី​លោក ជួន សុវណ្ណ អធិការ​នគរបាល​រាជធានី​ភ្នំពេញ​ថា សមត្ថកិច្ច មិន​ច្បាស់​ថា​នេះ​ជា​ឈ្មោះ​ជន​សង្ស័យ​ពិតប្រាកដ​នោះ​ទេ។ សមត្ថកិច្ច បន្ត​ការ​ស៊ើបអង្កេត វែកមុខ​រក​ជន​ដែល​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​​ក្រហម កាន់​អំណាច​អម​ដោយ​បក្សពួក​ជា​ក្រុម​មនុស្ស​មាន​អំណាច​ឥទ្ធិពល ដែល​ក្លាយ​ជា​អ្នក​មាន​សម្បត្តិ​ស្ដុកស្ដម្ភ​ ក្នុង​ប្រទេស​ក្រីក្រ។

ទូរទស្សន៍​ឆានែល ញ៉ូវ អេស៊ា (Channel News Asia) រំលេច​ថា កាល​ពី​សប្ដាហ៍​មុន លោក កែម ឡី បាន​ស្វាគមន៍​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ដែល​បាន​និយាយ​ថា វា​នឹង​ជួយ​ឲ្យ​អ្នក​បោះឆ្នោត និង​វិនិយោគិន​បរទេស មាន​គំនិត​ និង​យល់​ដឹង​កាន់​តែ​ច្បាស់ ពី​របៀប​ដែល​អ្នក​មាន​អំណាច​ ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ខណៈ​ប្រជាជន​កម្ពុជា ជា​ច្រើន​រស់នៅ​ក្នុង​ភាព​ក្រីក្រ។

គេហទំព័រ​ឌឹ ឌីភ្លូម៉ាត (The Diplomat) សង្កេត​ថា លោក កែម ឡី ត្រូវ​គេ​បាញ់​សម្លាប់ នៅ​ជិត​ការ៉ាសសាំង ប៉ុន្មាន​ម៉ែត្រ​ពី​ផ្ទះ​របស់​លោក ហ៊ុន តូ ក្មួយ​លោក ហ៊ុន សែន។ លោក ហ៊ុន តូ ក៏​ត្រូវ​ Global Witness រក​ឃើញ​ថា ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើ​ជំនួញ ពិសេស​ការ​ជួញ​ដូរ​គ្រឿងញៀន និង​ការ​លាង​លុយ​កខ្វក់ តម្លៃ​១ពាន់​លាន​ដុល្លារ។ គេហទំព័រ​ឌឹ ឌីភ្លូម៉ាត ជឿជាក់​ថា ឈ្មោះ​របស់​លោក កែម ឡី ត្រូវ​គេ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដែល​ត្រូវ​សម្លាប់​បំបិទ​មាត់​ ដោយ​ឃាតកម្ម គឺ​លោក កែម ឡី ត្រូវ​គេ​បាញ់​តែ​ពីរ​គ្រាប់ គឺ​មួយ​គ្រាប់ ចំ​ក្បាល និង​មួយ​គ្រាប់​ទៀត បាញ់​ពី​ក្រោយ​ខ្នង។ ឌឹ ឌីភ្លូម៉ាត សង្កេត​ថា នេះ​ជា​ការ​បាញ់​ដោយ​ខ្មាន់​កាំភ្លើង​មាន​បទពិសោធន៍ ​មិន​មែន​បាញ់​ដោយ​ប្រជាជន​សាមញ្ញ មាន​គំនុំ​រឿង​ជំពាក់​រឿង​កាក់​នោះ​ឡើយ។

ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា (Al Jazeera) បាន​សម្ភាសន៍​អ្នកគាំទ្រ​លោក កែម ឡី ម្នាក់ នៅ​កន្លែង​កើតហេតុ ដោយ​បាន​និយាយ​ថា លោក​មក​ទីនេះ ដោយ​ក្ដុកក្ដួល និង​សោកសង្រេង ចំពោះ​ការ​ស្លាប់​របស់​លោក កែម ឡី ហើយ លោក​មិន​ទុក​ចិត្ត​ប៉ូលិស ដោយ​ខ្លាច​ប៉ូលិស បំបិទ​ភស្តុតាង។ អាល់ហ្សាហ្សេរ៉ា ស្រង់​សម្ដី​បុរស​នេះ​បន្ត​ទៀត​ថា ករណី​ឃាតកម្ម​នេះ ជា​សេណារីយ៉ូ​ដដែល ដែល​គេ​ក៏​ដឹង​ថា នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​រឿង​នេះ។ ជន​សាមញ្ញ មិន​ហ៊ាន​បាញ់​សម្លាប់​គេ​កណ្ដាល​ក្រុង​បែប​នេះ​ទេ។ នេះ​ជា​សញ្ញា​នៃ​របប​ផ្ដាច់ការ។

លោក កែម ឡី គឺ​ជា​ម្នាក់​ចំណោម​អ្នក​រិះគន់​រដ្ឋាភិបាល ដែល​បាន​ខ្មាន់​កាំភ្លើង​បាញ់​ឲ្យ​ស្លាប់ ស្រដៀង​ទៅ​នឹង​ការ​ស្លាប់​របស់​សកម្មជន​ផ្សេងទៀត ដូចជា លោក ឈុត វុធី កាល​ពី​ឆ្នាំ​២០១២ សកម្មជន​ព្រៃឈើ និង​លោក ជា វិជ្ជា មេដឹកនាំ​សហជីព កាល​ពី​ឆ្នាំ​២០០៤។

កាសែត​ ឌឹ ហ្គាឌៀន (The Guardian) ហៅ​លោក កែម ឡី ជា​អ្នក​វិភាគ​នយោបាយ​មាន​ប្រជាប្រិយ​ និង​ជា​អ្នកស្រាវជ្រាវ​សង្គម ហើយ​ក៏​ជា​ស្ថាបនិក​ក្រុម​ខ្មែរ​ដើម្បី​ខ្មែរ ដែល​ក្រុម​តស៊ូ​មតិ​មូលដ្ឋាន។ លោក ជា​រឿយៗ​រិះគន់​រដ្ឋបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ការ​រិះគន់​របស់​លោក​ចុងក្រោយ​បំផុត គឺ​ទាក់​ទង​នឹង​ការ​ប្រើ​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ក្រសោប​ក្ដោបក្ដាប់​យក​ជំនួញ​សេដ្ឋកិច្ច​កម្ពុជា។

សារព័ត៌មាន​ណៃគែ អេស៊ា រីវ្យួ (Nikkei Asia Review) កត់សម្គាល់​ថា អំពើ​ហិង្សា និង​ឃាតកម្ម​ តែង​កើត​ឡើង​ ក្នុង​ឆាក​នយោបាយ​កម្ពុជា។ សកម្មជន អ្នករិះគន់ និង​បក្ស​ប្រឆាំង តែង​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ ហើយ​ជនល្មើស កម្រ​ត្រូវ​បាន​គេ​ចាប់​ខ្លួន មក​ផ្ដន្ទាទោស។

ជាចុងក្រោយ កាសែត​ឌឹ ញ៉ូវ យ៉ក ថែមស៍ (The New York Times) បាន​ស្រង់​សម្ដី​របស់​អ្នកវិភាគ អ៊ូ វីរៈ ថា ការ​បាញ់​សម្លាប់​លោក កែម ឡី ជា​ការ​ដើរ​ត្រឡប់​ថយ​ក្រោយ​រាប់​សិប​ជំហាន នៃ​ដំណើរ​ប្រជាធិបតេយ្យ និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។ លោក អ៊ូ វីរៈ​ ប្រាប់​ឌឹ ញ៉ូវ យ៉ក ថែមស៍ ថា «លោក កែម ឡី ពន្យល់​ និង​វិភាគ​បញ្ហា​ស្មុគស្មាញ ដោយ​ប្រើ​ភាសា​អ្នក​ស្រុក ងាយ​ស្រួល​យល់។ លោក ជា​មនុស្ស​និយាយ​ត្រង់ ហើយ​ប៉ិន​និយាយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដើម្បី​បញ្ជូន​សារ​ឲ្យ​ប្រជាជន​កម្ពុជា​សាមញ្ញ​ឆាប់​យល់»៕

1 comment:

Anonymous said...



Dr. Kem Ley is our Khmer National Hero, whereas Prett Norodom Sihanouk was a National Zero.

People are deeply saddened of Dr. Kem Ley's passing.

He left a legendary legacy behind for Khmer people to follow: the COURAGE to spell the truth against the Ah kouk Hun Sen autocratic regime and the expansionist evil Yuon Vietnam.

We miss Dr. Kem Ley !!

Bun Thoeun