A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 May 2016

លោក ហ៊ុន សែន ព្រមាន​ជា​ថ្មី​ថា​កុំ​ប្រើប្រាស់​ពណ៌​ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល

លោក ហ៊ុន សែន ព្រមាន​ជា​ថ្មី​ថា​កុំ​ប្រើប្រាស់​ពណ៌​ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល
ដោយ ម៉ម មុនីរតន៍
2016-05-10


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev


លោក​នាយក​រដ្ឋមន្ត្រី បាន​ព្រមាន​ជា​ថ្មី​ទៀត​ថា កុំ​ប្រើប្រាស់​ពណ៌​ក្រោម​ហេតុផល​ផ្សេងៗ​ដើម្បី​ដាក់​សម្ពាធ​ប្រឆាំង​រដ្ឋាភិបាល។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក អាច​នឹង​មាន​ស្ថានភាព​មិន​ល្អ​ប៉ុន្មាន​នោះ​ទេ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស យល់​ឃើញ​ថា លោក ហ៊ុន សែន ហាក់​ដូចជា​ចង្អៀត​ចង្អល់ និង​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ស្ថិត​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ពី​មធ្យោបាយ​សម្រាប់​ច្រក​ចេញ ដើម្បី​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​នេះ​ថា មាន​តែ​តតាំង​តាម​ផ្លូវ​តុលាការ​តាម​រយៈ​មេធាវី​ការពារ​ក្ដី​តែ​មួយ​គត់ ដែល​ជា​ជម្រើស​ដ៏​ប្រសើរ ក្នុង​សំណុំ​រឿង​សុំ​ឲ្យ​ដោះ​លែង​មន្ត្រី​អង្គការ​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប គឺ​លោក នី ចរិយា។



ការ​ថ្លែង​ដូច​នេះ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា។ លោក​អះអាង​ថា ការ​ជ្រើសរើស​មធ្យោបាយ​ប្រើប្រាស់​ពណ៌ និង​ពេលវេលា​ក្រោម​ហេតុផល​មួយ​ចំនួន​នៅ​ពេល​នេះ គឺ​វា​មិន​មែន​ជា​ដំណោះស្រាយ​ល្អ​ឡើយ។ លោក ហ៊ុន សែន បន្ត​ថា ប្រសិន​បើ​មាន​ចេតនា​ចង់​ដោះស្រាយ​សំណុំ​រឿង​នេះ​មែន ត្រូវ​តែ​ប្រើ​យន្តការ​តុលាការ​វិញ ទើប​ស្រប​តាម​ច្បាប់​ជាង។ លោក​បន្ត​ថា «ឥឡូវ​ដំណើរ​ការ​តាម​ផ្លូវ​ច្បាប់​រក​វិធី​ដោះ​បន្ទុក​តាម​រយៈ​ការ​ផ្ដល់​មេធាវី។ រក​មេធាវី​ឲ្យ​ពូកែ រក​វិធី​ដោះស្រាយ​បន្ទុក ទើប​ជា​បញ្ហា​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។ មិន​អាច​មក​ដាក់​សម្ពាធ​តាម​រយៈ​ពណ៌​នេះ​ពណ៌​នោះ ថ្ងៃ​នេះ​ថ្ងៃ​នោះ​ឥត​ទេ»។

ជុំវិញ​សំណុំ​រឿង​នេះ លោក ហ៊ុន សែន អះអាង​ថា ផ្អែក​លើ​គោលការណ៍​ច្បាប់ នាយក​រដ្ឋមន្ត្រី​អាច​មាន​សិទ្ធិ​ស្នើសុំ​ឲ្យ​ព្រះមហាក្សត្រ​បន្ធូរបន្ថយ​ទោស ក្រោយ​សាលក្រម​ចូល​ជា​ស្ថាពរ​រួច។

យ៉ាង​នេះ​ក្ដី អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​សារ​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ។ ពួក​គេ​យល់​ឃើញ​ថា មនុស្ស​ទាំង ៥​នាក់​នោះ រក​ពុំ​ឃើញ​ថា​មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ ម្យ៉ាង ប្រសិន​បើ​ការ​អនុវត្ត​ដូច​នេះ​មែន នោះ​គ្រាន់​តែ​ជា​មធ្យោបាយ​វ៉ៃ​ហើយ​ស្អំ​វិញ​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ លោក សួន ប៊ុនស័ក្តិ កត់​សម្គាល់​ថា ការ​ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវ​តុលាការ គេ​ហាក់​មាន​សង្ឃឹម​តិចតួច​ណាស់ ដោយសារ​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ពេល​កន្លង​ទៅ។ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា រូប​នេះ យល់​ឃើញ​ថា មាន​មនុស្ស​ច្រើន​ណាស់​បាន​បាត់បង់​ជំនឿ​រួច​ទៅ​ហើយ​លើ​តុលាការ​នេះ។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​ព្រមាន​ទៅ​ដល់​អ្នក​ដែល​ផ្ដល់​លុយ​ជា​មធ្យោបាយ​ក្នុង​ការ​បោះ​ពុម្ព​អាវ ដែល​នាំ​ឲ្យ​មាន​យុទ្ធនាការ​កន្លង​មក​នេះ។ លោក​អះអាង​ថា អ្នក​នៅ​ពី​ក្រោយ​នៃ​ចលនា​នេះ គឺ​លោក​ស្គាល់​យ៉ាង​ច្បាស់ ហើយ​ក៏​ព្រមាន​ដែរ​ថា ល្មម​បញ្ឈប់​សកម្មភាព​បែប​នេះ ជា​ថ្នូរ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ​ទាំង ៥​នាក់​នេះ។ លោក ហ៊ុន សែន ដៀមដាម​ថា ការ​ធ្វើ​ដូច​នេះ គឺ​នាំ​ទុក្ខ​ឲ្យ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ទៅ​វិញ​ទេ ហើយ​ក៏​ពុំ​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​នោះ​ថែម​ទៀត​ផង។

បើ​ទោះ​បី​ជា​បែប​ណា មជ្ឈដ្ឋាន​នានា ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​រិះគន់ និង​ថ្កោលទោស​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ថា​ជា​ការ​រារាំង​ទៅ​ដល់​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​សង្គម​ស៊ីវិល​ទៅ​វិញ​ទេ។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ យល់​ឃើញ​ថា ការ​ប្រើប្រាស់​ពណ៌​នៅ​កម្ពុជា វា​ពុំ​មែន​ស្ថិត​នៅ​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ការ​ជ្រើសរើស​ពណ៌​ខោ​អាវ​របស់​ពលរដ្ឋ គឺ​គ្រាន់​តែ​ជា​វិធី​មួយ​ក្នុង​ការ​សម្ដែង​មតិ ដែល​មិន​ពេញ​ចិត្ត​ទៅ​លើ​ទង្វើ​អ្វី​មួយ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។ លោក​បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល​បើក​ចិត្ត​ឲ្យ​បាន​ទូលាយ​ជាង​នេះ​បន្តិច ទំនង​ជា​ពុំ​មាន​បញ្ហា​កើត​ឡើង​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ការ​អនុវត្ត​ដូច​នេះ​របស់​រដ្ឋាភិបាល នោះ​បាន​ន័យ​ថា គឺ​ជា​ការ​រើសអើង​ជា​ជាង​អនុវត្ត​ច្បាប់​ទៅ​វិញ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា ប្រសិន​បើ​រដ្ឋាភិបាល​អនុវត្ត​កាតព្វកិច្ច​សិទ្ធិ​ឲ្យ​បាន​ពេញលេញ ការ​ដែល​ប្រើប្រាស់​ពណ៌​អី​ផ្សេងៗ​ហ្នឹង គឺ​ឥត​ត្រូវ​ចង្អៀត​ចង្អល់​ទេ។ ការ​ដែល​យើង​ប្រើប្រាស់​ពណ៌​ក្នុង​ចេតនា​អ្វី​មួយ គ្រាន់​តែ​សិល្បៈ​នៃ​ការ​បញ្ចេញ​អារម្មណ៍ និង​បញ្ចេញ​គំនិត​តែ​ប៉ុណ្ណោះ»។

ជា​លទ្ធផល បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល ប្រកាស​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ មិន​ទាន់​បាន ៤​ថ្ងៃ​ស្រួលបួល​ផង សកម្មជន​ដីធ្លី និង​មន្ត្រី​សង្គម​ស៊ីវិល ៦​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​ពេញ​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ម្សិលមិញ។ ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន អះអាង​ថា លោក​ដាក់​ចេញ​នូវ​បទបញ្ជា​គ្រប់​រាជធានី-ខេត្ត-ក្រុង ត្រូវ​ទប់ស្កាត់​រាល់​សកម្មភាព​នានា ហើយ​បើ​នៅ​តែ​រឹងរូស ត្រូវ​ចាប់​ខ្លួន។ ទន្ទឹម​នឹង​នេះ លោក​នាយក​រដ្ឋមន្ត្រី ក៏​ព្រមាន​ដែរ​ថា អាជ្ញាធរ និង​សមត្ថកិច្ច​របស់​រដ្ឋ ត្រូវ​ចាប់​ខ្លួន​ទាំងអស់ មិន​ត្រូវ​ប្រកាន់​ពណ៌​អ្វី​ឡើយ ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស។

បញ្ហា​នេះ ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល ចាត់​ទុក​ថា លោក ហ៊ុន សែន មិន​បាន​ផ្ដល់​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ដូច​ការ​អះអាង​ឡើយ។ ម្យ៉ាង​ទៀត បើ​រដ្ឋាភិបាល​រក​ឃើញ​ថា មនុស្ស​ដែល​ត្រូវ​ចោទ​ប្រកាន់​មាន​និន្នាការ​ខុស​ពី​ទស្សនៈ​ខ្លួន និង​ការ​យល់​ឃើញ​របស់​ខ្លួន​នោះ រដ្ឋាភិបាល​មិន​លើក​លែង​ឲ្យ​នោះ​ទេ គឺ​ចាប់​ខ្លួន​ទាំងអស់​ក្រោម​ហេតុផល​អនុវត្ត​ច្បាប់។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧៤ នៅ​ថ្ងៃ​ទី​១០ ឧសភា ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ថ្កោលទោស​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​បំភិត​បំភ័យ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​បន្តបន្ទាប់។

សង្គម​ស៊ីវិល​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ធានា​ជា​ថ្មី​ថា សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន ត្រូវ​បាន​អនុវត្ត​ដោយ​សេរី ជៀស​ផុត​ពី​ការ​បំភិត​បំភ័យ និង​ការ​ដាក់​ទណ្ឌកម្ម។ សង្គម​ស៊ីវិល​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​មន្រ្តី​សិទ្ធិ​មនុស្ស និង​មន្រ្តី គ.ជ.ប ទាំង ៥​រូប និង​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​ពួក​គេ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ៕

2 comments:

Anonymous said...

Dictator & Traitor Hun Sen lives and dies with his caveman's laws.

Anonymous said...

Some old cars can be repaired, Hun Sen car cannot, and must be junked !