A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 June 2016

គ.ជ.ប ទាមទារ​ឲ្យ​មន្ត្រី​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា​សុំទោស​ជា​សាធារណៈ


ដោយ ខែ សុណង
2016-06-10

ស៊ិក ប៊ុនហុក ៨៥៥ ២០១៦
ប្រធាន​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឆ្លើយ​សំណួរ​អ្នក​កាសែត​ ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់លើ​​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ នា​​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Morm Moniroth


មន្ត្រី​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា គ្រោង​ធ្វើ​សន្និសីទ​កាសែត​មួយ​បកស្រាយ​ប្រាប់​សារព័ត៌មាន​បន្ទាប់​ពី​ខ្លួន​បាន​សរសេរ​លិខិត​សុំ​ទោស​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ជុំវិញ​ការ​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​គណៈកម្មាធិការ​នេះ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

គម្រោង​សន្និសីទ​កាសែត​នេះ នឹង​បកស្រាយ​ជុំវិញ​ការ​ដក​ពាក្យ​ប្ដឹង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​តែងតាំង​បុគ្គលិក ចាប់​ពី​ថ្នាក់​នាយកដ្ឋាន​ដល់​អនុ​ប្រធាន​ការិយាល័យ​ក្នុង​អគ្គលេខាធិការដ្ឋាន​របស់ គ.ជ.ប ដែល​លោក​បាន​ចោទ​ប្រកាន់​ស្ថាប័ន​នេះ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា កន្លង​ទៅ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ទាមទារ​ឲ្យ​មន្ត្រី​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា ដែល​បាន​ប្ដឹង​មន្ត្រី ជ.គ.ប ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សុំទោស​ជា​សាធារណៈ ដើម្បី​ស្ដារ​កិត្តិយស​បុគ្គល និង​ស្ថាប័ន គ.ជ.ប។



អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា គ.ជ.ប បាន​ទទួល​រួច​ហើយ​នូវ​លិខិត​សុំទោស​របស់​លោក រស់ សារ៉ុម។ ប៉ុន្តែ​លោក​ថា ការ​ចាប់​ផ្ដើម​ដំបូង​ដោយ​ការ​ប្ដឹង​មន្ត្រី​ជាន់ខ្ពស់ គ.ជ.ប មិន​មែន​ជា​ការ​រិះគន់​ស្ថាបនា​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ថាប័ន និង​ប៉ះពាល់​ដល់​បុគ្គល ៤​រូប​ដែល​កំពុង​បំពេញ​តួនាទី​ក្នុង​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ ដែល​លោក រស់ សារ៉ុម បាន​រំលេច​ឡើង។ ដូច្នេះ​បញ្ហា​នេះ​គួរ​តែ​ត្រូវ​បាន​ធ្វើការ​សុំទោស​ជា​សាធារណៈ។

លោក ហង្ស ពុទ្ធា៖ «ការ​ប្ដឹង​គឺ​ធ្វើ​ជា​សាធារណៈ​ហើយ​រំលេច​ចំៗ​ឈ្មោះ​បុគ្គល​បន្ថែម​ទៀត​ផង អ៊ីចឹង​ការ​សុំទោស​គួរ​តែ​ធ្វើ​ជា​សាធារណៈ​តាម​បែប​អ្វី​ដែល​បាន​ធ្វើ​កន្លង​មក ដូចជា​ការ​ធ្វើ​សន្និសីទ​កាសែត​ដើម្បី​ជួយ​លាង​ឲ្យ​បាន​ស្អាត​នូវ​អ្វី​ដែល​ជា​ការ​ចោទ​ប្រកាន់ អ្វី​ដែល​ជា​សេចក្ដី​ថ្លៃថ្នូរ កិត្តិយស ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​ឯករាជ្យ​មួយ ហើយ​និង​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​បុគ្គល ៤​រូប​ដែល​គាត់​បាន​រំលេច​ថា ជា​ជន​ពុករលួយ ហើយ​ស្ថាប័ន​ជា​ស្ថាប័ន គ.ជ.ប ទំនើង​ពាក្យ​នេះ​គឺ​អត់​គប្បី​ទេ»។

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​សរសេរ​ថា លោក​សំដែង​ការ​សោកស្ដាយ​ចំពោះ​កំហុស និង​ការ​ភាន់​ច្រឡំ អំពី​នីតិវិធី​ការ​ធ្វើ​សមាហរណកម្ម​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន គ.ជ.ប នា​ខែ​មករា ឆ្នាំ​២០១៦ កន្លង​ទៅ។ លិខិត​ដដែល​បញ្ជាក់​ទៀត​ថា លោក​មាន​ការ​សោកស្ដាយ​ឥត​ឧបមា​ដែល​បាន​ប្ដឹង​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក និង​សហការី​មួយ​ចំនួន​ទៀត​ថា កត្តា​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ប្រធាន និង​សហការី គ.ជ.ប ពិសេស​ស្ថាប័ន​រដ្ឋធម្មនុញ្ញ គ.ជ.ប នេះ​តែ​ម្ដង។

ឆ្លើយ​តប​បញ្ហា​នេះ លោក រស់ សារ៉ុម អះអាង​ដោយ​ខ្លី​ថា លោក​នឹង​ធ្វើ​សន្និសីទ​កាសែត​បកស្រាយ​រឿង​នេះ​ជា​សាធារណៈ​អំពី​មូលហេតុ​ដែល​លោក​សុំទោស​ស្ថាប័ន​នេះ។ លោក​ថា ការ​សុំទោស​នេះ​គឺ​ជា​សីលធម៌​មួយ ប៉ុន្តែ គ.ជ.ប នៅ​តែ​មាន​សិទ្ធិ​ប្ដឹង​លោក​បាន​ដដែល៖ «ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​ធ្វើ​លិខិត​សុំទោស​នេះ ផ្ដោត​ទៅ​លើ​ការ​បកស្រាយ​ដែល​ខ្ញុំ​អាច​ទទួល​យក​បាន ខ្ញុំ​បាន​ជួប​ផ្ទាល់​ជាមួយ​ប្រធាន​គ.ជ.ប លោក ស៊ិក ប៊ុនហុក គាត់​បាន​ពន្យល់​អំពី​នីតិវិធី​នៅ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​នៅ​ពេល​បង្ហាញ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​យើង​និយាយ​ថា ពាក្យ​ឆន្ទានុសិទ្ធិ​មួយ​ម៉ាត់​គឺ​វា​គ្រប់គ្រាន់។ គ្រាន់​តែ​ខ្ញុំ​មាន​ជា​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​វា​គ្រាន់​តែ​ប្លែក មន្ត្រី​តូចតាច​ធម្មតា​ហើយ​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​វា​យ៉ាង​ម៉េច​អ៊ីចឹង? ហើយ​អ្នក​ខ្លះ​មិន​ធ្វើការ​នៅ​ហ្នឹង​ផង បែរ​ជា​តែងតាំង។ ប៉ុន្តែ​ក្រោយ​ពី​ធ្វើ​ការ​បកស្រាយ​មក​ខាង​សមាគម​ទទួល​យក​បាន»។

កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ប្ដឹង​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក អនុ​ប្រធាន​លោក គួយ ប៊ុនរឿន អ្នក​នាំ​ពាក្យ ហង្ស ពុទ្ធា និង​អគ្គលេខាធិការ​រង លោក ម៉ៅ សុភារិទ្ធ ពី​បទ​សង្ស័យ​ថា បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ការ​តែងតាំង និង​ការ​ធ្វើ​សមាហរណកម្ម​មន្ត្រី​រាជការ ក្នុង​ស្ថាប័ន គ.ជ.ប។ មន្ត្រី​សមាគម​នេះ​បាន​អះអាង​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ ផ្អែក​លើ​របាយការណ៍​ស៊ើបអង្កេត មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់ ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ចន្ទ ទី​៦ មិថុនា បាន​កោះ​ហៅ​លោក​ឲ្យ​ចូល​បំភ្លឺ។ ​លោក ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចាត់​ទុក​ថា បើ​បទ​ចោទ​ដោយ​គ្រាន់​តែ​សំអាង​ថា ការ​តែងតាំង​មាន​ជាប់​ខ្សែស្រឡាយ​បក្ខពួក ឬ​សង្ស័យ​ការ​ជួបជុំ​របស់​មន្ត្រី គ.ជ.ប នោះ គឺ​វា​ពុំ​មែន​ជា​ដែន​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​ដំណើរការ​ឡើយ។ លោក​បដិសេធ​មិន​ដំណើរការ​នីតិវិធី​ដោយ​សំអាង​ថា រក​ពុំ​ឃើញ​ធាតុផ្សំ​នៃ​បទល្មើស​ដែល​ចាត់​ចូល​ក្នុង​ទម្រង់​នៃ​អំពើ​ពុករលួយ​ឡើយ៕

No comments: