A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 10 May 2016

មនុស្ស​ពីរ​ស្លាប់​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​ក្រចេះ​និង​បំផ្លាញ​ផ្ទះ​ជាង​៦០​ខ្នង​នៅ​ខេត្ត​ស្ទឹងត្រែង

មនុស្ស​ពីរ​ស្លាប់​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​ក្រចេះ​និង​បំផ្លាញ​ផ្ទះ​ជាង​៦០​ខ្នង​នៅ​ខេត្ត​ស្ទឹងត្រែង
ដោយ ម៉ែន សុធីរ
2016-05-09


ផ្ទះ​ពលរដ្ឋ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ ឋិត​នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo Provided
Photo Provided


ពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ែក​ឦសាន​ប្រទេស​កម្ពុជា ចាត់​ទុក​គ្រោះ​មហន្តរាយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ។ ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ បាន​សម្លាប់​មនុស្ស​ពីរ​នាក់​នៅ​ខេត្ត​ក្រចេះ បំផ្លាញ​ដើម​កៅស៊ូ​ជាង ៥​ពាន់​ដើម​នៅ​ខេត្ត​រតនគិរី ព្រម​ទាំង​បំផ្លាញ​ផ្ទះ​ជាង ៦០​ខ្នង​នៅ​ខេត្ត​ស្ទឹងត្រែង ចាប់​ពី​ខែ​មេសា។

ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ សម្ដែង​ការ​បារម្ភ​ពី​បម្រែបម្រួល​អាកាសធាតុ ដូចជា​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ។ ការ​បារម្ភ​នេះ បន្ទាប់​ពី​ខ្យល់​កន្ត្រាក់ បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង ជាង ៦០​ខ្នង ក្នុង​នោះ​ជាង ១០​ខ្នង​ត្រូវ​ដួល​រលំ។

ពលរដ្ឋ​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក ប៉េ ខាំទា ឲ្យ​ដឹង​ថា បាតុភូត​គ្រោះ​ធម្មជាតិ​បាន​ធ្វើ​ឲ្យ​ផ្ទះ​របស់​លោក​ដួល​រលំ​កាល​ពី​ថ្ងៃ​ទី​៦ ឧសភា។ លោក​ថា មាន​ផ្ទះ​ពលរដ្ឋ​ចំនួន ១២​ខ្នង​ផ្សេង​ទៀត​ក្នុង​ភូមិ​ក្បែរ​ខាង ក៏​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ដែរ។ លោក​ថា អ្នក​ភូមិ​ចាត់​ទុក​បាតុភូត​ខ្យល់​កន្ត្រាក់ គឺ​ជា​បាតុភូត​ដ៏​សាហាវ​មិន​ធ្លាប់​កើត​មាន​នៅ​ក្នុង​ភូមិ​ពី​មុន​មក៖ «ផ្ទះ គឺ​កន្ត្រាក់​យក​តែ​ម្តង។ ខាង​មុខ​ដួល​អស់​ហើយ ផ្ទះ​តូច និង​ផ្ទះ​ធំ គឺ​បាក់​ជើង​តាង​ខ្ទេច​តែ​ម្តង»។



ជនជាតិ​ដើម​ភាគ​តិច​ខិះ មាន​ដើម​កំណើត​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង លោក ទា សន អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​ជា​ធាតុ​ផ្សំ​ចម្បង​នាំ​ឲ្យ​កើត​មាន​បាតុភូត​ធម្មជាតិ និង​អាកាសធាតុ​ឡើង​កម្តៅ​ខ្លាំង។ លោក​ថា ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ឆ្នាំ​នេះ បង្ក​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ជីវិត​រស់នៅ​របស់​ពលរដ្ឋ​ទាំង​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង និង​បាតុភូត​ខ្យល់​កន្ត្រាក់ បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន ២៤​ខ្នង​នៅ​ឃុំ​សេកុង កាល​ពី​ថ្ងៃ​ទី​១៨ មេសា៖ «ពី​មុន​មក​មិន​ដែល​មាន​ទេ​ខ្យល់​កន្ត្រាក់ និង​គ្រោះ​រាំង​ស្ងួត​អី ព្រោះ​ថា​ព្រៃ​ឈើ​យើង​ពេញ​បរិបូរណ៍ អត់​មាន​អស់​ដូច​ចឹង»។

នាយក​រដ្ឋបាល​សាលា​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក ថៃ អ៊ី មាន​ប្រសាសន៍​ថា នៅ​ពេល​អាជ្ញាធរ​ស្រុក​ទទួល​ព័ត៌មាន​ពី​បាតុភូត​គ្រោះ​ធម្មជាតិ គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ស្រុក និង​ខេត្ត បាន​ចុះ​ចែក​អំណោយ​របស់​កាកបាទ​ក្រហម ដូចជា​ជួសជុល​ផ្ទះ​ឡើង​វិញ​បាន​ចំនួន ២​ខ្នង ការ​ផ្តល់​សម្ភារៈ​ជួសជុល​ផ្ទះ ថវិកា និង​អង្ករ ជាដើម៖ «ប្រជាពលរដ្ឋ​ដែល​រងគ្រោះ យើង​បាន​អន្តរាគមន៍ ដូចជា​នៅ​ចម្ការ​លើ យើង​បាន​ចែក​ជា​ស័ង្កសី ហើយ​និង​អំណោយ​កាកបាទ​ក្រហម»។

ដោយឡែក​នៅ​ខេត្ត​ក្រចេះ ពលរដ្ឋ​រស់នៅ​ស្រុក​ស្នួល និង​ស្រុក​សំបូរ ពីរ​នាក់ បាន​ស្លាប់​ដោយ​រន្ទះ​បាញ់​កាល​ពី​ចុង​ខែ​មេសា ក្នុង​នោះ ពលរដ្ឋ​រស់នៅ​ស្រុក​ស្នួល ម្នាក់​ក្នុង​ចំណោម ៦​នាក់​បាន​ស្លាប់​នៅ​ពេល​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​ក្រុម​គ្រួសារ ហើយ​សមាជិក​គ្រួសារ ៥​នាក់​ទៀត​បាន​សន្លប់​ដោយសារ​រន្ទះ​បាញ់​នោះ​ដែរ។

ចំណែក​នៅ​ខេត្ត​រតនគិរី បាតុភូត​ខ្យល់​កន្ត្រាក់​បាន​វាយ​បំបាក់​ដើម​កៅស៊ូ​មាន​អាយុ ៨​ឆ្នាំ​អស់​ជាង ៥​ពាន់​ដើម​លើ​ផ្ទៃដី ១០​ហិកតារ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឋិត​នៅ​ស្រុក​បរកែវ ខេត្ត​រតនគិរី។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មើល​ឃើញ​ថា គ្រោះ​មហន្តរាយ​ធម្មជាតិ​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ទាំង​អាកាសធាតុ​ឡើង​កម្តៅ​ខ្លាំង និង​ខ្យល់​កន្ត្រាក់។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ធ្វើ​យុទ្ធនាការ​រយៈពេល​វែង ដោយ​ធ្វើ​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ ដើម្បី​កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុ។ លោក សន ជ័យ ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​ថវិកា​រដ្ឋ​ដើម្បី​ពង្រីក​ប្រព័ន្ធ​ការពារ​រន្ទះ​នៅ​តំបន់​ដែល​ងាយ​រងគ្រោះ ដូចជា​នៅ​តាម​សាលា​រៀន ជាដើម៖ «មាន​កត្តា​រួម​ផ្សំ​ជាច្រើន ទោះ​បី​ជា​មាន​ការ​បដិសេធ​ថា វា​មិន​មែន​ជា​លទ្ធផល​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទេ ប៉ុន្តែ​យើង​នៅ​តែ​មើល​ឃើញ​ចឹង។ មើល​ឃើញ​ថា ការ​ដែល​បាត់បង់​ទឹក​ភ្លៀង​ដោយសារ​តែ​ព្រៃ​ឈើ​ធំៗ​បាន​បាត់បង់ ហើយ​រួម​ផ្សំ​ជាមួយ​នឹង​ទិដ្ឋភាព​សព្វថ្ងៃ​នេះ ជា​ដំណាក់​កាល​មួយ។ ពី​មុន​មនុស្ស​បំផ្លាញ​ធម្មជាតិ ឥឡូវ​ធម្មជាតិ​បំផ្លាញ​មនុស្ស​វិញ»។

អ្នក​ជំនាញ​ផ្នែក​អាកាសធាតុ​ពន្យល់​ថា ការ​ប្រែប្រួល​អាកាសធាតុ​អាច​បណ្ដាល​មក​ពី​ដំណើរ​ផ្ទៃ​ក្នុង​របស់​ធម្មជាតិ ឬ​កម្លាំង​ជំរុញ​ពី​ខាង​ក្រៅ ឬ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​រយៈពេល​វែង​នៃ​សមាសភាព​បរិយាកាស ឬ​ការ​ប្រើប្រាស់​ដី​ដោយសារ​តែ​សកម្មភាព​មនុស្ស។ កត្តា​ធម្មជាតិ ដូចជា​ការ​ប្រែប្រួល​ថាមពល​ព្រះអាទិត្យ ការ​ប្រែប្រួល​យឺតៗ​នៃ​គន្លង​ផែនដី​ជុំវិញ​ព្រះអាទិត្យ ការ​ប្រែប្រួល​ចរន្ត​ទឹក​សមុទ្រ និង​ការ​ប្រែប្រួល​ចរន្ត​ខ្យល់ ជាដើម។ បន្ថែម​ពី​លើ​នេះ សកម្មភាព​មនុស្ស​ជា​ឧបសគ្គ​ចម្បង​ធ្វើ​ឲ្យ​ប្រែប្រួល​ស្រទាប់​បរិយាកាស ដូចជា​ការ​ដុត​ឥន្ធនៈ ផូស៊ីល ការ​កាប់​ព្រៃ​ឈើ ការ​ដុត​ព្រៃ​រាន​ដី​ធ្វើ​កសិកម្ម និង​ការ​សាងសង់​ពង្រីក​ក្រុង​ជា​ទីលាន​ចាក់​សំរាម ឬ​កាក​សំណល់ ជាដើម។

ក្រៅ​ពី​ប្រឈម​នឹង​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​នៅ​ខេត្ត​ប៉ែក​ឦសាន​ប្រទេស​កម្ពុជា ពលរដ្ឋ​មួយ​ចំនួន ក៏​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ដែល​ធ្វើ​ឲ្យ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ចំណែក​សត្វ​ក្របី​របស់​ពលរដ្ឋ ក៏​បាន​ស្លាប់​អស់​ជាច្រើន​ក្បាល ដោយសារ​ការ​ខ្វះ​ទឹក និង​អាកាសធាតុ​ក្តៅ​ខ្លាំង៕

No comments: