A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 June 2016

គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​មក​ប្រមូល​ផ្ដុំ​នៅ​ទីស្នាក់ការ​កណ្ដាល​នៅ​ថ្ងៃ​ទី​១៤​មិថុនា


ដោយ ឡេង ម៉ាលី
2016-06-13

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ២០១៦ ៨៥៥
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្ដាប់​មន្ត្រី​បក្ស​ថ្លែង​សារ​នា​ទីស្នាក់ការ​របស់​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Leng Maly
 RFA/Leng Maly



គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​មក​ប្រមូល​ផ្ដុំ​គ្នា​ឲ្យ​បាន​ច្រើន​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៤ មិថុនា ដើម្បី​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​តានតឹង ជាពិសេស​ស្ថានការណ៍​ទាក់ទង​នឹង​ការ​កោះ​ហៅ​លោក កឹម សុខា ទៅ​តុលាការ។

ការ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​មក​ប្រមូល​ផ្ដុំ​គ្នា​ឲ្យ​បាន​ច្រើន​នេះ ធ្វើ​ឡើង​ដោយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល ពេល​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ មិថុនា៖ «ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​សកម្មជន អញ្ជើញ​មក​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឃ្លាំ​មើល មិន​មែន​ធ្វើ​បដិវត្តន៍​ទេ សុំ​បញ្ជាក់​ថា មក​ឃ្លាំ​មើល​ស្ថានការណ៍​ថ្ងៃ​ទី​១៤ ជា​ថ្ងៃ​ដែល​មាន​ដីកា​កោះ​អញ្ជើញ​ឯកឧត្ដម​ប្រធាន​ស្ដីទី​ទៅ​តុលាការ។ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បើក​ចំហ​ការ​ចរចា​ជានិច្ច»។

លោក​ប្រាប់​ទៅ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្ដាល នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ដដែល​នេះ​ថា គណៈ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​នឹង​មិន​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​ទៅ​បំភ្លឺ​តុលាការ​តាម​ការ​កោះ​ហៅ​របស់​ចៅក្រម​ស៊ើបសួរ​ទេ នៅ​ព្រឹក​ថ្ងៃ​អង្គការ ទី​១៤ មិថុនា នោះ។ ការ​រក្សា​ជំហរ​របស់​លោក កឹម សុខា បែប​នេះ គឺ​ជា​លើក​ទី​៣ ហើយ បន្ទាប់​ពី​លើក​ទី​មួយ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា និង​លើក​ទី​ពីរ​នៅ​ថ្ងៃ​ទី​២៦ ឧសភា លោក​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ជា​សាក្សី​ក្នុង​រឿង​សញ្ចារកម្ម។



ដោយសារ​តែ​លោក​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ជា​សាក្សី​នេះ​ហើយ ទើប​នៅ​ថ្ងៃ​ទី​២ មិថុនា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​ចៅក្រម ថាន់ ឡេង ចេញ​ដីកា​បង្គាប់​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​ទៅ​ឆ្លើយ​ពី​ដំណើរ​រឿង​ដែល​លោក​បដិសេធ​នោះ។

មន្ត្រី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​ចាត់​ទុក​ចំណាត់​ការ​តាម​ប្រព័ន្ធ​តុលាការ​កោះ​ហៅ​លោក កឹម សុខា ថា​ខុស​នឹង​រដ្ឋធម្មនុញ្ញ ព្រោះ​លោក កឹម សុខា មាន​អភ័យ​ឯកសិទ្ធិ​សភា។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ថ្លែង​ក្នុង​ឃ្លីប​វីដេអូ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១១ មិថុនា ថា លោក កឹម សុខា ប្រឈម​ចំពោះ​មុខ​ច្បាប់​ត្រង់​មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ ដោយ​ធាតុ​ផ្សំ ៣ គឺ​ទី​មួយ លោក កឹម សុខា បាន​ដឹង​អំពី​ការ​កោះ​ហៅ។ ទី​ពីរ មិន​ចូល​ខ្លួន និង​ទី​បី ការ​សំអាង​ហេតុផល​ជា​អ្នក​តំណាង​រាស្ត្រ​ជា​ការ​មិន​សមស្រប។

លោក គឹម សន្តិភាព ថ្លែង​ថា «ប្រសិន​បើ​គាត់​កំពុង​ជាប់​ប្រជុំ​ពេញ​នៃ​រដ្ឋសភា ក្នុង​ថ្ងៃ​ដែល​អយ្យការ​កោះ​ហៅ​នោះ ឬ​មួយ​ក៏​គាត់​ជាប់​បំពេញ​បេសកកម្ម​ដែល​រដ្ឋសភា បាន​តម្រូវ​ឲ្យ​គាត់​ចុះ​បំពេញ​បេសកកម្ម​នៅ​ទីកន្លែង​ណា​មួយ​ចំ​ថ្ងៃ​ដែល​ព្រះរាជអាជ្ញា​លោក​កោះ​នោះ គាត់​ត្រូវ​ជូន​ដំណឹង​អំពី​មូលហេតុ​នោះ ហើយ​មូលហេតុ​ហ្នឹង​ដែល​សមស្រប។ ភ្ជាប់​នឹង​ការ​ជូន​ដំណឹង​នេះ គាត់​ត្រូវ​តែ​ស្នើសុំ​លើក​ពេល​ចូល ដើម្បី​ឆ្លើយ​ទៅ​ថ្ងៃ​ណា​មួយ​កំណត់។ នេះ​ជា​ធាតុ​ផ្សំ​ទី​បី។ ប៉ុន្តែ​ដោយឡែក​យើង​ឃើញ​ហើយ គាត់​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​នៅ​ក្នុង​ការ​ផ្ដល់​មូលហេតុ​សមស្រប ហើយ​ក៏​មិន​បាន​ស្នើសុំ​លើក​ពេល​ក្នុង​ចូល​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​អយ្យការ​ដែរ។ ធាតុ​ផ្សំ​ទាំង​បី​នេះ​ហើយ ដែល​បង្កើត​បាន​ទៅ​ជា​បទល្មើស​ពាក់ព័ន្ធ​ទៅ​នឹង​មាត្រា​៥៣៨ គឺ​បទ​បដិសេធ​មិន​ចូល​ខ្លួន​នេះ»។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្វាយ​ញត្តិ​ទៅ​ព្រះមហាក្សត្រ​ម្ដង​ហើយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ដើម្បី​ឲ្យ​ជួយ​ក្នុង​ករណី​លោក កឹម សុខា និង​ឲ្យ​ដោះ​លែង​សកម្មជន​គណបក្ស សកម្មជន​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី គ.ជ.ប ដែល​កំពុង​ជាប់​ឃុំឃាំង។ នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ មិថុនា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រមូល​ញត្តិ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ទាំង ២៥​ខេត្ត-រាជធានី ជា​លើក​ទី​២ ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ហែ​ញត្តិ​ទៅ​ព្រះបរមរាជវាំង​នៅ​ឡើយ​ទេ៕

No comments: