A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 July 2016

ភរិយាជនសង្ស័យសម្លាប់លោក កែម ឡី ថា”ហួសចិត្ត”​ដែលប្តីក្លាយជាខ្មាន់កំាភ្លើង ​


ភរិយាជនសង្ស័យសម្លាប់លោក កែម ឡី ថា”ហួសចិត្ត”​ដែលប្តីក្លាយជាខ្មាន់កំាភ្លើង ​
ដោយ លោក បូ សាវី​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង


ប្រពន្ធនិងម្តាយបុរសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់​ លោក កែម ឡី(រូបថតដោយ បូ សាវី)



ស្រ្តីម្នាក់ជាភរិយាបុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី បានអះអាងថាប្តីរបស់អ្នកស្រីមានឈ្មោះថាអឿត អាង រស់នៅខេត្តសៀមរាប ហើយអ្នកស្រីសម្តែង”ការហួសចិត្ត”ដែលប្តីជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្ម។

អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យ នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។

សមត្ថកិច្ចអះអាងថាបុរសដែលត្រូវចាប់ខ្លួននោះ បាននិយាយថាខ្លួនមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំនិងមានស្រុកកំណើតនៅឯស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ទោះជាយ៉ាងណា សមត្ថកិច្ចពុំបានបញ្ជាក់ពីមូលហេតុនៃបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី នៅឡើយទេ ដោយគ្រាន់តែប្រាប់ថាជនដៃដល់ធ្លាប់ទៅរស់នៅនិងធ្វើជាកម្មករនៅចម្ការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃ។ សមត្ថកិច្ចក៏មិនជឿនឹងចម្លើយសារភាពរបស់ជនសង្ស័យនោះទេនិងថានឹងបន្តស៊ើបអង្កេតលើករណីនេះ។

ប្រពន្ធរបស់លោក អឿត អាង គឺអ្នកស្រី ហឿម ហ៊ត់ អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ អ្នកស្រីប្រាប់អ្នកយកព័ត៌មានវីអូឌីនៅថ្ងៃចន្ទនេះ ពេលចុះទៅជួបផ្ទាល់ថាប្តីរបស់អ្នកស្រីមានឈ្មោះថា អឿត អាង ហើយអ្នកស្រីមិនដែលឭឈ្មោះជួប សម្លាប់ នោះទេ។ អ្នកស្រីបន្តថាប្តីបានមករាជធានីភ្នំពេញជាង១០ថ្ងៃមកហើយមកដល់ពេលនេះ តែអ្នកស្រីថាមិនបានដឹងពីមូលហេតុដែលប្តីមកភ្នំពេញនោះទេ។



បើតាមអ្នកស្រី ហឿម ហ៊ត់ អ្នកស្រីទើបតែរៀបចំពិធីសែនការជាមួយលោក អឿត អាង បានប្រហែល២ខែប៉ុណ្ណោះ គឺកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។ អ្នកស្រីឲ្យដឹងទៀតថាពីដំបូងឡើយ ប្តីរបស់អ្នកស្រីបានបួសជាព្រះសង្ឃនៅវត្ដក្រឡាញ់ ក្នុងស្រុកក្រឡាញ់ផងនិងធ្លាប់ធ្វើជាចៅអធិការនៅវត្ដពើងតានន្ទ ស្រុកអង្គរជុំខេត្ដសៀមរាបផងដែរ។ អ្នកស្រីបន្ថែមថាពេលសឹកវិញ ប្តីដែលជាបុរសពោះម៉ាយ បានមករស់នៅក្នុងភូមិក្បែរអ្នកស្រីហើយបានដណ្តឹងអ្នកស្រីធ្វើជាប្រពន្ធ។ ទោះជាយ៉ាងណា អ្នកស្រីមិនអាចបញ្ជាក់ថាតើប្តីចាប់ផ្តើមបួសនិងសឹកពីពេលណានោះទេ។ អ្នកស្រីបានបញ្ជាក់ទៀតថាប្តីធ្វើការផ្នែកបរិស្ថានគឺជានាយករងប្រតិបត្ដិ តែអ្នកស្រីមិនដឹងពីព័ត៌មានលម្អិតនោះទេ។



ជនសង្ស័យដែលអះអាងថាខ្លួន ឈ្មោះជួប សម្លាប់


ទោះជាយ៉ាងណា ប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាប លោក ភួង លីណា ដែលបានដឹងពីករណីបាញ់សម្លាប់លោក កែម ឡី ផងដែរ បានបញ្ជាក់ថាមិនមានឈ្មោះ អឿត អាង ជាមន្ដ្រីស្ថាប័ននោះទេ ដោយលោកថាអាចជាមន្ដ្រីអង្គការបរិស្ថានណាមួយដែលធ្វើការលើផ្នែកនេះ។ លោកប្រាប់វីអូឌីនៅថ្ងៃនេះថា៖ “ខ្ញុំសូមបញ្ជាក់បងថាគាត់អាចបម្រើឲ្យអង្គការបរិស្ថានណាមួយគាត់មិនមែនជាបុគ្គលិករបស់រដ្ឋទេ មិនមែនជាបុគ្គលិករបស់រដ្ឋទេ។ អញ្ចឹងសូមបញ្ជាក់ថាឈ្មោះបុគ្គលិកនឹងមិនមានក្នុងបញ្ជីឈ្មោះប្រាក់បៀវត្សរ៍បើកប្រាក់ទេ។ អញ្ចឹងកុំច្រឡំតទៅទៀតគាត់អាចជាមន្ដ្រីបរិស្ថានណាមួយប៉ុណ្ណឹង”។

នៅពេលសួរថាជឿថាប្តីបាញ់សម្លាប់មនុស្សឬទេ អ្នកស្រីហឿម ហ៊ត់ បានបញ្ជាក់ថា៖ “មើលចិត្តគេអត់ធ្លុះលោកគ្រូ”។ អ្នកស្រីបន្តថា៖ “ផឹកអីអត់ចេះទេ សូម្បីតែមាន់ គាត់មិនដែលហ៊ានសម្លាប់។ មាន់ត្រីអីមិនដែលហ៊ានសម្លាប់ទេ។ ប្រពន្ធធ្វើហូប ក៏ហូបទៅ។ …រស់នៅជុំភូមិខ្ញុំនេះ អ្នកស្រុកអ្នកភូមិក៏ស្រឡាញ់គាត់ សូម្បីតែគាត់មានលុយ២ពាន់ គេសុំហូប១ពាន់ ក៏គាត់ឲ្យទៅគេដែរ។ ដល់ពេលគាត់ធ្វើគំនិតអញ្ចឹង ខ្ញុំក៏អត់ដឹងដែរ ហួសចិត្តដែរ”។

លោក អឿត អាង ក្នុងសម្លៀកបំពាក់ជាមន្រ្តីបរិស្ថាន
លោក អឿត អាង ក្នុងសម្លៀកបំពាក់ជាមន្រ្តីបរិស្ថាន


ពាក់ព័ន្ធនឹងការចោទប្រកាន់ថាប្តីសម្លាប់លោក កែម ឡី អ្នកស្រីបន្ថែមថា៖ “ទេ ធម្មតាលោកគ្រូ គាត់ធ្វើអំពើអាក្រក់ ក៏ស្រេចតែគាត់ទៅ ខ្ញុំក៏មិនដឹងដែរ ខ្ញុំប្រពន្ធ ខ្ញុំមិនបានប្រើគាត់ឲ្យទៅចុះទេ បើដឹងគាត់ទៅអញ្ចុះ ប្រពន្ធដែលឲ្យទៅទេ ប៉ុន្មានលានដុល្លារ ក៏ខ្ញុំមិនឲ្យទៅដែរ សុខចិត្តក្រខ្សត់ អត់ឃ្លាន ក៏នៅហូបអំបិលហូបប្រហុក ជុំប្តីជុំប្រពន្ធតើ មិនឲ្យសម្លាប់គេទេ បើយើងសម្លាប់គេហើយ មានទោសហើយ”។

ទោះជាយ៉ាងណា អ្នកស្រីក៏ឲ្យដឹងទៀតថាប្តីធ្លាប់បានលេងល្បែង ហើយបានយកលុយលក់ម៉ូតូបានយកទៅលេងល្បែង។ ទោះជាយ៉ាងណា អ្នកស្រីបញ្ជាក់ថាមិនបានស្តីបន្ទោសប្តីនោះទេ។

ម្តាយរបស់លោក អឿត អាង អ្នកស្រី ឯក តាំ អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិទន្លេស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ អ្នកស្រីប្រាប់អ្នកយកព័ត៌មានវីអូឌីពេលចុះទៅដល់កន្លែងអ្នកស្រីរស់នៅថាអ្នកស្រីឃើញកូនប្រុសតាមទូរទស្សន៍និងឃើញប្រឡាក់ឈាម តែអ្នកស្រីឆ្ងល់ថាមិនដឹងមានរឿងអ្វីកើតឡើងចំពោះកូនប្រុស។ អ្នកស្រីបន្តថាកូនប្រុសបួស៤ឆ្នាំ ហើយមុននោះទៅរកស៊ីនៅប្រទេសថៃជាមួយអ្នកជិតខាង។ អ្នកស្រីបន្តថាធ្លាប់ឭកូននិយាយកាលពីនៅបួសថាមានគេជំពាក់លុយ៣ពាន់ដុល្លារ។ អ្នកស្រីមិនបានបញ្ជាក់ថាស្គាល់ឈ្មោះកែម ឡី នោះទេ តែថាកូនតែងនិយាយថាទារលុយគេមិនបានចំនួន៣ពាន់ដុល្លារ។



លោក អឿត អាង ស្លៀកសម្លៀកបំពាក់បែបមន្រ្តីបរិស្ថាននិងកាលនៅបួសជាព្រះសង្ឃ(រូបថតបង្ហាញដោយភរិយារបស់លោក)


ទោះជាយ៉ាងណា អ្នកស្រីថាអ្នកស្រីមិននឹកស្មានថាកូនប្រព្រឹត្តអំពើឃាតកម្មបែបនេះនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ “បើខ្ញុំដឹង ខ្ញុំមិនឲ្យកូនកាន់អំពើអាក្រក់ចុះទេ ព្រោះជីវិតគេដូចតែជីវិតយើង។ ខ្ញុំណា បើសិនតែខ្ញូំដឹង នៅស្រុកនេះ ខ្ញុំចាប់ទាញដៃ មិនឲ្យកូនធ្វើចុះទេ ព្រោះជីវិតគេមួយ គេស្តាយប៉ុន្មាន ហើយយើងមួយក៏ស្តាយប៉ុន្មាន ដល់អញ្ចឹងខ្ញុំខ្លោចចិត្តអស់ ខ្លោចចិត្ត ខ្ញុំមិនដឹងរឿងរ៉ាវអីសោះ”។

ទាក់ទងនឹងឈ្មោះ ជួប សម្លាប់ អ្នកស្រីបានរៀបរាប់ឈ្មោះនេះត្រូវបានដាក់ឲ្យពេលលោកធ្វើជាទាហាន។

ភរិយារបស់លោក កែម ឡី អ្នកស្រី ប៊ូ រចនា បានប្រាប់វីអូឌីកាលពីថ្ងៃអាទិត្យថាប្តីរបស់អ្នកស្រីមិនដែលមានបញ្ហាជាមួយអ្នកណានោះទេ។ អ្នកស្រីបានច្រានចោលការលើកឡើងថាលោក កែម ឡី ជំពាក់លុយគេមិនសង។ អ្នកស្រីចាត់ទុកករណីនេះជារឿងនយោបាយ។

លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា មេដឹកនាំសហជីពដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ២០០៤ ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យនៅកន្លែងឃាតកម្មបាញ់សម្លាប់លោក កែម ឡី ថាករណីនេះមិនទាក់ទងទៅនឹងរឿងឯកជនរបស់លោក កែម ឡី នោះទេ។ លោកមានប្រសាសន៍ថា៖ “មិនមែនជារឿងឯកជនទេ! សុំទោសតែហ្មង។ អ្នកណាថាជារឿងឯកជន ឆ្កួតចំហើយ! ” ។

នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារុំ ប្រាប់វីអូឌីនៅកន្លែងឃាតកម្មថាករណីនេះទាក់ទងនឹងរឿងនយោបាយ ដោយលោកអះអាងថាលោក កែម ឡី បានបញ្ចេញយោបល់របស់លោករិះគន់រដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ “រឿងនេះវាជារឿងនយោបាយព្រោះលោកកែម ឡី គាត់ជាអ្នកវិភាគឯករាជ្យមួយរូបហើយកន្លងមកគាត់មានការវិភាគលើកឡើងពីបញ្ហាសង្គមហើយមានការបះពាល់ទៅលើមន្ត្រីរបស់រដ្ឋាភិបាល ក៏ដូចជាអ្នកជំនួញធំដែលធ្វើឲ្យមានការមិនសប្បាយចិត្ត”។

ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក កែម ឡី ត្រូវបានសារព័ត៌មានផ្សេងៗហៅសម្ភាសន៍ពីរបាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Wintess)ពីរឿងជំនួញធំៗរបស់ក្រុមគ្រួសារត្រកូលហ៊ុន។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវកុំឲ្យមានការលាបពណ៌ថាករណីនេះជារឿងនយោបាយ។ លោកបន្ថែមថារដ្ឋាភិបាលរងការរិះគន់ថាអសមត្ថភាពក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងការលាបពណ៌ករណីឃាតកម្មនេះជារឿងនយោបាយ។ លោកមានប្រសាសន៍ថា៖ “អ្វីទៅដែលហៅថាជាការខាតបង់? នេះជាការប៉ះពាល់ធ្ងន់ធ្ងរចំពោះមុខមាត់របស់រាជរដ្ឋាភិបាលតែម្តង? តើអ្នកណានឹងទទួលផលចំណេញអំពីរឿងបែបនេះកើតឡើង នៅក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងនិយាយអំពីសន្តិសុខនិងសុវត្ថិភាពប្រជាពលរដ្ឋ។ ចំណុចនេះ ខ្ញុំគិតថាវាហាក់ដូចជាការផ្ចាញ់ផ្ចាលមួយសម្រាប់យើង”។

លោកនាយករដ្ឋមន្រ្តីបន្តទៀតថានៅកម្ពុជាងាយណាស់ក្នុងការប្រែក្លាយរឿងឃាតកម្មជារឿងនយោបាយ។ ទោះជាយ៉ាងណា លោកសង្ឃឹមថាប្រជាពលរដ្ឋនឹងមិនប្រែក្លាយឧក្រិដ្ឋកម្មនេះជារឿងនយោបាយនោះទេ។

អ្នកនាំពាក្យតំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានឲ្យដឹងថានៅរសៀលថ្ងៃចន្ទនេះ លោក អឿត អាង ត្រូវបានបញ្ជូនមកដល់អយ្យការ ហើយកំពុងបំពេញបែបបទតាមនីតិវិធី៕ ដោយ បូ សាវី និងស៊ុន ណារិន

No comments: