បក្សប្រឆាំងនិងសង្គមស៊ីវិលចង់ឃើញACUស៊ើបអង្កេតករណីជំនួញគ្រួសារត្រកូល "ហ៊ុន"
ដោយ ប្រាជ្ញ ចេវ
2016-07-07
គំនូរបង្ហាញសែស្រឡាយត្រកូល "ហ៊ុន" របស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness)។ Photo/Global Witness
Photo/Global Witness
បក្សប្រឆាំង និងសង្គមស៊ីវិល ចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ស៊ើបអង្កេតករណីជំនួញមហាគ្រួសារលោក ហ៊ុន សែន ដែលអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) បានរកឃើញទាក់ទងការគ្រប់គ្រងមុខជំនួញស្ទើរពេញផ្ទៃប្រទេស។ ប៉ុន្តែរដ្ឋាភិបាលមិនចាប់អារម្មណ៍លើសំណើនេះទេ ព្រោះរបាយការណ៍នោះគ្រាន់តែជាការវាយប្រហារមកក្រុមគ្រួសារនាយករដ្ឋមន្ត្រី។
ការដែលសង្គមស៊ីវិលយល់ថា របរជំនួញរបស់ត្រកូល «ហ៊ុន» ជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវស៊ើបអង្កេតនោះ ព្រោះកូនបង្កើត កូនប្រសា និងក្មួយរបស់លោក ហ៊ុន សែន ជាតំណាងរាស្ត្រ ជាឧត្តមសេនីយ៍ពាក់ផ្កាយទាំងនៅក្នុងជួរយោធា និងនគរបាលជាតិ។ ក្រុមទាំងនេះ ត្រូវបានអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស ថាកំពុងកាន់កាប់ក្រុមហ៊ុន និងភាគហ៊ុនដោយសម្ងាត់ជាច្រើន ដែលមានលុយជាដើមទុនចុះបញ្ជីជាង ២០០លានដុល្លារ។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ និយាយថា របាយការណ៍នេះមានតម្លៃគួរឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតបន្ថែម ព្រោះបុគ្គលមួយចំនួនមានតួនាទីនៅក្នុងការងាររដ្ឋ ដែលក្រុមទាំងនេះស្ថិតក្នុងដែនសមត្ថកិច្ចស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ៖ «សមាសភាពគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានពីរក្រុម ដូចជាក្រុមទី១ របស់អ្នកស្រី ហ៊ុន ម៉ាណា គ្រប់គ្រងទូរទស្សន៍បាយ័ន ជាដើម។ ប៉ុន្តែក្រុមទី២ កូនប្រុសរបស់គាត់សមាជិកសភា ជាយោធាដែលអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវស៊ើបអង្កេត»។
គំនូរបង្ហាញសែស្រឡាយត្រកូល «ហ៊ុន» របស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness)។ Global Witness Photo
អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស នៅថ្ងៃទី៧ ខែកក្កដា បានបង្ហាញរបាយការណ៍កម្រាស់ជិត ៦០ទំព័រមានចំណងជើងថា "ការក្ដោបយកវិនិយោគនៅកម្ពុជា" លាតត្រដាងថា អធិរាជត្រកូល «ហ៊ុន» កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជា ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន។ របាយការណ៍ត្រូវបានកាសែតនៅក្នុងស្រុក និងក្រៅស្រុកល្បីៗ ចុះផ្សាយយ៉ាងព្រោងព្រាត។
លោក សន ជ័យ យល់ថា ដើម្បីអាចធ្វើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត លុះត្រាតែមានបុគ្គលណាមួយចេញមុខដាក់ពាក្យប្ដឹង ទើបស្ថាប័នឯករាជ្យមួយនេះចាត់ការ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលរូបនេះមិនហ៊ានទស្សន៍ទាយពីលទ្ធផលនៃការប្ដឹងនេះទេ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានទេនៅថ្ងៃទី៧ ខែកក្កដា។
ឆ្លើយតបសំណើនេះ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិនបានបង្ហាញការភ្ញាក់ផ្អើលចំពោះរបាយការណ៍នេះទេ ដោយបញ្ជាក់ថា នេះជាទំនៀមទម្លាប់របស់អង្គការ គ្លបល វីនេស ដើម្បីវាយប្រហារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបន្តថា បក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សាយមួយចំនួន ជាសម្ព័ន្ធមិត្តរបស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស ដូច្នេះពួកគេក៏បន្តបំពងរបាយការណ៍នេះបន្ថែម៖ «ជាទំនៀមទម្លាប់របស់អង្គការ គ្លបល វីនេស ដើម្បីវាយប្រហារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ជាសម្ព័ន្ធមិត្តរបស់គណបក្សប្រឆាំងដែរ មានរាប់ទាំងវិទ្យុអាស៊ីសេរី និងបណ្ដាញសារព័ត៌មានមួយចំនួនទៀតដែលហៅថាប្រព័ន្ធសម្ព័ន្ធរបស់ពួកគេ»។
តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង យល់ថាជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលត្រូវធ្វើការងារលើរឿងនេះ ដូចច្បាប់បានចែងពីតួនាទី និងភារកិច្ចរបស់ខ្លួន។ លោក អេង ឆៃអ៊ាង បន្តទៀតថា មិនមែនត្រូវស្រាវជ្រាវលើករណីនេះមួយទេ គឺ ACU ត្រូវស្រាវជ្រាវរឿងផ្សេងៗដែលប៉ះពាល់ប្រយោជន៍ជាតិ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ៖ «និយាយឲ្យខ្លីទៅ នេះជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ យើងសុំឲ្យស្ថាប័នរបស់រដ្ឋទាំងអស់ បំពេញការងាររបស់ខ្លួនឲ្យបានពេញលេញ ដើម្បីឲ្យអ្វីៗមានតម្លាភាព»។
សង្គមស៊ីវិលមិនទាន់មានជំនឿថា អង្គភាពប្រឆាំងអំពើពុករលួយ ក្លាហានហ៊ានស៊ើបអង្កេតករណីនេះដូចការស៊ើបអង្កេតលើគណបក្សប្រឆាំង ឬសង្គមស៊ីវិល ដែលស្ថាប័នមួយនេះធ្លាប់បានធ្វើនោះទេ៕
4 comments:
CNRP - don't bank on it because the HUN [Hound(Chien)] had been laughing all the way to the bank already. Which bank? The ACU may know, but then again, don't bank on it!!!
ខាល
Where is Ah Prett Om Yuon Teang EH SEE YOU ?
Dream on.
បើរឿងប្រាក់ពីរបីរយដុល្លាវិញ ACU ហាក់ដូចដុតដៃដុតជើង ខិតខំប្រឹងប្រែង មើលទៅដូចជាសកម្មសំបើមដៃណាស់។ តែដល់មកប៉ះគ្រួសារត្រកូលហ៊ុន មានលុយរាប់រយលានដុល្លា ACU រត់ពួនបាត់។
Post a Comment