A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 11 May 2016

អ្នក​វិភាគ​ព្រមាន​ថា ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​អាច​បណ្តាល​ឲ្យ​មាន​ហិង្សា​សង្គម


អ្នក​វិភាគ​ព្រមាន​ថា ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​អាច​បណ្តាល​ឲ្យ​មាន​ហិង្សា​សង្គម
11 ឧសភា 2016

VOA    ហ៊ុល រស្មី


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៤។
ចែក​រំលែក

ក្រុម​អ្នក​វិភាគ​នយោបាយ និង​អ្នក​ស្រាវជ្រាវ​សង្គម​ ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ផ្ទុះ​ឡើង​នៃ​កំហឹង​មហាជន ​បន្ទាប់​ពី​រដ្ឋាភិបាល​បើក​ការ​វាយប្រហារ​លើ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ដីធ្លី​ ដោយ​កម្លាំង​តែ​មិន​ប្រើ​អាវុធ។
ភ្នំពេញ —

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ​នេះ​ ព្រមាន​ពី​ការ​ចាប់​ខ្លួន​បន្ថែម​ អ្នក​ទាំង​ឡាយ​ណា​ដែល​ប្រើ​យុទ្ធនាការ​ពណ៌​ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ​និង​គ.ជ.ប​ដោយ​ខុស​ច្បាប់។​ ប៉ុន្តែ​ ក្រុម​អ្នក​វិភាគ​នយោបាយ​ និង​អ្នក​ស្រាវជ្រាវ​សង្គម​ យល់​ថា​ ការ​បន្ត​គាប​សង្កត់​សកម្មភាព​សម្តែង​មតិ​ដោយ​អហិង្សា​ នឹង​នាំ​ឲ្យ​កម្ពុជា​ជួប​គ្រោះ​ថ្នាក់​ដោយ​អំពើ​ហិង្សា​ ដែល​មិន​អាច​ព្យាករណ៍​ទុក​ជាមុន​បាន។

ក្រុម​អ្នក​វិភាគ​នយោបាយ និង​អ្នក​ស្រាវជ្រាវ​សង្គម​ ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ផ្ទុះ​ឡើង​នៃ​កំហឹង​មហាជន ​បន្ទាប់​ពី​រដ្ឋាភិបាល​បើក​ការ​វាយប្រហារ​លើ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ដីធ្លី​ ដោយ​កម្លាំង​តែ​មិន​ប្រើ​អាវុធ។​ ការ​បើក​ការ​វាយ​ប្រហារ​នេះ​ បាន​ទទួល​រង​ការ​រិះគន់​ជា​បន្តបន្ទាប់​ពី​អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ។



លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​បាន​ប្រាប់​ VOA​ ថា ស្ថានភាព​គាប​សង្កត់​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ អាច​នឹង​ផ្តល់​ឱកាស​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​មាន​គំនិត​មិន​ល្អ​ កើត​គំនិត​ប្រព្រឹត្ត​អំពើ​មិន​បម្រើ​ប្រយោជន៍​ប្រជាជន។​ លោក​ថា​ ការណ៍​នេះ​ អាច​បញ្ឆេះ​ឲ្យ​មាន​ការ​ចង​កំហឹង​ក្នុង​សង្គម។​
រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)


រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)


លោក អ៊ូ វីរៈ ពន្យល់​ប្រាប់ VOA ថា៖ «គ្រោះថ្នាក់​ត្រង់​ថា​ ជួន​កាល​ទៅ ​អា​អ្នក​ថ្នាក់​ក្រោម​ហ្នឹង​ឆ្លៀត​ឱកាស​ ដែល​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​និយាយ​បាន​ តវ៉ា​បាន​ហ្នឹង​ ឆ្លៀត​ឱកាស​ហ្នឹង​ គាត់​កាន់​តែ​ពុករលួយ។​ គាត់​កាន់​តែ​ជិះជាន់។​ គាត់​កាន់​តែ​កិបកេង។​ គាត់​កាន់​តែ​អយុត្តិធម៌។ គាត់​កាន់​តែ​មាន​បង្កើត​បក្ខពួក។ អញ្ចឹង​ទៅ​ ពួកគាត់​ហ្នឹង​ក្លាយ​ទៅ​ជា​ប្រភព​នៃ​បញ្ហា​កាន់​តែ​ច្រើន​ ហើយ​ថ្នាក់​ដឹកនាំ​នៅ​ខាង​លើ​ហ្នឹង​ ជួន​កាល​អត់​បាន​ជាប់​ជើង​ ជើង​ឲ្យ​បាន​ជាប់​ដី​ហ្នឹង​ ក៏​អត់​បាន​ដឹង​រឿង​ហ្នឹង​ដែរ​ ហើយ​ដោយសារ​អញ្ចឹង​ទៅ​ ជួន​កាល​ល្មម​ដល់​ដឹង​រឿង​ហ្នឹង ​វា​ផ្ទុះ​កំហឹង​រួច​ទៅ​ហើយ​ ហើយ​ការ​ផ្ទុះ​កំហឹង​មួយ​ណា​ ចំពោះ​រូប​ខ្ញុំ ​ជា​រឿង​ខាត សម្រាប់​ប្រទេស​យើង​ទាំង​អស់​គ្នា»។

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្មជន​ដីធ្លី​ មាន​ចំនួន​មិន​លើស​ពី​២០០នាក់​ បាន​បើក​យុទ្ធនាការ​ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»​ ក្នុង​ក្តី​សង្ឃឹម​ថា​ អាច​បាន​ជួបជុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃស ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ប្រាំរូប​ដែល​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)។​ តែ​ពួក​គេ​យ៉ាង​ណាស់​៦នាក់ ត្រូវ​បាន​ស្វាគមន៍ ​ដោយ​ការ​ចាប់​ខ្លួន​សួរ​នាំ​ចម្លើយ​អស់​ជា​ច្រើន​ម៉ោង ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ។​ បន្ទាប់​ពី​ពួក​គេ​ផ្តល់​ចម្លើយ​សារភាព​អំពី​បំណង​ពិតប្រាកដ​នៃ​ការ​បើក​យុទ្ធនាការ​នេះ ពួក​គេ​ត្រូវ​បាន​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ។

រូបឯកសារ៖ សកម្មជន​សហគមន៍​បឹងកក់​ថតរូប​នៅ​មុខ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដូនពេញ បន្ទាប់ពី​សកម្មជន​បឹងកក់​ចំនួន​បី​រូប​ត្រូវគេ​ដោះលែង ក្រោយពី​ពួក​គេ​ត្រូវបាន​ប៉ូលិស​សាកសួរ​អំពី​ការចូលរ​រូម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ ទី​៩ ខែ​ឧសភា​នេះ​។ (ឡេង ឡែន/VOA)


រូបឯកសារ៖ សកម្មជន​សហគមន៍​បឹងកក់​ថតរូប​នៅ​មុខ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដូនពេញ បន្ទាប់ពី​សកម្មជន​បឹងកក់​ចំនួន​បី​រូប​ត្រូវគេ​ដោះលែង ក្រោយពី​ពួក​គេ​ត្រូវបាន​ប៉ូលិស​សាកសួរ​អំពី​ការចូលរ​រូម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ ទី​៩ ខែ​ឧសភា​នេះ​។ (ឡេង ឡែន/VOA)

សកម្មភាព​របស់​ក្រុម​សង្គម​ស៊ីវិល​នេះ​ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ពណ៌នា​ថា​ អាច​ជា​លំនាំ​ទៅ​រក​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាច្រើន​នៅ​តំបន់​មជ្ឈិមបូព៌ា និង​អឺរ៉ុប​ខាង​កើត​ជា​ដើម។

​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ បាន​មាន​ប្រសាសន៍​ថា យុទ្ធវិធី​ចាប់​និង​ឃុំ​ខ្លួន​ ដែល​បាន​ប្រើ​ដោយ​រដ្ឋាភិបាល​ក្នុង​ពេល​បច្ចុប្បន្ន​ មិន​មែន​ជា​យុទ្ធវិធី​ដែល​ធ្វើ​ឲ្យ​សាធារណជន​ស្ងប់​ចិត្ត​នោះ​ទេ​ តែ​វា​អាច​នឹង​បង្ក​អំពើ​ហិង្សា​ ហើយ​អាច​នឹង​ឈាន​ដល់​ការ​ប្រកាស​អាសន្ន​ដោយ​រដ្ឋាភិបាល។

លោក មាស នី ថ្លែង​ប្រាប់ VOA ថា៖«បើ​សិន​ណា​ជា​ស្ថានភាព​នៃ​គំនាប​រាល់​ថ្ងៃ​នេះ​នឹង​នៅ​បន្ត​ វា​នឹង​អាច​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា​មួយ​ ដែល​ពលរដ្ឋ​ខ្លះ​ពិបាក​ទប់​ ហើយ​កាល​ណា​បើ​សិន​ជា​ប្រជាពលរដ្ឋ​ពិបាក​ទប់​ ពេល​ហ្នឹង​វា​អាច​ផ្ទុះ​ជា​កំហឹង​ទៅ​ នឹង​បង្ក​ឲ្យ​មាន​អំពើ​ផ្សេងៗ​កើត​ឡើង​ ហើយ​ខ្ញុំ​គិត​ថា​ ពេល​នោះ​ក៏​រដ្ឋាភិបាល​ប្រហែល​ជា​នឹង​អាច​មាន​មូលហេតុ​គ្រប់គ្រាន់​ក្នុង​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ ដើម្បី​គ្រប់គ្រង​ស្ថានភាព​ រួច​ហើយ​ប្រកាស​ថា​ ប្រទេស​ខ្មែរ​ស្ថិត​ក្នុង​ភាព​អាសន្ន»។

លោក​បញ្ជាក់​បន្ត​ថា​ ប្រសិន​បើ​ប្រទេស​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន នោះ​ការ​បោះឆ្នោត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន​ ច្រើន​ជាង​ការ​ធ្វើ​បដិវត្តន៍​នោះ ​អាច​នឹង​ត្រូវ​ពន្យារ​ពេល។​ លោក​ថា​ ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​នេះ​ អាច​នឹង​នាំ​កម្ពុជា​ដើរ​ទៅ​រក​គន្លង​របបនយោបាយ​ចាស់​របស់​ប្រទេស​ភូមា​ ឬ​មីយ៉ាន់ម៉ា​ផង​ដែរ។

លោក មាស នី ពន្យល់​ថា៖​«ខ្ញុំ​គិត​ថា​ បើ​សិន​ណា​ជា​យើង​មើល​ត្រឹម​ការ​អនុវត្ត​ អ្វី​ដែល​កំពុង​មាន​រាល់​ថ្ងៃ​ហ្នឹង​ណាស់​ ដែល​កំពុង​កើត​មាន​មកដល់​ពេលនេះ​ យើង​កំពុង​ដើរ​នៅ​ក្នុង​បរិបទ​នៃ​ភូមា​ចាស់​ហើយ​ ព្រោះ​ភូមា​ចាស់​នៅ​ពេល​ដែល​មាន​ការ​ដួល​រលំ​អំណាច​របស់​(លោក) ថេន​ សេន ​ហ្នឹង​ យើង​ឃើញ​ថា ​មាន​អ្នកទោស​ប្រមាណ​ជា​ជាង​៣.០០០​នាក់​ អ្នក​ទោស​នយោបាយ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​បាន​ត្រូវ​ចាប់​ដាក់​មន្ទីរ​ឃុំឃាំង​ ដែល​នឹង​ដោះលែង​ថ្មីៗ​នេះ។​ ប៉ុន្តែ​ទី​ចុង​បំផុត​ រដ្ឋាភិបាល​របស់​លោក​ ថេន សេន​ ក៏បាន​ទទួល​បរាជ័យ​ទៅ​លើ​ការ​បោះឆ្នោត»។

​យ៉ាងណា​ក៏ដោយ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​ដែល​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​អង្គារ​នេះ​ បាន​បន្ត​ព្រមាន​ចាប់​ខ្លួន​ ការ​ប្រើប្រាស់​ពណ៌​ធ្វើ​យុទ្ធនាការ​ខុស​ច្បាប់​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​ប្រាំ​នាក់​នោះ។​ លោក​បាន​ថ្លែង​ដោយ​យោង​ទៅ​លើ​បដិវត្តន៍​ពណ៌​ ដែល​បាន​កើត​មាន​កន្លង​មក​ហើយ​ ក្នុង​នោះ​បដិវត្តន៍​ពណ៌​ទឹក​ក្រូច​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក ហ៊ុន សែន ព្រមាន​ខ្លាំងៗ​ថា៖«ពណ៌​អី​ក៏ដោយ​ នៅ​កន្លែង​ខ្លះ​ គេ​ហៅ​ពណ៌​ទឹកក្រូច​ ខ្លះ​គេ​ថា​ពណ៌ក្រហម​ ខ្លះ​គេ​ហៅ​ពណ៌ខ្មៅ។​ ខ្ញុំ​ថា​ ពណ៌​អី​ក៏ដោយ​ ឲ្យ​តែ​ធ្វើ​ខុស​ច្បាប់​ ដាក់​ទំាង​អស់​ហ្នឹង​ តុលាការ​គេ​បង្កើត​ឡើង​ ដើម្បី​អនុវត្ត​ច្បាប់​ កម្លំាង​ប្រដាប់​អាវុធ​គេ​បង្កើត​ឡើង​ដើម្បី​ការពារ​រដ្ឋ​ គុក​គេ​បង្កើត​ឡើង​ដាក់​អ្នក​ទោស​ កុំ​ឆ្ងល់​ពេក»។


រូបឯកសារ៖ ក្រុមប៉ូលិស​ដើរកាត់​ក្រុមកម្មករខណៈពេល​ដែល​ពួកគេប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​និងសេរីភាពសមាគម»​នៅ​ថ្ងៃទី​១​ ខែឧសភា ​នៅ​ទីក្រុង​ភ្នំពេញ។ ​កម្មករ​ប្រមូល​ផ្ដុំ​គ្នាដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​ឈ្នូល​អប្បបរិមា​ លក្ខ័ណ្ឌ​ការងារ​និង​សិទ្ធិ​សហជីព។​ (​ឡេង ឡែន/VOA)

រូបឯកសារ៖ ក្រុមប៉ូលិស​ដើរកាត់​ក្រុមកម្មករខណៈពេល​ដែល​ពួកគេប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​និងសេរីភាពសមាគម»​នៅ​ថ្ងៃទី​១​ ខែឧសភា ​នៅ​ទីក្រុង​ភ្នំពេញ។ ​កម្មករ​ប្រមូល​ផ្ដុំ​គ្នាដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​ឈ្នូល​អប្បបរិមា​ លក្ខ័ណ្ឌ​ការងារ​និង​សិទ្ធិ​សហជីព។​ (​ឡេង ឡែន/VOA)

ប្រទេស​កម្ពុជា​នៅ​តែ​ប្រឈម​មុខ​នឹង​សញ្ញា​ ដែល​អាច​ក្លាយ​ជា​កត្តា​ហានិភ័យ​នាំ​ទៅ​រក​ការ​កើត​មាន​អំពើ​ហិង្សា​សារ​ជាថ្មី​ ខណៈ​ដែល​ប្រជាជន​រស់នៅ​ក្នុង​ប្រទេស​ ដែល​នៅ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​នេះ កំពុង​ប្រឈម​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ការ​វាយ​ប្រហារ​នានា​ទៅ​លើ​ក្រុម​ជំទាស់​ និង​អំពើ​អយុត្តិធម៌​សង្គម​ផ្សេងៗ​ទៀត។

នេះ​បើ​យោង​ទៅ​តាម​ឯកសារ​បង្ហាញ​ពី​កត្តា​ហានិភ័យ​ដែល​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ឈាន​ដល់​ការ​កាប់​សម្លាប់​យ៉ាង​រង្គាល។​ ឯកសារ​នេះ​ជា​ផ្នែក​មួយ​នៃ​បទដ្ឋាន​«ការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ​លើ​មនុស្ស​ជាតិ» ជា​ភាសា​អង់គ្លេស​ហៅ​ថា ‍«The Responsibility to Protect»​ ដែលត្រូវ​បាន​ចេញ​ផ្សាយដោយ​អង្គការ​សហ​ប្រជាជាតិ ​កាលពី​ឆ្នាំ២០១៤​កន្លង​ទៅ។

ឯកសារ​ដដែល​នេះ​ បាន​ឲ្យ​ដឹង​ពី​កត្តា​ហានិភ័យ​ចំនួន​១៤​ រួម​មាន​កង្វះ​ខាត​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ មាន​កម្រិត​ខ្ពស់ ​អភិបាលកិច្ច​ទន់​ខ្សោយ ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ភាព​គ្មាន​ទោសពៃរ៍​ គឺ​ជា​ដើម​ចម​នៃ​លទ្ធភាព​ ដែល​អាច​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ៕

1 comment:

Anonymous said...

The question is does hunsen know that?. Of course he fucking does.