A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 16 May 2016

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទាមទារ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​គ.ជ.ប


ដោយ កេសរណ្ណីយ្យា
2016-05-16

មន្ត្រី​អាដហុក ៤​នាក់ ២០១៨ ៨៥៥
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
 RFA



ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ពី​រដ្ឋ​ផ្សេងៗ​នៃ​សហរដ្ឋ​អាមេរិក ប្រជុំ​គ្នា​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»។ ការ​ជួប​ជុំ​គ្នា​នេះ ប្រព្រឹត្ត​ទៅ​នៅ​សួន​សាធារណៈ​មួយ​កន្លែង (MacArthur Park) ក្នុង​ក្រុង​ឡុងប៊ិច (Long Beach) នា​រសៀល​ថ្ងៃ​អាទិត្យ ដែល​ត្រូវ​គ្នា​នឹង​ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ ទី​១៦ ឧសភា ម៉ោង​នៅ​ប្រទេស​កម្ពុជា។

ក្នុង​កិច្ច​ជួប​ជុំ​គ្នា​សម្ដែង​មតិ​នោះ ពលរដ្ឋ​ខ្មែរ-អាមេរិកាំង អ្នក​ចូលរួម គឺ​សុទ្ធតែ​ស្លៀកពាក់​ខោ​អាវ​ពណ៌​ខ្មៅ​ទាំងអស់​គ្នា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​ខ្មែរ-អាមេរិកាំង «ភូមិ​បៃតង» (Green Village of LB) និង​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង (Cambodian-American Ally-CAA) ដែល​រៀបចំ​កិច្ច​ជួប​ជុំ​នេះ គូស​បញ្ជាក់​ថា ការ​ប្រើ​សម្លៀកបំពាក់​ពណ៌​ខ្មៅ គឺ​ជា​ចំណុច​សំខាន់​មួយ​នៃ​ការ​ជួប​ជុំ​គ្នា​នេះ និង​ជា​និមិត្តរូប​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​នយោបាយ និង​អង្គការ​មនុស្សធម៌ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ ចាប់​ឃុំ​ខ្លួន និង​ដាក់​ពន្ធនាគារ​យ៉ាង​បំពាន​ច្បាប់។



អ្នក​រៀបចំ​កម្មវិធី​ជួប​ជុំ​គ្នា គាំទ្រ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​រដ្ឋ​កាលីហ្វ័រញ៉ា លោក មួន ប៊ុនធឿន នៃ​សហគមន៍​ខ្មែរ-អាមេរិកាំង «ភូមិ​បៃតង» នៅ​ក្រុង​ឡុងប៊ិច ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ពលរដ្ឋ​ខ្មែរ-អាមេរិកាំង នឹង​រួម​គ្នា​គាំទ្រ​យុទ្ធនាការ​នេះ​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង និង​ក្រៅ​ប្រទេស​រហូត​ដល់​មាន​ការ​ដោះ​លែង​សកម្មជន​ទាំង​នោះ៖ «តំណាង​ឲ្យ​បង​ប្អូន​ខ្មែរ​ភូមិ​បៃតង​ហ្នឹង បាន​សហការ​ជាមួយ​លោកស្រី ណាវ៉ាន់ ជាតិ ជា​សមាគម CAA។ ថ្ងៃ​នេះ​យើង​ធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ​ដើម្បី​ជួប​ជុំ​គ្នា។ បន្ទាប់​មក យើង​នឹង​មាន​ការ​ស្ម័គ្រ​ចិត្ត​ស្លៀកពាក់​ខ្មៅ ឬ​ផ្សាយ​តាម​បណ្ដាញ​ហ្វេសប៊ុក (Facebook) រៀងៗ​ខ្លួន។ បន្ត​ទៀត យើង​អាច​នឹង​ជួប​ជុំ​គ្នា​ម្ដង​ទៀត និង​ធ្វើ​មហា​បាតុកម្ម​បន្ត​ទៀត។ យើង​ក៏​បាន​មាន​គំនិត​ថា​យក​ស្នាម​មេដៃ​ពលរដ្ឋ​ទាំងអស់ ហើយ​និង​អ្នក​ចូលរួម​ហ្នឹង ទៅ​ជួប​តំណាង​រាស្ត្រ​រដ្ឋ​កាលីហ្វ័ញ៉ា ជម្រាប​ពី​ការ​លំបាក​របស់​ប្រជាជាតិ​ខ្មែរ​ដែល​បាន​រងគ្រោះ»។

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម បង្ហាញ​ពី​ហេតុផល​ផ្ទាល់​ក្នុង​ការ​គាំទ្រ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នេះ៖ «ទៅ​ចូលរួម​ជាមួយ​បង​ប្អូន​នៅ​ទីក្រុង​ឡុងប៊ិច ដែល​ធ្វើ​បាតុកម្ម។ ឥឡូវ​នេះ​កំពុង​ធ្វើ​ដំណើរ​តាម​ឡាន។ យើង​សប្បាយ​ចិត្ត និង​ទៅ​ចូល​គាំទ្រ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ជាពិសេស​ឲ្យ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​ក្ដី និង​សកម្មជន​មួយ​ចំនួន​ទៀត​ដែល​គេ​ចាប់​ដាក់​គុក​ដោយ​អយុត្តិធម៌។ យើង​សម្រេច​ចិត្ត​រួច​ហើយ​ថា ដរាប​ណា​ខ្មែរ​យើង ជាពិសេស​អ្នក​ទាមទារ​ឲ្យ​មាន​សេរីភាព ឲ្យ​មាន​យុត្តិធម៌​ក្នុង​សង្គម ចង់​ទាមទារ​ឲ្យ​បង​ប្អូន​យើង​បាន​មាន​សេរីភាព​គ្រប់គ្រាន់ យើង​នឹង​បន្ត​យុទ្ធនាការ​ហ្នឹង​រហូត​ដល់​បង​ប្អូន​យើង​រួច​ចេញ​ពី​ពន្ធនាគារ បើ​មិន​អ៊ីចឹង​ទេ យើង​នៅ​តែ​ធ្វើ​គ្រប់​ទីក្រុង​ឲ្យ​បាន​ច្រើន​ថែម​ទៀត»។

ហើយ​នេះ​គឺ​ជា​យោបល់​របស់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ម្នាក់​ទៀត ចំពោះ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នេះ៖ «យើង​បាន​ឃើញ​ហើយ ថ្មីៗ​នេះ មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ៤​រូប រួម​ទាំង​សមាជិក គ.ជ.ប ១​រូប ត្រូវ​បាន​ដាក់​ក្នុង​ពន្ធនាគារ​កាត់​ទោស​ដោយ​អយុត្តិធម៌ ទឹក​ប្រាក់​តែ​ចំនួន ២០០​ដុល្លារ​ទេ ប្រើ​ប្រព័ន្ធ​តុលាការ​អយុត្តិធម៌​ចោទ​ប្រកាន់​លើ​គាត់ ហើយ​ចាប់​គាត់​ដាក់​ពន្ធនាគារ។ ភាព​អយុត្តិធម៌​ទាំងអស់​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជារាស្ត្រ​ខ្មែរ​កំពុង​រង​ទុក្ខ​ទោស​ធ្ងន់ បាត់បង់​សិទ្ធិ​សេរីភាព និង​ភាព​អយុត្តិធម៌។ ថ្ងៃ​នេះ​យើង​ចូលរួម​ស្លៀកពាក់​ឈុត​ពណ៌​ខ្មៅ​នេះ គឺ​ចង់​បង្ហាញ​នូវ​ការ​តស៊ូ​មតិ​ទាមទារ ថា​យើង​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នូវ​អ្វី​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន និង​តុលាការ​ស្រុក​ខ្មែរ​ហ្នឹង​ដែល​បាន​ធ្វើ​មក​លើ​ប្រជារាស្ត្រ រួម​ទាំង​សង្គម​ស៊ីវិល​ជាដើម។ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​នូវ​ការ​ចោទ»។

ហើយ​នេះ​គឺ​ជា​យោបល់​ផ្ទាល់​របស់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ពីរ​នាក់​ទៀត ចំពោះ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នេះ៖ «ខ្ញុំ​កំពុង​តែ​បើក​ឡាន​ទៅ ឈឺ​ផង! ប៉ុន្តែ​ចង់​ទៅ​ចូលរួម ព្រោះ​មាន​បំណង​ឲ្យ​រដ្ឋាភិបាល​ស្រុក​ខ្មែរ​ដោះ​លែង​បង​ប្អូន​ទាំងអស់ ព្រោះ​ពួក​គាត់​អត់​មាន​ធ្វើ​អី​ខុស មាន​តែ​ជួយ​ការពារ​ជាតិ ជួយ​រក្សា​សិទ្ធិ​មនុស្ស។ បុរស​ម្នាក់​ទៀត៖ បំណង​របស់​ខ្ញុំ​ចូលរួម​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ហ្នឹង​គោរព​ច្បាប់​ទម្លាប់ គោរព​សិទ្ធិ​មនុស្ស។ ឥឡូវ​ហ្នឹង​យើង​ឃើញ​ថា ប្រជាពលរដ្ឋ​ហ្នឹង​រងគ្រោះ​សម្បើម​ណាស់ តំណាងរាស្ត្រ​រងគ្រោះ​ខ្លាំង រហូត​ដល់​ថ្នាក់​សង្គម​ស៊ីវិល​ក៏​ត្រូវ​ជាប់​ពិរុទ្ធ​ទៀត។ យើង​ត្រូវ​តែ​ធ្វើ ទោះ​បី​បាន​លទ្ធផល​ប៉ុណ្ណា ក៏​យើង​មិន​អាច​ប៉ាន់ស្មាន​ដែរ ប៉ុន្តែ​យើង​ត្រូវ​តែ​ដាក់​គំនាប»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ-អាមេរិកាំង អ្នក​ចូលរួម​សម្ដែង​មតិ​នា​ពេល​នេះ គឺ​ក្នុង​បំណង​ដើម្បី​បង្ហាញ​ពិភពលោក និង​សហគមន៍​អន្តរជាតិ ឲ្យ​ឃើញ​ច្បាស់​នូវ​ទង្វើ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​បាន​ប្រើ​មធ្យោបាយ​ហិង្សា​គាប​សង្កត់​ជា​ប្រព័ន្ធ ធ្វើ​ទុក្ខ​ទោស​ជា​ហូរហែ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នានា ព្រម​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អង្គការ​សហប្រជាជាតិ ដែល​ហ៊ាន​ចេញ​មុខ​សម្ដែង​មតិ​រិះគន់​ប្រឆាំង​នឹង​សកម្មភាព​អយុត្តិធម៌ អមនុស្សធម៌ និង​រំលោភ​ច្បាប់​របស់​រដ្ឋាភិបាល៕

No comments: