A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 11 June 2016

ប្រវត្តិ​ស្ពាន​ឫស្សី​នៅ​ខេត្ត​កំពង់ចាម


ដោយ​ សូត សុខប្រាថ្នា
2016-06-11


ស្ពាន​ឫស្សី កំពង់ចាម ៨៥៥ ២០១៦
ស្ពាន​ឫស្សី ពី​ក្រុង​កំពង់ចាម ទៅ​កាន់​ទឹក​ដី​ក្បាល​កោះ​ប៉ែន ក្នុង​ខេត្ត​កំពង់ចាម។
 RFA/Saut Sokprathna



ស្ពាន​ឫស្សី ឬ​ស្ពាន​ប្រដឹស នៅ​ខេត្ត​កំពង់ចាម ដែល​ធ្វើ​សម្រាប់​ឆ្លងកាត់​ទន្លេ​មេគង្គ ពី​ក្រុង​កំពង់ចាម ទៅ​កាន់​ទឹក​ដី​កោះ​មួយ​ចំនួន​រួមមាន​កោះ​ប៉ែន កោះ​មិត្ត កោះ​ព្រលូង កោះសូទិន ជាដើម។ ស្ពាន​មួយ​នេះ បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ដី​កោះ និង​ដី​គោក អាច​ឆ្លង​កាត់​ទៅ​វិញ​ទៅ​មក ម្យ៉ាង​ប្រយោជន៍​មួយ​ផ្នែក​ទៀត គឺ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ទៀត​ផង។

តើ​ស្ពាន​ឫស្សី ឬ​ស្ពាន​ប្រដឹស​នេះ មាន​ប្រវត្តិ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

ស្ពាន​ឫស្សី ដែល​មើល​ទៅ​មាន​ប្រវែង​ដាច់​កន្ទុយ​ភ្នែក សម្រាប់​ផ្សារភ្ជាប់​រវាង​ប្រជាពលរដ្ឋ​ដីគោក និង​ពលរដ្ឋ​រស់​នៅ​ដី​កោះ ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម។

ស្ពាន​នេះ មាន​ប្រវែង​ជិត ១​ពាន់​ម៉ែត្រ កសាង​ឡើង​សម្រាប់​ឆ្លង​កាត់​នៅ​រដូវប្រាំង ហើយ​រដូវវស្សា​ត្រូវ​ជំនួស​ដោយ​ទូកដ ឬ​សាឡាង។ ស្ពាន​ឫស្សី មិន​ត្រឹមតែ​សម្រាប់​ភ្ជាប់​ពី​ក្រុង​កំពង់ចាម ទៅកាន់​កោះ​ប៉ែន ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​រស់​នៅ​ទឹកដី​ស្រុក​កំពង់សៀម និង​ស្រុក​កោះសូទិន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជួយ​ដល់​អ្នក​ទេសចរ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទន្លេ​មេគង្គ​នៅ​រដូវ​ប្រាំង ទៅ​លេង​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ទៀត​ផង។

ម្ចាស់​កំពង់ចម្លង​កោះ​ប៉ែន លោក យ៉ុង អូន មាន​ប្រសាសន៍​ថា ស្ពាន​ឫស្សី​នេះ ត្រូវ​បាន​អ្នក​ស្រុក​បង្កើត​ឡើង​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​មក។ លោក​បន្ត​ថា មូលហេតុ​នាំ​ឱ្យ​ខ្មែរ​ជំនាន់​នោះ​បង្កើត​ឡើង ព្រោះ​ទីតាំង​ឆ្លង​កាត់​ពី​ក្រុង​កំពង់ចាម ទៅ​កាន់​ដី​កោះ គឺ​អាច​ឆ្លង​ទូក​បានតែ​នៅ​រដូវវស្សា​ប៉ុណ្ណោះ រី​ឯ​រដូវ​ប្រាំង មាន​ខ្សាច់​ដុះ​កាន់​តែ​ច្រើន ធ្វើ​ឱ្យ​ទូក​មិន​អាច​បើក​ឆ្លង​កាត់​បាន។



លោក​បន្ត​ថា មូលហេតុ​នេះ​ហើយ​ដែល​នាំ​ឱ្យ​ខ្មែរ​ជំនាន់​នោះ​បង្កើត​ជា​គំនិត​ច្នៃប្រឌិត ដោយ​ប្រើ​ឫស្សី​ធ្វើ​ជា​ស្ពាន​បែប​នេះ​ឡើង៖ «នៅ​ឆ្នាំ​១៩៦០ ប្លាយ​ហ្នឹង វា​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ដោយសារ​ប្រដឹស​នេះ វា​ធ្វើ​ជំនួស​ទូក​ដ ព្រោះ​ថា ទឹក​ស្រក​ទៅ​វា​ចម្លង​ទូក​អត់​កើត»។

លោក​បន្ថែម​ទៀត​ថា ស្ពាន​ឫស្សី ឬ​ស្ពាន​ប្រដឹស មិន​មាន​វត្តមាន​ឡើយ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម ឬ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ ហើយ​ស្ពាន​នេះ ចាប់​មាន​កំណើត​ឡើង​វិញ​នៅ​ក្រោយ​របប​នេះ​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩។

​ស្ពាន​ឫស្សី មាន​ប្រវែង​ប្រមាណ ៨០០ ទៅ ៩០០​ម៉ែត្រ។ ស្ពាន​នេះ ធ្វើ​ឡើង​អំពី​ឫស្សីក្រង ឬ​ត្បាញ​ភ្ជាប់​គ្នា ព្រមទាំង​មាន​ជន្ទល់ ឬ​ជើង​ស្ពាន​យ៉ាង​ញឹកស្អេក​ប្រៀប​ដូច​ជើង​សត្វ​ក្អែប ហើយ​ចង​ភ្ជាប់​គ្នា​ដោយ​ខ្សែលួស។ ស្ពាន​ប្រដឹស ត្រូវ​ចំណាយ​ឫស្សី​ប្រមាណ ៤​ម៉ឺន​ដើម ហើយ​ឫស្សី​ទាំង​នោះ​ជា​រៀងរាល់​ឆ្នាំ​ម្ចាស់​កំពង់​ចម្លង​ត្រូវ​ទិញ​ឫស្សីព្រៃ ពី​ខេត្ត​ក្រចេះ។ តាម​បណ្ដោយ​ស្ពាន​នៅ​ពេល​យប់ មាន​ដាក់​ជា​អំពូល​ភ្លើង​មួយៗ ដើម្បី​បំភ្លឺ​ដល់​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ។

លោក យ៉ុង អូន បញ្ជាក់​ថា នៅ​ពេល​រដូវវស្សា​ចូល​មក​ដល់ ស្ពាន​ឫស្សី​នេះ ត្រូវ​បាន​លោក​រុះរើ​ទុក​សម្រាប់​ប្រើប្រាស់​ឆ្នាំ​ក្រោយ​ទៀត ប៉ុន្តែ​លោក​ត្រូវ​ទិញ​ឫស្សី​ថ្មី​ចំនួន ៣​ម៉ឺន​ដើម​បន្ថែម​ជា​រៀងរាល់​ឆ្នាំ។ លោក​ថា ស្ពាន​នេះ​ចាប់​ផ្ដើម​កសាង​នៅ​ខែ​វិច្ឆិកា និង​ខែ​​ធ្នូ ហើយ​ដាក់​ប្រើប្រាស់​នៅ​ខែ​មករា រហូត​ដល់​ខែ​មិថុនា ទើប​ត្រូវ​រុះរើ​ចេញ​វិញ ព្រោះ​ជា​រដូវ​ទឹក​ឡើង ហើយ​ត្រូវ​ជំនួស​ដោយ​ទូកដ​ដឹក​អ្នក​ដំណើរ​ឆ្លង​កាត់​ទន្លេ​មេគង្គ​វិញ។

​លោក​ឱ្យ​ដឹង​ថា ទឹក​ប្រាក់​ចំណាយ​លើ​ការ​ទិញ​ឫស្សី និង​ការ​កសាង​ស្ពាន​ឡើង គឺ​ត្រូវ​ចំណាយ​អស់​ទឹក​ប្រាក់​ចំនួន ៦​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ លោក​បញ្ជាក់​អំពី​អត្ថប្រយោជន៍​ស្ពាន​ឫស្សី​ដូច្នេះ​ថា៖ «ឆ្លង​ទូក ខែ​ទូក​ឆ្លង​ទម្រាំ​បាន វា​យឺត ហើយ​វា​រតេតរតូត មាន​ការ​ធ្លាក់​ទឹក​ធ្លាក់​អ៊ីចឹង​ទៅ។ ចំណែក​ស្ពាន​ប្រដឹស​នេះ ឆ្លង​ទៅ​ដោយ​រហ័ស ទាន់​ចិត្ត ហើយ​ចង់​ទៅ​ថ្មើរ​ណា​ទៅ​ថ្មើរ​ហ្នឹង»។

ចំពោះ​តម្លៃ​ឆ្លង​កាត់​ស្ពាន​មួយ​លើក​សម្រាប់​មនុស្ស​ម្នាក់ ៤០០​រៀល កង់ ១​គ្រឿង ២០០​រៀល ម៉ូតូ ១​គ្រឿង ៥០០​រៀល រទេះ​សេះ និង​សេះ ២.០០០​រៀល រថយន្ត​ធុន​មធ្យម ១​ម៉ឺន​រៀល រថយន្ត​ធុន​តូច​តម្លៃ ៦.០០០​រៀល។ ចំណែក​មន្ត្រី​រាជការ និង​សិស្ស​សាលា​មិន​យក​តម្លៃ​មនុស្ស​ឆ្លង​កាត់​ទេ ប៉ុន្តែ​ត្រូវ​បង់​ថ្លៃ​កង់ ឬ​ម៉ូតូ ក្នុង​ពេល​ធ្វើ​ដំណើរ​ម្តងៗ។

ទាក់ទង​ស្ពាន​ឫស្សី​នេះ​ដែរ គេហទំព័រ​បរទេស​មួយ​ឈ្មោះ ឌីស្ទីណេសិន ធិប (Destination Tips) ដែល​និយាយ​អំពី​ស្ពាន​ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​នៅ​លើ​ពិភពលោក​ទាំង ១៥ ក្នុង​នោះ ក៏​មាន​ស្ពាន​ឫស្សី​នៅ​ខេត្ត​កំពង់ចាម ផង​ដែរ ដោយ​ភ្ជាប់​ជាមួយ​រូបភាព។ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​យ៉ាង​ច្រើន​កុះករ អាច​ទំនង​ជា​រូបភាព​ពលរដ្ឋ​ឆ្លង​កាត់​នៅ​រដូវ​បុណ្យ​ឆ្នាំ​ខ្មែរ។

លោក យ៉ុង អូន បញ្ជាក់​ថា តាំង​ពី​ពេល​លោក​ទទួល​សិទ្ធិ​វិនិយោគ ព្រម​ទាំង​ជំនាន់​មុនៗ លោក​ទៅ​ទៀត​នោះ ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ស្ពាន​ឫស្សី គឺ​មិន​ធ្លាប់​មាន​អ្នក​គ្រោះថ្នាក់​ឡើយ ហើយ​ខាង​លោក​តែង​ដើរ​ពិនិត្យ​ស្ថានភាព​ស្ពាន​រហូត។

ម្ចាស់​អាជីវកម្ម​កំពង់ចម្លង​រូប​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ​កាល​ពី​ឆ្នាំ​២០០៤ ហើយ​នឹង​បញ្ចប់​អាណត្តិ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៩ ខាង​មុខ។ ស្ពាន​ប្រដឹស នឹង​មិន​សូវ​មាន​អ្នក​ឆ្លងកាត់​ដូច​មុន​ទៀត​ទេ បន្ទាប់​ពី​មាន​ស្ពានថ្ម​នៅ​ក្បែរ​នោះ​កសាង​រួច។

ជា​រៀងរាល់​ថ្ងៃ ប្រជាពលរដ្ឋ​រស់​នៅ​ដីគោក និង​ដី​កោះ តែង​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ឫស្សី ទៅ​មក រួម​មាន​សិស្ស​សាលា​មក​រៀន​នៅ​ក្រុង​កំពង់ចាម អ្នក​ភូមិ​ដឹក​កសិផល​កសិកម្ម​ដូចជា ថ្នាំជក់ ពោត ល្ង និង​ផ្លែឈើ​ហូប​ផ្លែ​មក​លក់​នៅ​ក្រុង​កំពង់ចាម ជាដើម។ ម្ចាស់​អាជីវកម្ម​កំពង់ចម្លង​ដដែល​អះអាង​ថា តម្លៃ​មាន​ក្នុង​តារាង​កំណត់​ច្បាស់លាស់ ដោយ​មិន​អាច​យក​លើស​បាន​ទេ ប៉ុន្តែ​ពលរដ្ឋ​ធ្វើ​ដំណើរ​ខ្លះ​លើក​ឡើង​ថា តម្លៃ​ជាក់ស្ដែង​អាច​ខុស​គ្នា ១០០ ឬ ២០០​រៀល​ដែរ។

ទោះបីជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះ​មិត្ត មួយ​រូប លោក ហង្ស ស៊ីផាត មាន​ប្រសាសន៍​ថា ពួកគាត់​រស់​នៅ​លើ​ដី​កោះ មិន​សោកស្ដាយ​ឡើយ​នៅ​ពេល​ស្ពាន​នេះ ត្រូវ​បាន​បាត់បង់ ពីព្រោះ​អ្នក​ភូមិ​ចង់បាន​ស្ពាន​ថ្ម ដើម្បី​ធ្វើ​ដំណើរ ពីព្រោះ​វា​ងាយស្រួល​ជាង​ឆ្លង​ស្ពាន​ឫស្សី និង​មាន​សុវត្ថិភាព​ជាង។

លោក​ថា បើ​នៅ​រដូវវស្សា​ផង ការ​ធ្វើ​ដំណើរ​កាន់តែ​ពិបាក​សម្រាប់​ពលរដ្ឋ​ឆ្លងកាត់​ទៅមក​ថែមទៀត៖ «អ្នក​ស្រុក​អ្នកភូមិ​ចង់​បាន​ស្ពានថ្ម ព្រោះ​វា​ងាយ ហើយ​វា​ធូរ​ថវិកា ហើយ​វា​បើ​បាន​ផលិត​នៅ​ក្នុង​ស្រុក​គេ មក​ទិញ​ដល់​កន្លែង»។

​ប្រភព​ដដែល​ចង់​ឱ្យ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ការ​កសាង​ស្ពានថ្ម ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​បង្ក​ភាព​ងាយស្រួល និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ។

តាម​គម្រោង​ស្ពានថ្ម ដែល​ភ្ជាប់​ពី​ក្រុង​កំពង់ចាម ទៅ​កាន់​កោះ​ប៉ែន ដែល​មាន​ប្រវែង​ជាង ១​ពាន់​ម៉ែត្រ នឹង​កសាង​បញ្ចប់​នៅ​ឆ្នាំ​២០១៧។ ស្ពាន​ថ្ម​ថ្មី​នោះ គឺ​មានឈ្មោះ​ថា ស្ពាន​កំពង់​ឆៃវ៉ាត។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម លោក ស៊ាន សុគុន មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ស្ពានថ្ម​ថ្មី​នឹង​ជំនួស​ការ​ធ្វើ​ដំណើរ​លើ​ស្ពាន​ឫស្សី​ក៏ដោយ ប៉ុន្តែ​គម្រោង​ស្ពាន​ឫស្សី​នឹង​ត្រូវ​កសាង​ឡើង​នៅ​រដូវ​ប្រាំង​ដដែល ពីព្រោះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ធ្វើ​ដំណើរ​ពី​ក្រុង​កំពង់ចាម ទៅ​កាន់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន។

ជាមួយ​គ្នា​នេះ អភិបាល​រង​ខេត្ត​និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ចាម លោក ជីម លាវ បញ្ជាក់​ថា អាជ្ញាធរ​នៅ​តែ​កសាង​ស្ពាន​ឫស្សី​នេះ​ដដែល ពីព្រោះ​វា​ជា​ស្ពាន​ប្រពៃណី ម្យ៉ាង​ជា​ស្ពាន​ប្រវត្តិសាស្ត្រ​ប្រចាំ​ខេត្ត​មួយ​នេះ​ផង។ លោក​បន្ត​ថា ស្ពាន​ឫស្សី បាន​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដី​កោះ និង​ពលរដ្ឋ​ដី​គោក មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ហើយ​ស្ពាន​នេះ​មិន​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ទេ ប៉ុន្តែ​ជា​ចំណែក​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផង៖ «គេ​ទៅ​លេង​សមុទ្រ​កំពង់សោម គេ​មក​ងូត​ទឹក​សាប​ទៀត ប៉ុន្តែ​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​នេះ គេ​ងូត​ទឹក​ហើយ មិន​បាច់​ងូតទឹក​សាប​ទៀត​ទេ ព្រោះ​ទឹក​ស្អាត​ល្អ​ណាស់»។

ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ប្រជាជន​ដី​កោះ អ្នក​នាំ​ពាក្យ​រូប​នេះ បញ្ជាក់​ថា ខាង​អាជ្ញាធរ​ខេត្ត​បាន​ជំរុញ​ឱ្យ​កង វិស្វកម្ម​ទាំង​នោះ ពន្លឿន​ការ​សាងសង់​ស្ពានថ្ម​ថ្មី ឱ្យ​បាន​ឆាប់​រហ័ស។ លោក​អះអាង​ថា តាម​គម្រោង​ស្ពានថ្ម​ថ្មី នឹង​អាច​ដាក់​សម្ពោធ​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ឆ្នាំ​២០១៧ ពីព្រោះ​បច្ចុប្បន្ន​ស្ពានថ្ម​នេះ កសាង​សម្រេច​បាន​ប្រមាណ ៧០​ភាគ​រយ​ហើយ៕

1 comment:

Anonymous said...



Koh Pen Island, air views from Cambodia

https://www.youtube.com/watch?list=PLqG55s8xD1KloBK9I7ZXPryJr28JboTKN&v=DSYOgxI7Xrc