A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 11 June 2016

ខុមហ្វ្រែល​ស្នើ​ឲ្យ​គ.ជ.ប​រក​វិធី​ជំរុញ​ឲ្យ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ប្រសិទ្ធភាព


ដោយ ខែ សុណង
2016-06-11

គល់ បញ្ញា ៦២០
លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។
RFA/Morm Moniroth


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​បញ្ចេញ​ប្រតិទិន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ជា​ផ្លូវ​ការ។ សង្គម​ស៊ីវិល​ដែល​ធ្វើការ​ឃ្លាំ​មើល​កិច្ចការ​បោះឆ្នោត យល់​ថា ប្រតិទិន​នេះ​មាន​ហេតុផល​ត្រឹមត្រូវ និង​ស៊ី​សង្វាក់​ទៅ​នឹង​ពេលវេលា​ដែល​អាច​ទទួល​យក​បាន។ ប៉ុន្តែ​អ្វី​ជា​ក្ដី​បារម្ភ​នោះ​គឺ​កត្តា​ហានិភ័យ​គ្រោះ​ធម្មជាតិ ដែល​អាច​កើត​មាន​ឡើង និង​បញ្ហា​បរិយាកាស​នយោបាយ​ដែល​កំពុង​មាន​ភាព​តានតឹង​ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត។ បញ្ហា​នេះ ទាមទារ​ឲ្យ គ.ជ.ប រក​វិធី​ដោះស្រាយ។

គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) ស្នើ​ឲ្យ គ.ជ.ប មាន​វិធានការ​ពិសេស​មួយ​ដើម្បី​ជំរុញ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​កាន់​តែ​មាន​ប្រសិទ្ធភាព។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ មិថុនា ថា លោក​គាំទ្រ​ចំពោះ​ប្រតិទិន​ដែល​បាន​ចេញ​ផ្សាយ​ដោយ គ.ជ.ប កាល​ពី​ថ្មីៗ​នេះ។ ប៉ុន្តែ​អ្វី​ដែល​ជា​ក្ដី​បារម្ភ​នោះ គឺ​កត្តា​ហានិភ័យ​គ្រោះ​ធម្មជាតិ និង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន។ រី​ឯ​បញ្ហា​បរិយាកាស​នយោបាយ​ដែល​កំពុង​មាន​ភាព​តានតឹង​ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក៏​ជា​បញ្ហា​ចោទ​ទៅ​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែរ។ ជា​ដំណោះស្រាយ​នោះ លោក គល់ បញ្ញា សំណូមពរ​ឲ្យ គ.ជ.ប រៀបចំ​ឲ្យ​មាន​ក្រុម​ការងារ​ពិសេស​មួយ​ធ្វើ​ការ​បន្ថែម​លើ​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ណា​មួយ​អំឡុង​ពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​ឱកាស​ពលរដ្ឋ និង​អ្នក​ចំណាក​ស្រុក​ជួបជុំ​ក្រុម​គ្រួសារ និង​ទៅ​លេង​ស្រុក​កំណើត​ដើម្បី​ជំរុញ​ការងារ​ចុះ​ឈ្មោះ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។



លោក គល់ បញ្ញា៖ «ក្រោយ​ភ្ជុំ​ម្ង៉ៃ​អ៊ីចឹង​ទៅ ដូច​ថា អ្នក​មុន​នឹង​ទៅ​វិញ​មួយ​ថ្ងៃ​ហ្នឹង​មក​ចុះ​ឈ្មោះ​អ៊ីចឹង​ទៅ ឬ​ក៏​ថា គាត់​មក​មុន​ភ្ជុំ​គឺ​ចុះ​ឲ្យ​គាត់​មុន​អ៊ីចឹង​ទៅ ដើម្បី​អំពាវនាវ​ឬ​ជំរុញ​ឲ្យ​អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​ហ្នឹង​មុន​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​លះបង់​ខ្លះ​ពេល​ភ្ជុំ​ហ្នឹង​ក្ដី​មាន​ក្រុម ពិសេស​ដើម្បី​ទទួល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​អ្នក​ដែល​គ្នា​ចំណាក​ស្រុក​នេះ​ជា​រឿង​ល្អ​ណាស់ ដែល​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ស្ថាប័ន​រដ្ឋ ពិសេស គ.ជ.ប និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ បើ​បាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​តែ​ម្ដង​លើក​នេះ គឺ​ថា យើង​ប្រាកដ​ជា​បាន​លំនឹង​នៃ​ការ​បោះឆ្នោត​រាប់​សិប​ដង»។

ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​លោក គល់ បញ្ញា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា មាន​អះអាង​ថា គ.ជ.ប បាន​រៀបចំ​ប្រតិទិន​នេះ​គឺ​សមស្រប​មាន​ហេតុផល​គ្រប់គ្រាន់។ លោក​បញ្ជាក់​ថា រយៈពេល​ចុះ​ឈ្មោះ ៣​ខែ និង​មាន​រយៈពេល ២​ខែ​សម្រាប់​ដោះស្រាយ​បណ្ដឹង ដូច្នេះ​លោក​យល់​ថា ពេល​វេលា​នេះ​អាច​នឹង​ដោះស្រាយ​ភាព​រាំងស្ទះ​នានា​បាន។

លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​បន្ថែម​ថា គ.ជ.ប អាច​នឹង​ពិចារណា​បន្ថែម​ថ្ងៃ​ចុះ​ឈ្មោះ ប្រសិន​ជា​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង៖ «រយៈពេល​ចុះ​ឈ្មោះ ៣​ខែ ទុក​ពេល ២​ខែ គឺ​សម្រាប់​ដោះស្រាយ​បណ្ដឹង ប៉ុន្តែ​រយៈពេល​ហ្នឹង បើ​សិន​ជា​ប្រជាពលរដ្ឋ​ចុះ​មិន​គ្រប់​គ្នា គ.ជ.ប ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​ដើម្បី​បន្ថែម​ចំនួន​ថ្ងៃ ប៉ុន្តែ​ចំណុច​នេះ គ.ជ.ប មិន​បើក​ជា​ចំហ​ទេ​កុំ​អោយ​ប្រជាពលរដ្ឋ​ខ្លះ​លោក​អាង»។

ប្រតិទិន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ដែល​ចេញ​ផ្សាយ​ដោយ គ.ជ.ប បាន​បង្ហាញ​ថា ការ​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់ នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ចំណែក​ឯ​ការ​ប្ដឹង​តវ៉ា និង​ការ​បដិសេធ​ទៅ​នឹង​ការ​សុំ​ចុះ​ឈ្មោះ​ទៅ​ក្រុមប្រឹក្សា​ឃុំ និង​សង្កាត់​នេះ មាន​រយៈពេល ៣​ថ្ងៃ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០១៦។

ប្រតិទិន គ.ជ.ប បាន​បង្ហាញ​ថា ការ​ជូន​ដំណឹង​ពី​ការ​ចុះ​ឈ្មោះ​គឺ​នឹង​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ ការ​បិទ​ផ្សាយ​បញ្ជី​ទីតាំង​ការិយាល័យ​ចុះ​ឈ្មោះ និង​ការិយាល័យ​បោះឆ្នោត នឹង​ធ្វើ​តែ​មួយ​ថ្ងៃ​ទេ គឺ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ រី​ឯ​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នៃ​ឃុំ សង្កាត់​ទូទាំង​ប្រទេស គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧ ហើយ​ការ​ប្ដឹង​តវ៉ា ឬ​ប្ដឹង​ជំទាស់​លើ​បញ្ជី​បោះឆ្នោត​ដំបូង​ទៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​វិញ មាន​រយៈពេល ១០​ថ្ងៃ ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៧។ ការ​ដោះស្រាយ​បណ្ដឹង​ដោយ គ.ជ.ប មាន​រយៈពេល ៥​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៧ មករា ឆ្នាំ​២០១៧។ នៅ​ចុង​ក្រោយ​នៃ​នីតិវិធី​គឺ​ការ​ផ្ដល់​សុពលភាព និង​ប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​ដោយ គ.ជ.ប នឹង​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

តាម​ការ​ប៉ាន់ស្មាន​របស់ គ.ជ.ប បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​អាច​មាន​ចំនួន​ប្រមាណ ៩,៦​លាននាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: