A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday 14 June 2016
លោក ហ៊ុន សែន ព្រមានគណបក្សសង្គ្រោះជាតិមិនឲ្យធ្វើបាតុកម្ម
ដោយ យ៉ង ចាន់តារា
2016-06-13
អាជ្ញាធរដាក់កម្លាំងរារាំងមិនឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ហែញត្តិទៅព្រះបរមរាជវាំង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
Photo: RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានគណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើបាតុកម្ម ដោយប្រកាសថា បើសិនជាមានបាតុកម្មណាមួយកើតឡើងមែន លោកនឹងមិនអត់ឱនឲ្យជាដាច់ខាត។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅសាលកោះពេជ្រ ព្រឹកថ្ងៃទី១៣ មិថុនា។
លោក ហ៊ុន សែន ប្រកាសជាថ្មីម្តងទៀតថា បើសិនជាមានបាតុកម្មកើតឡើងមែន លោកនឹងចាត់វិធានការចំពោះសកម្មភាពនោះ៖ «រឿងខ្លះរឿងតូចរឿងបុគ្គល យកបក្សទៅការពារ យកបក្សទៅការពារទង្វើខុសរបស់បុគ្គល ហើយសូមកុំគំរាមអាពាក្យបាតុកម្ម កុំគំរាម។ ផ្ដាំទៅអ្នកឯង កុំគំរាម មិនអត់ឱនឲ្យទេប្រាប់ឲ្យហើយ»។
ថ្លែងនៅមុខនិស្សិតរាប់ពាន់នាក់ លោក ហ៊ុន សែន បញ្ចេញសារនយោបាយដោយកំហឹងថា វាមិនអាចនោះទេដែលគណបក្សប្រជាជនកម្ពុជា របស់លោក ត្រូវទៅរណបគណបក្សសង្គ្រោះជាតិ ក្នុងការលើកយកបញ្ហានយោបាយដែលលោកហៅថាជារឿងបុគ្គល យកមកដោះស្រាយ៖ «គណបក្សប្រជាជន មិនធ្វើជាអាយ៉ង និងមិនធ្វើជាឈ្នាន់ឲ្យអ្នកណាមួយប្រើប្រាស់ក្បាលដើម្បីដោះស្រាយបញ្ហាផ្ទាល់របស់ពួកអ្នកធ្វើកំហុសនោះទេ»។
លើសពីនេះទៅទៀត លោក ហ៊ុន សែន ក៏បានប្រកាសទទួលស្គាល់ដែរថា ការដឹកនាំរបស់លោកសព្វថ្ងៃជាការដឹកនាំបែបអំណាចប្រមូលផ្តុំ ដែលអ្វីៗស្ថិតក្រោមការគ្រប់គ្រងរបស់លោក ហើយលោកថា បើសិនជាលោកមិនខ្លាំងនោះទេ អស្ថិរភាពសង្គមនឹងកើតមាន៖ «និយាយឲ្យច្បាស់ ព្រឹកមិញមានម្នាក់គេថា អំណាចវានៅលើមនុស្សម្នាក់។ វានៅលើមនុស្សម្នាក់ហ្នឹងមែន ផ្ដាំទៅលោកឯង។ បើម្នាក់ហ្នឹងត្រួតត្រាកងទ័ពមិនបាន ត្រួតត្រានគរបាលមិនបាន ត្រួតត្រាបក្សមិនបាន ត្រួតត្រាអ្វីៗមិនបាន។ អ៊ីចឹងបានសេចក្តីថា ទុកឲ្យអនាធិបតេយ្យ»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានច្រានចោលការលើកឡើងដែលថា គណបក្សសង្គ្រោះជាតិ មានគម្រោងធ្វើបាតុកម្មណាមួយប្រឆាំងរដ្ឋាភិបាល។ លោកថា ការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិ កន្លងមក គឺដើម្បីឲ្យពលរដ្ឋតាមដានស្ថានការណ៍នយោបាយទាំងអស់គ្នា៖ «គណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យបងប្អូនជនរួមជាតិដែលស្រឡាញ់សេរីភាព យុត្តិធម៌ ចង់ឲ្យព្រះរាជាណាចក្រកម្ពុជា ជាប្រទេសប្រកាន់យកនូវនីតិរដ្ឋពិតប្រាកដមកកាន់ទីស្នាក់ការកណ្ដាលនេះ ដើម្បីឃ្លាំមើលស្ថានការណ៍ទាក់ទងនឹងដំណើរការរបស់តុលាការ ដែលបានកោះហៅឯកឧត្តម កឹម សុខា»។
ជុំវិញជំហរដាច់ខាតរបស់អ្នកនយោបាយបែបនេះ អ្នកវិភាគលើកឡើងថា វានឹងរុញកម្ពុជា ឲ្យកាន់តែខិតទៅដល់ការប្រេះឆាជាតិធ្ងន់ធ្ងរ និងបង្កជាផលវិបាកច្រើនសម្រាប់ពលរដ្ឋ។
លោក សូ ចន្ថា អះអាងថា ផលវិបាកទាំងនោះរួមមាន ការបាត់បង់សាមគ្គីជាតិ ខាតបង់ផលប្រយោជន៍ការបរទេស និងការខាតបង់ប្រយោជន៍សេដ្ឋកិច្ច៖ «ទីមួយ គឺខាតបង់ជាតិ ខ្មែរយើងបែកបាក់គ្នា។ ជាការខាតបង់ធ្ងន់ធ្ងរទៀតទៅលើនយោបាយការបរទេស ពីព្រោះយើងឃើញហើយកន្លងមក យើងមិនសូវល្បីឈ្មោះល្អលើឆាកអន្តរជាតិប៉ុន្មានទេ។ ចំណុចទីបី យើងខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចធ្ងន់ធ្ងរណាស់ ពីព្រោះនៅពេលដែលអ្នកដឹកនាំខ្មែរមិនអាចជជែកគ្នា មិនអាចនិយាយគ្នាបានដើម្បីបង្រួបបង្រួមជាតិផង តើឲ្យបរទេសណា ឬអ្នកវិនិយោគណាដែលហ៊ានបោះទុនកញ្ចប់លុយរាប់ពាន់លានដុល្លារមករកស៊ីនៅកម្ពុជា»។
ស្ថានការណ៍នយោបាយនៅកម្ពុជា ត្រូវបានអ្នកវិភាគចាត់ទុកថា ដើរមកដល់ចំណុចមួយគួរឲ្យព្រួយបារម្ភ។
តាមរយៈការចាប់ខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្ស សកម្មជនបរិស្ថាន មន្ត្រី គ.ជ.ប ព្រមទាំងតំណាងរាស្ត្រ និងសកម្មជនគណបក្សប្រឆាំង ព្រមទាំងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា រាជរដ្ឋាភិបាលកម្ពុជា បានរងនូវការថ្កោលទោស និងការរិះគន់ជាបន្តបន្ទាប់ ថាមិនបានគោរពគោលការណ៍សិទ្ធិមនុស្ស និងរំលោភបំពានច្បាប់ជាតិ និងអន្តរជាតិ។
អង្គការជាតិ និងអន្តរជាតិជាច្រើន ពិសេសអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប បានបង្ហាញក្តីព្រួយបារម្ភ និងអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យធានានូវការគោរពសិទ្ធិមនុស្សពេញលេញ ដែលរួមបញ្ចូលទាំងសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសមាគម និងសេរីភាពនៃការប្រមូលផ្តុំ ជាពិសេសពួកគេទទូចឲ្យគណបក្សជាប់ឆ្នោតទាំងពីរបន្តវប្បធម៌សន្ទនាតទៅទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment