A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 June 2016

សាលា​ឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ.ជ.ប


ដោយ ម៉ម មុនីរតន៍
2016-06-13

នី ចរិយា ២០១៦ ៨៥៥
អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា (រូប​កណ្ដាល) ពេល​បញ្ជូន​មក​ដល់​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Rann Samnang
 RFA/Rann Samnang



មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ចាត់​ទុក​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើសុំ​របស់​ក្រុម​មេធាវី​នោះ ថា​ជា​ការ​សម្រេច​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ បាន​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា។

អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា មូលហេតុ​ដែល​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក ឃុន លាងម៉េង បដិសេធ​បណ្ដឹង​សារទុក្ខ​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​នេះ បញ្ហា​ចម្បង​នោះ​គឺ​ដោយសារ​សំណុំ​រឿង​នេះ​មាន​ជាប់​ទាក់ទិន​រឿង​នយោបាយ។ ហេតុ​នេះ បើ​ទោះ​ជា​មាន​ភស្តុតាង​ដោះ​បន្ទុក ដែល​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់ ក៏​មិន​អាច​ទៅ​រួច​ដែរ។



ថ្លែង​ក្រោយ​បញ្ចប់​សវនាការ លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​ការិយាល័យ​ស៊ើប​អង្កេត​អង្គការ​លីកាដូ (LICADHO) ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ថា ប្រសិន​បើ​មិន​មាន​ការ​លូក​ដៃ​ផ្នែក​នយោបាយ​ទេ នោះ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប អាច​មាន​សេរីភាព​ទៅ​តាម​ការ​ស្នើសុំ​បាន​ហើយ។ ម្យ៉ាង​វិញ​ទៀត ក្នុង​ស្ថានភាព​នយោបាយ​បន្ត​អាប់អួ​បែប​នេះ បើ​ទោះ​រក​ឃើញ​ថា​ពុំ​មាន​ធាតុ​ផ្សំ​នៃ​បទល្មើស ក៏​មិន​អាច​ទៅ​រួច​ដែរ ព្រោះ​វា​ជា​រឿង​នយោបាយ។ លោក​បន្ត​ថា «ខ្ញុំ​សង្ឃឹម​ថា​រឿង​នេះ​បើ​សិន​ជា​យើង​និយាយ​ពី​ផ្លូវ​ច្បាប់ គាត់​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ហើយ​ក្នុង​ការ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ។ ប៉ុន្តែ​អ្វី​ដែល​ពិបាក គឺ​ស្ថានភាព​នយោបាយ»។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ៤​រូប និង​លោក នី ចរិយា មន្ត្រី គ.ជ.ប ម្នាក់​ផង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​សូក និង​សមគំនិត​សូកប៉ាន់​សាក្សី​កាល​ពី​ខែ​ឧសភា។

ការ​ចំណាយ​ពេល​ជំនុំ​ជម្រះ​ប្រមាណ ៥​ម៉ោង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក ឃុន លាងម៉េង បាន​សម្រេច​តម្កល់​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ ទុក​ជា​បាន​ការ។ មូលហេតុ​នៃ​ការ​សម្រេច​បែប​នេះ ដោយសារ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​យល់​ឃើញ​ថា ខ្លាច​ប៉ះពាល់​ដល់​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​តុលាការ និង​ខ្លាច​ជន​ជាប់​ចោទ​ទាំង​នោះ មិន​សហការ​ជាមួយ​តុលាការ ជាពិសេស​ព្រួយ​បារម្ភ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ជន​ជាប់​ចោទ ជាដើម។

មេធាវី​ការពារ​ក្ដី​លោក សំ សុគង់ ថ្លែង​ថា ការ​សម្រេច​បែប​នេះ​របស់​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ ហាក់​មិន​ទំនង​ទាល់​តែ​សោះ ដោយ​ហេតុ​ថា កូន​ក្ដី​របស់​ខ្លួន​បង្ហាញ​ឆន្ទៈ​រួច​ហើយ​ក្នុង​កិច្ច​សហការ​ជានិច្ច ទាំង​ជាមួយ​សមត្ថកិច្ច និង​តុលាការ។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​រហូត​ហ៊ាន​សម្រេច​តម្កល់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ថែម​ទៀត​ផង។ លោក​បន្ត​ថា បើ​ផ្អែក​លើ​សំណុំ​រឿង​នេះ កូន​ក្ដី​របស់​លោក​អាច​មាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​ដូច​ការ​ស្នើសុំ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​បើ​យើង​និយាយ​ពី​ការ​សម្រេច​របស់​តុលាការ​សាលា​ឧទ្ធរណ៍​នេះ យើង​ឃើញ​ថា​មិន​ទាន់​មាន​លក្ខណៈ​មួយ​ត្រឹមត្រូវ​នៅ​ឡើយ​ទេ ដោយសារ​យើង​បង្ហាញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ហើយ តុលាការ​មិន​បាន​ពិចារណា​អំពី​អ្វី​ដែល​យើង​បាន​លើក​ឡើង ហើយ​និង​ផ្លូវ​ច្បាប់​ទៅ​តុលាការ»។

ស្ថិត​នៅ​ផ្នែក​ខាង​មុខ​សាលា​ឧទ្ធរណ៍​វិញ គេ​សង្កេត​ឃើញ​មាន​ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន បាន​ដាក់​បដា និង​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក និង​លោក នី ចរិយា។ ដំណាល​គ្នា​នៃ​សវនាការ​កំពុង​ដំណើរ​ការ មាន​ស្ត្រី​ម្នាក់​ជា​សកម្មជន​តស៊ូ​មតិ​ក្នុង​រឿង​ដីធ្លី​នៅ​បុរីកីឡា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោម​ហេតុផល​ចោទ​ប្រកាន់​ថា ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។

នៅ​ពេល​បញ្ជូន​ចេញ​ពី​បន្ទប់​សវនាការ​ត្រឡប់​ទៅ​កាន់​ពន្ធនាគារ​វិញ ទាំង​លោក នី ចរិយា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា សុទ្ធតែ​បាន​អះអាង​ថា ប្រសិន​បើ​តុលាការ​មាន​ភាព​ឯករាជ្យ ប្រហែល​ជា​ពួក​គេ​អាច​បាន​នៅ​ក្រៅ​ឃុំ។ បន្ថែម​ពី​លើ​នេះ ក្នុង​ពេល​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នេះ​ត្រូវ​គេ​បញ្ជូន​ចូល​រថយន្ត​វិញ បាន​ស្រែក​ចេញ​ពី​ចម្រឹង​បង្អួច​រថយន្ត​ថា យុទ្ធនាការ​ដែល​ពលរដ្ឋ​តែង​រៀបចំ​នៅ​រាល់​ថ្ងៃ​ច័ន្ទ គឺ​ជា​យុទ្ធនាការ​ដែល​ត្រឹមត្រូវ។ លោក​បន្ត​ថា «យើង​គិត​ថា​ការ​ឃុំ​ខ្លួន​ដល់​យើង​ខ្ញុំ​ជា​សង្គម​ស៊ីវិល វា​មិន​គួរ​ជា​ប្រទេស​មួយ​ដែល​មាន​នីតិរដ្ឋ​ទេ។ ខ្ញុំ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ដល់​ពួក​យើង​ខ្ញុំ។ អរគុណ​អ្នក​ទាំងអស់​គ្នា។ ខ្ញុំ​គាំទ្រ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»។

ក្រោយ​បិទ​បញ្ចប់​សវនាការ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។ ដោយឡែក​លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​វិញ ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ)។ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​ទាំង​នេះ​បញ្ជាក់​ជំហរ​ថា ខ្លួន​នឹង​រៀបចំ​បណ្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​ប្រឆាំង​សេចក្ដី​សម្រេច​នៅ​ពេល​នេះ៕

No comments: