A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 14 June 2016

អ្នក​ស្រាវជ្រាវ​យក​រូបភាព​ទីក្រុង​បុរាណ​កប់​ក្រោម​ដី​នៅ​ភ្នំ​គូលែន​ទៅ​បង្ហាញ​នៅ​ប្រទេស​អង់គ្លេស


ដោយ ហង្ស សាវយុត
2016-06-13

កំណាយ​លើ​ខ្នង​ភ្នំ​គូលែន ២០១២ ៨៥៥
អង្គការ​មូលនិធិ​បុរាណ​វិទ្យា និង​អភិវឌ្ឍន៍ (ADF) ធ្វើ​កំណាយ​នៅ​លើ​ខ្នង​ភ្នំ​គូលែន នា​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២។ RFA/Hang Savyuth
 RFA/Hang Savyuth



អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ ស៊ីដនី (Sydney) របស់​ប្រទេស​អូស្ត្រាលី (Australia) បាន​នាំ​យក​រូបភាព ព្រម​ទាំង​ភស្តុតាង​មួយ​ចំនួន​នៃ​ទីក្រុង​បុរាណ​កប់​ក្រោម​ដី​របស់​ខ្មែរ ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ទីក្រុង​ឡុងដ៍ (London) នៃ​ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​មិថុនា នេះ។

ទីក្រុង​បុរាណ​ក្នុង​ព្រៃ​នៅ​លើ​ខ្នង​ភ្នំ​គូលែន នា​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ដែល​បាត់បង់​ជាង ១​ពាន់​ឆ្នាំ​ទៅ​ហើយ​នោះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​បង្ហាញ​ថា វា​ធំ​ជាង​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​ទៅ​ទៀត។

អាជ្ញាធរ​រដ្ឋាភិបាល និង​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យា​របស់​កម្ពុជា បាន​បង្ហាញ​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ទីក្រុង​បុរាណ​ដែល​មាន​អាយុ​ជាង ១​ពាន់​ឆ្នាំ កប់​បាត់​នៅ​ក្នុង​ដី ប៉ុន្តែ​ត្រូវ​បាន​គេ​រក​ឃើញ ហើយ​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​កំពុង​ភ្ញាក់​ផ្អើល​នោះ។

មោទនភាព​នេះ បាន​កើត​ឡើង​នៅ​ស្រប​ពេល​ដែល​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ ស៊ីដនី នៃ​ប្រទេស​អូស្ត្រាលី បាន​នាំ​យក​រូបភាព និង​ផែនទី​មួយ​ចំនួន​របស់​ទីក្រុង​បុរាណ​មហិន្ទ្របព៌ត នៅ​លើ​ខ្នង​ភ្នំ​គូលែន ដែល​កប់​បាត់​ក្រោម​ដី​ជាង ១​ពាន់​ឆ្នាំ​មក​ហើយ ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ទីក្រុង​ឡុងដ៍ នៃ​ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា។



ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពី​ឆ្នាំ​២០១២ មក អាជ្ញាធរ​អប្សរា​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ ស៊ីដនី និង​សាលា​បារាំង​ចុង​បូព៌ា ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​តាម​ប្រព័ន្ធ​ឡៃដា (LiDA) ពី​លើ​អាកាស​ដើម្បី​ស្រាវជ្រាវ​រក​ទីតាំង​បុរាណ​នានា​នៅ​បរិវេណ​អង្គរ និង​ភ្នំ​គូលែន។ ក្នុង​ពេល​នោះ ប្រព័ន្ធ​ឡៃដា បាន​ស្កេន (Scan) រូបភាព​ញែក​ស្លឹក​ឈើ ហើយ​បាន​ប្រទះ​ឃើញ​ទីក្រុង​បុរាណ​ដែល​កប់​បាត់​ជាង ១​ពាន់​ឆ្នាំ​មក​ហើយ​នៅ​លើ​ខ្នង​ភ្នំ​គូលែន។ លោក ឡុង កុសល បញ្ជាក់​ថា ក្នុង​កិច្ច​សហប្រតិបត្តិការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ឡៃដា ជាមួយ​បរទេស​រក​ឃើញ​រាជធានី​បុរាណ​លើ​ខ្នង​ភ្នំ​គូលែន នោះ គឺ​អាជ្ញាធរ​អប្សរា​មាន​មោទនភាព​បំផុត៖ «យើង​មាន​មោទនភាព​ដោយសារ​យើង​បាន​រួម​ចំណែក​ក្នុង​ការ​បង្កើត​ចំណេះ​ដឹង​ថ្មីៗ ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​នៃ​អាណាចក្រ​បុរាណ ព្រម​ទាំង​ប្រវត្តិសាស្ត្រ​យើង»។

លោក​បណ្ឌិត ដេមៀន អ៊ីវេនស៍ (Damian Evans) អ្នក​ស្រាវជ្រាវ​អូស្ត្រាលី បាន​បញ្ជាក់​ថា ទីក្រុង​បុរាណ​ឈ្មោះ មហិន្ទ្របព៌ត នៅ​លើ​ភ្នំ​គូលែន នា​អំឡុង​សតវត្ស​ទី​៩ នៃ​គ្រិស្តសករាជ​នោះ គឺ​វា​មាន​ទំហំ​ប្រហែល ១.០០០​គីឡូ​ម៉ែត្រ​ក្រឡា។ វា​អាច​ជា​ទីក្រុង​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​ក្នុង​សម័យ​បុរាណ។

កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ អ្នក​ស្រាវជ្រាវ​របស់​មូលនិធិ​បុរាណ​វិទ្យា និង​អភិវឌ្ឍន៍ ដែល​ហៅ​កាត់​ថា អេ.ឌី.អែហ្វ (ADF) បាន​ធ្វើ​កំណាយ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ហើយ​បាន​ប្រទះ​ឃើញ​ទីតាំង​ព្រះបរមរាជវាំង​ដែល​ហ៊ុមព័ទ្ធ​ដោយ​ថ្ម​បាយ​ក្រៀម​ទំហំ ៥០០​ម៉ែត្រ​គុណ​នឹង​ទទឹង ៣០០​ម៉ែត្រ ព្រម​ទាំង​រក​ឃើញ​ស្រះ​ទឹក​បុរាណ​ដែល​នៅ​ជុំវិញ​ព្រះបរមរាជវាំង​នោះ​ផង។

អ្នក​គ្រប់គ្រង​មូលនិធិ​បុរាណ​វិទ្យា (ADF) លោក សឿន ពេជ្រ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ជីក​កំណាយ​រក​ឃើញ​ទីតាំង​ព្រះបរមរាជវាំង​បុរាណ​មក គឺ​អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ផ្លូវ​ជាតិ​ពី​ជើង​ទៅ​ត្បូង និង​ពី​លិច​ទៅ​កើត មក​ខ្វែង​ជួប​គ្នា​នៅ​មុខ​ព្រះបរមរាជវាំង​ដែរ។ លោក សឿន ពេជ្រ បញ្ជាក់​ថា នៅ​លើ​ខ្នង​ភ្នំ​គូលែន ក្រៅ​តែ​ពី​ការ​រក​ឃើញ​រាជធានី​បុរាណ និង​ប្រាសាទ​ជាច្រើន គឺ​នៅ​ឆ្នាំ​២០១៥ កន្លង​ទៅ ប្រព័ន្ធ​ឡៃដា ក៏​បាន​ស្កេន​ឃើញ​ផ្លូវ​ហៃវេយ៍ (Highway) បុរាណ​ថែម​ទៀត៖ «យើង​ឃើញ​ព្រះរាជវាំង​នៅ​ឆ្នាំ​២០១២។ ដល់​ក្រោយ​មក យើង​សម្រេច​ចិត្ត​ធ្វើ​ឡៃដា ទៅ​យើង​រក​ឃើញ​ផ្លូវ​ហៃវេយ៍​បុរាណ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ដែល​មាន​ទទឹង​រហូត​ដល់ ៨០​ម៉ែត្រ​ថែម​ទៀត»។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ កិច្ច​សហការ​ជាមួយ​សាកលវិទ្យាល័យ ស៊ីដនី និង​សាលា​បារាំង​ចុង​បូព៌ា ដើម្បី​ស្រាវជ្រាវ​បុរាណ​វិទ្យា​ពី​លើ​អាកាស​នោះ គឺ​បាន​គ្រប​ដណ្ដប់​ទៅ​លើ​ផ្ទៃ​ដី​តែ ៣៧០​គីឡូ​ម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​បច្ចេកវិទ្យា​ស្រាវជ្រាវ​ឡៃដា មាន​ប្រសិទ្ធភាព​ខ្ពស់ គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ មក អាជ្ញាធរ​អប្សរា​បាន​ពង្រីក​តំបន់​ហោះហើរ​ស្រាវជ្រាវ​លើ​អាកាស​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​រហូត​ដល់ ១.៩១០​គីឡូ​ម៉ែត្រ​ក្រឡា៕

No comments: