A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 16 May 2016

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះ​ហៅ


ដោយ ថា កិត្យា
2016-05-16

តុ វ៉ាន់ចាន់ ៨៥៥ ២០១១
១០-តុលា-២០១១៖ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក តុ វ៉ាន់ចាន់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន។

Photo: RFA


តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​កាលបរិច្ឆេទ​នៃ​ការ​កោះ​ហៅ នៅ​ថ្ងៃ​ទី​១៦ ឧសភា នេះ​ឡើយ។ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចាត់​ទុក​ថា ការ​កោះ​ហៅ​របស់​តុលាការ​នេះ គឺ​បំពាន​ធ្ងន់ធ្ងរ​លើ​អភ័យ​ឯកសិទ្ធិ​របស់​តំណាង​រាស្ត្រ។ ចំណែក​មន្ត្រី​តុលាការ ថា​កំពុង​ពិនិត្យ​លើ​នីតិវិធី​ដើម្បី​ធ្វើ​ចំណាត់​ការ​ជា​បន្ត។


ការ​កោះ​ហៅ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ២​រូប គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា គឺ​ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចារ​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​តែ​រក្សា​គោល​ជំហរ​ដូច​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា។ សេចក្តី​ថ្លែងការណ៍​នោះ បដិសេធ​មិន​ចូល​បំភ្លឺ​ឡើយ និង​ស្នើ​ឲ្យ​បញ្ឈប់​ការ​ចេញ​ដីកា​ទាំង​នេះ​ជា​បន្ទាន់ ហើយ​គណបក្ស​ចាត់​ទុក​ដីកា​កោះ​ទាំង​នោះ ថា​ជា​អំពើ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ ដែល​ធានា​ការពារ​ដោយ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ។



ដោយ​សំអាង​លើ​អភ័យ​ឯកសិទ្ធិ លោក អេង ឆៃអ៊ាង លើក​ឡើង​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ដូចជា​មិន​បារម្ភ​ពី​វិធានការ​របស់​តុលាការ​ឡើយ៖ «បើ​យើង​ព្រួយ​បារម្ភ ក៏​វា​មិន​លើស​ពី​ហ្នឹង ហើយ​បើ​មិន​ព្រួយ​បារម្ភ​ក៏​វា​ប៉ុណ្ណឹង។ អ៊ីចឹង​បើ​គេ​អ្នក​មាន​អំណាច គេ​ចង់​រំលោភ​ច្បាប់ គេ​ចង់​រំលោភ​រដ្ឋធម្មនុញ្ញ​ត​ទៅ​ទៀត គឺ​ជា​រឿង​របស់​គេ។ យើង​មិន​អាច​ការពារ និង​ទប់ទល់​បាន​ទេ ព្រោះ​អី​យើង​ធ្វើ​កិច្ចការ​រាល់​ថ្ងៃ គឺ​ជឿជាក់​ទៅ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ»។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា កន្លង​ទៅ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ពី​បទ​បរិហារ​កេរ្តិ៍​ដែរ។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) ថា ព្រះរាជអាជ្ញា​រង​ដែល​ចាត់​ការ​លើ​សំណុំ​រឿង​នេះ កំពុង​ពិនិត្យ​លើ​ឯកសារ និង​នីតិវិធី​ដើម្បី​ធ្វើ​ចំណាត់​ការ​ជា​បន្ត។

មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​សភា ហើយ​មិន​ត្រូវ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន​បាន​ឡើយ លុះត្រា​មាន​ការ​យល់ព្រម​ពី​រដ្ឋសភា ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា វៀរ​លែង​តែ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។

រីឯ​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ចុះ​ថ្ងៃ​ទី​៥ ឧសភា បាន​បកស្រាយ​ថា ការ​កោះ​ហៅ​របស់​តុលាការ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី​ជាដើម ចំពោះ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំង​នេះ មិន​មាន​ចែង​ក្នុង​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ដូច​ដែល​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ឡើយ។ សេចក្ដី​ថ្លែងការណ៍​នោះ​បន្ត​ថា មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ការពារ​តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ ចំពោះ​កិច្ច​នីតិវិធី​ចំនួន​៤ តែ​ប៉ុណ្ណោះ គឺ​ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន និង​ការ​ឃុំ​ខ្លួន។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ លោក កែម ឡី លើក​ឡើង​ថា ច្បាប់​នៅ​កម្ពុជា មាន​លក្ខណៈ​ស្មុគស្មាញ និង​ខ្វះ​ស្ថាប័ន​ឯករាជ្យ​បកស្រាយ។ លោក​បន្ថែម​ថា បញ្ហា​ច្របូកច្របល់​មួយ​ទៀត​នោះ គឺ​ការ​បញ្ចូល​កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ​ធំៗ​ក្នុង​បក្ស​នយោបាយ ដែល​នាំ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​នៅ​ពេល​ចាត់​វិធានការ​លើ​តំណាង​រាស្ត្រ ឬ​គណបក្ស​នយោបាយ​ផ្សេងៗ៖ «ការ​បកស្រាយ​ហ្នឹង​ទាល់​តែ​យើង​ឋិត​នៅ​ក្នុង​ជំហរ​មួយ​ឯករាជ្យ កាលណា​យើង​ឋិត​នៅ​ក្នុង​ទម្រង់​គណបក្ស ខ្ញុំ​គិត​ថា​មាន​ការ​លំបាក។ ការ​បក​ការ​ពន្លាត់​ស្រេច​តែ​ចិត្ត​នេះ ខ្ញុំ​គិត​ថា​មិន​ទទួល​បាន​ជោគជ័យ​ទេ​នៅ​ក្នុង​សម័យ​នេះ»។

ស្ថានភាព​នយោបាយ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ហាក់​មាន​សភាព​តានតឹង​ឡើង​វិញ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​តុលាការ ចាប់​ឃុំ​ខ្លួន​មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី ម្នាក់ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ចំនួន ៤​រូប មន្ត្រី គ.ជ.ប ១​រូប និង​ចោទ​ប្រកាន់​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ១​រូប ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​ថា​រូប​នាង​ត្រូវ​បាន​ណែនាំ​ឲ្យ​និយាយ​ភូត​កុហក​សមត្ថកិច្ច។

ទន្ទឹម​គ្នា​នេះ​ដែរ តំណាង​រាស្ត្រ និង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ជា​បន្តបន្ទាប់​តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ពី​បទ​បរិហារ​កេរ្តិ៍ និង​ពី​បទ​ពេស្យាចារ ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ករណី​នេះ ថា​មាន​ចរិត​នយោបាយ និង​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​រដ្ឋ​ដោយ​ខុស​នីតិវិធី ដើម្បី​ជា​ឧបករណ៍​គំរាម​កំហែង​បង្កើត​ជា​ករណី​ព្រហ្មទណ្ឌ និង​ដាក់​ទោស​ចំពោះ​សកម្មភាព​ស្រប​ច្បាប់​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ផង៕

No comments: