A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 14 June 2016

ខ្មែរ​កម្ពុជា​ក្រោម​នៅ​ខេត្ត​សៀមរាប​ចោទ​មន្ត្រី​ប៉ូលិស​ថា​មិន​ព្រម​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ឲ្យ​ពួក​គាត់


ដោយ ហង្ស សាវយុត
2016-06-13

អម សារ៉ែម ខ្មែរ​ក្រោម សៀមរាប ២០១៦ ៨៥៥
បុរស​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀមរាប លោក អម សារ៉ែម ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Hang Savyuth
 RFA/Hang Savyuth



ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា​ក្រោម ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ពួក​គេ​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​បាន​ទេ។ ការ​ព្រួយ​បារម្ភ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លះ​នៅ​ខេត្ត​សៀមរាប ដែល​ធ្លាប់​មាន​អត្តសញ្ញាណប័ណ្ណ​ពី​មុន​មក​ហើយ​ក្ដី ក៏​នៅ​ពេល​ដែល​អត្តសញ្ញាណប័ណ្ណ​ចាស់​ផុត​កំណត់​ត្រូវ​យក​ទៅ​ប្ដូរ​ថ្មី គឺ​ប៉ូលិស​ផ្នែក​អត្តសញ្ញាណប័ណ្ណ​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទៀត​ទេ។

តើ​បញ្ហា​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី?

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ​មក​ពី​ទីក្រុង​ភ្នំពេញ កំពុង​ស៊ើប​អង្កេត​នៅ​ខេត្ត​សៀមរាប ដើម្បី​ស្រង់​ស្ថិតិ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​នេះ​ឲ្យ​បាន​ច្បាស់ ថា​តើ​មាន​ចំនួន​ប៉ុន្មាន​នាក់​ពិត​ប្រាកដ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ពី​មុន ប៉ុន្តែ​នៅ​ពេល​ដែល​អត្តសញ្ញាណប័ណ្ណ​ហួស​សុពលភាព បែរ​ជា​សមត្ថកិច្ច​មិន​ព្រម​ធ្វើ​ថ្មី​ឲ្យ​ទៀត​នោះ។

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ទាំង​ពីរ​នោះ គឺ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ និង​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច។



ការ​ចុះ​ស៊ើប​អង្កេត បាន​ចាប់​ផ្ដើម​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លះ​រស់នៅ​ខេត្ត​សៀមរាប ចោទ​ប្រកាន់​មន្ត្រី​នគរបាល ថា​មិន​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ជូន​ពួក​គេ។

បុរស​ខ្មែរ​ក្រោម​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត​ដែល​កំពុង​រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប គឺ​លោក អម សារ៉ែម។ លោក​មាន​ប្រសាសន៍​ថា លោក​មាន​កំណើត​នៅ​ស្រុក​ស្ពានទទឹង ខេត្ត​ព្រះត្រពាំង ប៉ុន្តែ​លោក​បាន​នាំ​ប្រពន្ធ​មក​រស់នៅ​ស្រុក​ខ្មែរ​ឯ​ខេត្ត​បាត់ដំបង តាំង​ពី​ឆ្នាំ​១៩៨២ ដោយ​មាន​ស្រែ​ចម្ការ ផ្ទះ​សម្បែង ព្រម​ទាំង​សំបុត្រ​កំណើត សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ត្រឹមត្រូវ។ រស់នៅ​ខេត្ត​បាត់ដំបង ជាច្រើន​ឆ្នាំ លោក​ក៏​បាន​ដូរ​ទីលំនៅ​មក​ខេត្ត​សៀមរាប ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ប៉ុន្តែ​ថ្មីៗ​នេះ អត្តសញ្ញាណប័ណ្ណ​របស់​គាត់​បាន​ហួស​សុពលភាព ហើយ​គាត់​ក៏​ទៅ​ឲ្យ​ប៉ូលិស​ខេត្ត​សៀមរាប ធ្វើ​ថ្មី ស្រាប់​តែ​ប៉ូលិស​មិន​ព្រម​ធ្វើ​ឲ្យ​គ្រួសារ​របស់​គាត់​ទេ។

លោក អម សារ៉ែម បញ្ជាក់​ថា រូប​គាត់​បាន​ទៅ​សុំ​ប៉ូលិស​ជាច្រើន​ដង ក៏ប៉ុន្តែ​ប៉ូលិស​មិន​ត្រឹម​តែ​មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​គាត់ និង​ប្រពន្ធ​ប៉ុណ្ណោះ​ទេ គឺ​កូន​របស់​គាត់​ចំនួន ៤​នាក់ ដែល​កើត​នៅ​ស្រុក​ខ្មែរ​ក៏​មិន​ធ្វើ​ឲ្យ​ដែរ៖ «ខ្ញុំ​សោកស្ដាយ​មែន​ទែន ទឹក​ដី​យើង​គ្រាន់​តែ​បាត់បង់​ជាង ៦០​ឆ្នាំ​ប៉ុណ្ណោះ យើង​បំភ្លេច​ចោល។ ក្នុង​នាម​ខ្ញុំ​ខ្មែរ​កម្ពុជា​ក្រោម ម្នាក់​ដែល​រស់នៅ​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា ជាង ៣០​ឆ្នាំ ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជាតិ​ឯង​មិន​បាន»។

ដោយសារ​តែ​បញ្ហា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​មិន​បាន​នេះ ខ្មែរ​ក្រោម​ជាច្រើន​នាក់​ដែល​កំពុង​រស់នៅ​ខេត្ត​សៀមរាប ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ពួក​គេ​មិន​ទទួល​បាន​សិទ្ធិ​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​អត្តសញ្ញាណប័ណ្ណ លោក ភឹង ចិន្តារិទ្ធិ បាន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​កម្ពុជា​ក្រោម ថា​មូលហេតុ​ដែល​សមត្ថកិច្ច​ពង្រឹង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ខ្មែរ​ក្រោម​ខ្លះ​នោះ គឺ​ចង់​ឲ្យ​ពួក​គេ​បង្ហាញ​ឯកសារ​ឲ្យ​ច្បាស់លាស់ ថា​តើ​មាន​អ្វី​ដែល​សម្គាល់​ថា​ពិត​ជា​ខ្មែរ​កម្ពុជា​ក្រោម? លោក ភឹង ចិន្តារិទ្ធិ បញ្ជាក់​ថា សមត្ថកិច្ច​រដ្ឋាភិបាល​មិន​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ពលរដ្ឋ​កម្ពុជា​ក្រោម​ទេ ពីព្រោះ​ដូនតា​របស់​កម្ពុជា​ក្រោម បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ទៅ​ហើយ ក៏​មិន​បាន​លា​សញ្ជាតិ​ខ្មែរ​ទេ។ ប៉ុន្តែ​ពេល​នេះ បើ​ទោះ​បី​ជា​ខ្មែរ​ក្រោម​ខ្លះ​មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ហើយ​ក៏ដោយ ក៏​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ៖ «ទោះ​ជា​អ្នក​មាន​ហើយ​ក៏ដោយ ក៏​ត្រូវ​ផ្ទៀងផ្ទាត់​ឡើង​វិញ ព្រោះ​អត្តសញ្ញាណប័ណ្ណ​ពី​មុន​វា​មិន​កំណត់​ថា​អ្នក​ដែល​មាន​សញ្ជាតិ​ខ្មែរ ត្រូវ​តែ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះ​ទេ ប៉ុន្តែ​អត្តសញ្ញាណប័ណ្ណ​ឥឡូវ​នេះ បាន​ជា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ»។

ទោះ​ជា​យ៉ាង​ណា ក្រុម​ឥស្សរជន​ខ្មែរ​ក្រោម និង​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​រិះគន់​ប៉ូលិស​ខេត្ត​សៀមរាប ដែល​មិន​ព្រម​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ។

ប្រធាន​កម្មវិធី​សិទ្ធិ​មនុស្ស និង​ដីធ្លី​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​អភិវឌ្ឍន៍ លោក សឺន ជុំសុធន អះអាង​ថា បញ្ហា​ដែល​ប៉ូលិស​ខេត្ត​សៀមរាប មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ធ្លាប់​មាន​អត្តសញ្ញាណប័ណ្ណ​ម្ដង​មក​ហើយ ព្រម​ទាំង​មាន​សៀវភៅ​គ្រួសារ និង​សំបុត្រ​កំណើត​ច្បាស់លាស់​ទៀត​នោះ គឺ​ជា​ការ​រំលោក​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ មន្ត្រី​សមាគម​ខ្មែរ​ក្រោម​ដដែល​អះអាង​ថា រយៈពេល ២-៣​ថ្ងៃ​មក​នេះ លោក​បាន​រក​ឃើញ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ២០​នាក់​ហើយ​ដែល​សមត្ថកិច្ច​ខេត្ត​សៀមរាប មិន​ព្រម​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ពួក​គេ៖ «សមាគម​ខ្មែរ​ក្រោម​យើង​ខ្ញុំ​នឹង​នៅ​បន្ត​ស៊ើប​អង្កេត​ទៅ​ទៀត ទៅ​លើ​ខ្មែរ​ក្រោម​ដែល​អាជ្ញាធរ​មិន​ធ្វើ និង​មិន​ទទួល​ស្គាល់​គាត់​ថា​ជា​ខ្មែរ​នោះ»។

មន្ត្រី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ឲ្យ​ដឹង​ថា មិន​មែន​មាន​តែ​ខេត្ត​សៀមរាប ប៉ុណ្ណោះ​ទេ​ដែល​អាជ្ញាធរ​មិន​ព្រម​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ គឺ​នៅ​ខេត្ត​មួយ​ចំនួន​ទៀត ដូចជា​ខេត្ត​តាកែវ កំពង់ឆ្នាំង ស្វាយរៀង ក្រចេះ កោះកុង និង​ខេត្ត​កណ្ដាល ក៏​កំពុង​មាន​បញ្ហា​ដូច​គ្នា​នេះ​ដែរ។

ឥស្សរជន​កម្ពុជា​ក្រោម និង​ជា​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ លោក សឺន ស៊ូបែរ្តិ៍ បាន​ហៅ​សកម្មភាព​របស់​ប៉ូលិស​ដែល​មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​ថា រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស ដែល​ចែង​ថា​មិន​មាន​អ្នក​ណា​ម្នាក់​អាច​ដក​ហូត​សញ្ជាតិ​ពី​ពលរដ្ឋ​បាន​ឡើយ។ លោក សឺន ស៊ូបែរ្តិ៍ បញ្ជាក់​ថា កាល​ពី​ឆ្នាំ​១៩៩២ ព្រះ​មហា​វីរក្សត្រ ព្រះបាទ​នរោត្តម សីហនុ ធ្លាប់​បាន​ប្រកាស​ថា ពលរដ្ឋ​កម្ពុជា​ក្រោម គឺ​ជា​ពលរដ្ឋ​ខ្មែរ៖ «បើ​គាត់​ឲ្យ​សញ្ជាតិ​ទៅ​គេ​ហើយ គឺ​ត្រូវ​ឲ្យ​ត​ទៅ​ទៀត បើ​មិន​ឲ្យ​គេ​ទេ គឺ​រំលោភ​សិទ្ធិ​របស់​គេ​ហើយ»។

លោក សឺន ស៊ូបែរ្តិ៍ ប្រកាស​ថា ប្រសិន​បើ​ពលរដ្ឋ​កម្ពុជា​ក្រោម​ណា​ដែល​កំពុង​រស់នៅ​ស្រុក​ខ្មែរ ហើយ​អាជ្ញាធរ​មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ គឺ​សូម​ធ្វើ​ពាក្យ​បណ្ដឹង ហើយ​កាន់​មក​ឲ្យ​រូប​លោក គឺ​លោក​អាច​នឹង​ជួយ​យក​ទៅ​ទូល​ថ្វាយ​ដល់​ព្រះមហាក្សត្រ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ​មុន គឺ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ក៏​ធ្លាប់​សរសេរ​លិខិត​សួរ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ ហើយ​ក្រសួង​ការ​បរទេស ក៏​ឆ្លើយ​ទទួល​ស្គាល់​ថា ពលរដ្ឋ​កម្ពុជា​ក្រោម គឺ​ជា​ពលរដ្ឋ​ខ្មែរ​ដែរ។ លោក អំ សំអាត យល់​ថា ប្រសិន​បើ​ពលរដ្ឋ​កម្ពុជា​ក្រោម​រស់នៅ​ស្រុក​ខ្មែរ​យូរ​មក​ហើយ បែរ​ជា​អាជ្ញាធរ​មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ទៀត​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង និង​រើសអើង​ផង ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា រហូត​មក​ដល់​ពេល​នេះ អង្គការ​សិទ្ធិ​មនុស្ស​នៅ​មិន​ទាន់​ដឹង​តួលេខ​ច្បាស់លាស់​ថា តើ​មាន​ខ្មែរ​ក្រោម​ប៉ុន្មាន​នាក់​ពិត​ប្រាកដ​នៅ​ទូទាំង​ប្រទេស ដែល​សមត្ថកិច្ច​មិន​ព្រម​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​នោះ​ទេ?៕

No comments: