សន្ដិសុខខណ្ឌដូនពេញចាប់សែងស្ដ្រីអ្នកតវ៉ាម្នាក់ចេញពីច្រកទ្វារអង្គភាពប្រឆាំងអំពើពុករលួយ។ ផា លីណា
តើខ្មែររង់ចាំនរណានាំលទិ្ធប្រជាធិបតេយ្យមក?
Mon, 2 May 2016 ppp
ការវិវត្តនយោបាយថ្មីៗនៅកម្ពុជាមិនមានអ្វីប្លែកជាងពីអ្វីដែលកំពុងតែកើតមានឡើងនៅលើឆាកអន្តរជាតិឡើយ។ នោះគឺជាការមិនវិវត្តទៅមុខនៃលទ្ធិប្រជាធិបតេយ្យ និងភាពឆ្លាតវៃនៃរបបផ្តាច់ការក្នុងការលេងល្បែងប្រជាធិបតេយ្យ (ខ្ញុំបានបង្ហាញពីល្បែងនេះកាលពីថ្ងៃទី ១៨ មេសាកន្លងទៅតាមកាសែតភ្នំពេញប៉ុស្តិ៍)។
លោក Larry Diamond ជាសង្គមវិទូ និងអ្នកវិទ្យាសាស្ត្រនយោបាយបានព្រមានតាមរយៈអត្ថបទរបស់លោកជាច្រើនអំពីការមិនដំណើរការទៅមុខនៃលទ្ធិប្រជាធិបតេយ្យ និងភាពស្ទាក់ស្ទើររបស់ប្រទេសដែលធ្លាប់គាំទ្រលទ្ធិប្រជាធិបតេយ្យហើយនិងកត្តាប្រឈមដែលកើតចេញពីរដ្ឋមិនប្រជាធិបតេយ្យដូចជារុស្ស៊ី ឬចិនជាដើម។
ហេតុផលមួយនៃការមិនដំណើរការទៅមុខនៃប្រជាធិបតេយ្យត្រូវបានអ្នកវិទ្យាសាស្ត្រនយោបាយលោក Francis Fukuyama កំណត់ថាមកពីភាពទន់ខ្សោយ ឬក៏ភាពសឹករេចរឹលនៃស្ថាប័នប្រជាធិបតេយ្យ។ ភាពទន់ខ្សោយនៃស្ថាប័នប្រជាធិបតេយ្យបានកើតចេញពីរបបដែលមិនមានយន្តការប្រជាធិបតេយ្យរឹងមាំ។ ដូចបានដឹងស្រាប់ហើយថាក្រោយសង្គ្រាមត្រជាក់របបប្រជាធិបតេយ្យមានប្រៀបលើរបបកុម្មុយនីស្តផ្តាច់ការក៏ប៉ុន្តែប្រទេសមួយចំនួនដែលបានផ្លាស់ប្តូរគោលនយោបាយបែបកុម្មុយនីស្តហើយពាក់ស្រោមមុខប្រជាធិបតេយ្យជំនួសនោះមិនបានព្យាយាមកែទម្រង់នៃការគ្រប់គ្រងរបបរបស់ខ្លួនឲ្យមានស្ថាប័នប្រជាធិបតេយ្យរឹងមាំឡើយ។
ដោយសារលោភលន់អំណាច និងទ្រព្យសម្បត្តិអ្នកដឹកនាំប្រទេសទាំងនោះចាប់ផ្តើមលេងល្បែងប្រជាធិបតេយ្យហើយចាប់ផ្តើមប្រើយន្តការច្បាប់ផ្តាច់ការរបស់ខ្លួន (Autocratic Legalism: use, abuse, and non-use of law)។ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ Javier Corrales បានលើកឧទាហរណ៍ពីវិធានការនៃប្រទេសវេណេស៊ុយអេឡាពីការយកច្បាប់ផ្តាច់ការរបស់ខ្លួនមកប្រើតាមរូបភាពបីយ៉ាង៖ ទី១ គឺការអនុវត្តច្បាប់មួយរយភាគរយ។ មានន័យថារាល់ច្បាប់ដែលប្រទេសមួយនេះបង្កើតឡើងក្នុងគោលដៅបំបិទសិទ្ធិបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ ឬសង្គមស៊ីវិលដែលទើសមុខនឹងខ្លួនគឺត្រូវតែអនុវត្តទៅលើក្រុមគោលដៅទាំងនោះឲ្យបានមួយរយភាគរយ។ អ្នកទាំងនោះដាច់ខាតត្រូវប្រឈមនឹងច្បាប់ដែលគេបានតាក់តែងទាំងនោះ។ ទី២ គឺការអនុវត្តច្បាប់ដោយរំលោភបំពានលើសពីលើគោលការណ៍ច្បាប់ដែលគេមាន ឬមិនមានចែង។ មានន័យថានិយមន័យនៃច្បាប់ដែលគេអនុម័តត្រូវបានបកស្រាយស្រេចតែទៅលើអ្វីដែលរបបនោះចង់បាន។
ពួកគេព្យាយាមទាញច្បាប់មកដើម្បីតម្រូវនិយមន័យរបស់ពួកគេជានិច្ច។ ទី៣ គឺការមិនអនុវត្តច្បាប់ទៅលើបក្ខពួក និងគូកនរបស់ខ្លួនដោយការពន្យារពេល ឬក៏បំភ្លេចចោលច្បាប់តែម្តង។ ប្រទេសទាំងឡាយដែលមិនមានស្ថាប័នប្រជាធិបតេយ្យរឹងមាំតែងតែអនុវត្តវិធីខាងលើហើយក្នុងនោះប្រហែលជាកម្ពុជាក៏កំពុងតែប្រើវិធីខាងលើនោះផងដែរប្រជារាស្ត្រអាចតាមដាន និងពិនិត្យអ្វីដែលកំពុងតែកើតមានឡើងហើយសម្រេចចិត្តវាយតម្លៃចុះ។
ភាពពុកផុយ ឬសឹករេចរឹលនៃស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសប្រជាធិបតេយ្យពេញលេញដូចជាសហរដ្ឋអាមេរិក ឬសហគមន៍អឺរ៉ុបនាំមកនូវភាពពិបាកក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅទូទាំងសកលលោក។ ដោយប្រឈមមុខទៅនឹងវិបត្តិសេដ្ឋកិច្ចដែលបានកើតឡើងប្រទេសប្រជាធិបតេយ្យពេញលេញទាំងនោះបានពិនិត្យមើលស្ថាប័នរបស់ខ្លួនឡើងវិញពីរបៀបគ្រប់គ្រង និងដឹកនាំឲ្យមានប្រសិទ្ធភាព។
តំណាងរាស្ដ្របក្សសង្គ្រោះជាតិត្រូវបានគេវាយកាលពីឆ្នាំមុន។ សហការី
ជាការពិតណាស់យន្តការប្រជាធិបតេយ្យពិតប្រាកដពេកអាចប្រឈមនឹងការពិបាកក្នុងការគ្រប់គ្រង និងធ្វើការសម្រេចចិត្តឲ្យបានទាន់ពេលវេលាស្របតាមសភាពការណ៍ជាក់ស្តែង។ ដូចនេះគេក៏ត្រូវការធ្វើយ៉ាងណាឲ្យមានតុល្យភាពរវាងពីការសម្រេចចិត្តឲ្យមានប្រសិទ្ធភាព និងការសម្រេចចិត្តទៅតាមគោលការណ៍ប្រជាធិបតេយ្យ។ ទន្ទឹមនឹងនោះដែរការធ្វើសង្គ្រាមប្រឆាំងនឹងអំពើភេរវកម្មក៏តម្រូវឲ្យប្រទេសទាំងនោះកែសម្រួលច្បាប់គ្រប់គ្រងរបស់ខ្លួនដែលមានពេលខ្លះច្បាប់ទាំងនោះវាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់បុគ្គលដែលធ្វើឲ្យមានការពិបាកក្នុងការអនុវត្តប្រជាធិបតេយ្យតាមគោលការណ៍ពេញលេញ។
កត្តាទាំងនេះបានធ្វើឲ្យប្រទេសដែលធ្លាប់តែបញ្ចេញសំឡេងខ្លាំងៗរបស់ខ្លួនក្នុងការលើកស្ទួយសិទ្ធិ និងប្រជាធិបតេយ្យនៅប្រទេសដទៃតាមរយៈជំនួយសេដ្ឋកិច្ច ឬក៏នយោបាយការបរទេសរបស់ខ្លួនមានការពិបាកក្នុងការបញ្ចុះបញ្ចូលឲ្យរដ្ឋប្រជាធិបតេយ្យក្លែងក្លាយមួយចំនួនអនុវត្តគោលការណ៍ប្រជាធិបតេយ្យទាំងនោះ។
កត្តាប្រឈមមួយទៀតគឺការកើតមានឡើងនូវស្ថាប័នសេដ្ឋកិច្ចនយោបាយ និងយោធាមួយចំនួនដែលនាំមុខដោយរុស្ស៊ី និងចិនមានដូចជាអង្គការសហប្រតិ្តបត្តិការក្រុងស៊ាវហៃ (Shanghai Cooperation Organization) សមាគមសេដ្ឋកិច្ចរបស់ប្រទេស BRICS ឬអង្គការសន្ធិសញ្ញាសន្តិសុខរួម (Collective Security Treaty Organization) ជាដើម។ល។
ស្ថាប័នទាំងនេះអាចមានឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយទៅលើប្រទេសមិនមានប្រជាធិបតេយ្យច្បាស់លាស់មួយចំនួនហើយអាចដើរតួនាទីជំនួសស្ថាប័នដែលធ្លាប់តែផ្សារភ្ជាប់ជំនួយរបស់ខ្លួនទៅនឹងគោលការណ៍ប្រជាធិបតេយ្យដូចជាធនាគារពិភពលោក ឬមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) ជាដើម។ លើសពីនោះទៀតប្រទេសមិនប្រជាធិបតេយ្យទាំងនោះកំពុងតែផ្សព្វផ្សាយព័ត៌មានប្រជាភិថុតិដើម្បីបំបាក់មុខប្រទេសដែលធ្លាប់តែប្រជាធិបតេយ្យដូចជាអាមេរិក និងអឺរ៉ុបដោយចង្អុលទៅលើចំណុចខ្សោយមួយចំនួនហើយក៏ព្យាយាមលើកទឹកចិត្តឲ្យប្រទេសទាំងឡាយគាំទ្រការដឹកនាំផ្តាច់ការរបស់ខ្លួន។ ការចាក់ខ្សាច់ចូលសមុទ្រពង្រីកទឹកដីក្នុងសមុទ្រចិន និងការភ្ជាប់ទឹកដីគ្រីមានៅប្រទេសអ៊ុយក្រែនសុទ្ធតែជាការសាកល្បងសមត្ថភាពប្រព័ន្ធគ្រប់គ្រងនៃស្ថាប័នអន្តរជាតិដែលកំពុងតែពុកផុយទាំងនោះ។ កត្តាទាំងនេះហើយបានធ្វើឲ្យប្រជាធិបតេយ្យហាក់ដូចជាមិនធ្វើដំណើរទៅមុខ។ តែទោះជាយ៉ាងណាអ្នកសង្គមវិទូ និងវិទ្យាសាស្ត្រនយោបាយសុទ្ធតែមានសុទិដ្ឋិនិយមចំពោះលទ្ធិប្រជាធិបតេយ្យជានិច្ច។ ពួកគេសន្និដ្ឋានថាទាំងចិន និងរុស្ស៊ីសុទ្ធតែមិនអាចដឹកនាំពិភពលោកឲ្យគេចផុតពីប្រជាធិបតេយ្យឡើយពីព្រោះពួកគេគ្មានអំណាចទន់ (Soft Power) ណាមួយក្នុងការទាក់ទាញប្រទេសទាំងឡាយឲ្យមកនៅក្រោមបទបញ្ជាអន្តរជាតិរួមរបស់ខ្លួនឡើយ។
អ្នកប្រាជ្ញខ្លះបានលើកឧទាហរណ៍ពីការបរាជ័យរបស់រដ្ឋទាំងនោះក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យកែទម្រង់សេដ្ឋកិច្ចតាមខ្លួន ឬក៏ទប់មិនឲ្យភូមាមានការផ្លាស់ប្តូរពីរបបយោធាទៅប្រជាធិបតេយ្យ។ល។ មួយវិញទៀតអ្វីដែលពួកគេកំពុងធ្វើក៏ព្រោះតែព្យាយាមទប់របត់ប្រជាធិបតេយ្យផ្ទៃក្នុងប្រទេសគេដែរតែប៉ុណ្ណោះ។
ការយកគុណតម្លៃអាស៊ី សាសនា ភូមិសាស្ត្រនយោបាយ ឬអសន្តិសុខសង្គមមកធ្វើជាលេសពន្យារពេលក្នុងការអនុវត្តឲ្យមានប្រជាធិបតេយ្យពេញលេញសុទ្ធតែត្រូវបានបង្ហាញថាជាលេសមិនសមហេតុផល និងមិនត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រទាល់តែសោះ។ ប្រទេសភាគច្រើនអាចដឹកនាំតាមរបៀបផ្តាច់ការរបស់ខ្លួនបានយូរ ឬឆាប់អាស្រ័យលើធនធានមនុស្ស និងធនធានធម្មជាតិរបស់ប្រទេសនោះតែប៉ុណ្ណោះ។
មានការស្រាវជ្រាវ និងការដកបទពិសោធរបស់អ្នកវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រនយោបាយជាច្រើនបានលើកយកមកបង្ហាញមានដូចជាតាមរយៈសៀវភៅ “ហេតុអ្វីបានជាតិបរាជ័យ Why nations fail របស់ Daron Acemoğlu and James A. Robinson “កត្តាកំណត់ពីប្រជាធិបនីយកម្ម Determinants of Democratization របស់ Jan Teorell” ហើយនិងការផ្សព្វផ្សាយប្រចាំខែតាមទិនានុប្បវត្តិវិទ្យាសាស្ត្រស្តីពីប្រជាធិបតេយ្យជាដើម។
កម្ពុជាបើទោះជាធ្លាប់បានបោះឆ្នោតក្រោមរដ្ឋធម្មនុញ្ញតាំងតែពីឆ្នាំ ១៩៤៧ មកក៏ដោយ ក៏គ្មានភាគីណាមួយទទួលលទ្ធផលដោយអស់ចិត្តនោះឡើយ។ គេតែងតែឃើញការធ្វើទុក្ខបុកម្នេញគ្នាទៅវិញទៅមកជាដរាប។ ប៉ុន្តែក៏គ្មានភាគីណាមួយចំណេញបានយូរដែរ។ លទ្ធផលជាក់ស្តែងដូចបានឃើញក្នុងប្រវត្តិសាស្ត្រស្រាប់។ នោះក៏មកពីគ្មាននរណាគិតគូរពីការធ្វើឲ្យស្ថាប័នប្រជាធិបតេយ្យរឹងមាំ។ ម្នាក់ៗគិតតែដាក់បក្ខពួកខ្លួនទៅតាមស្ថាប័នដែលខ្លួនឈ្នះដោយមិនបានរៀបចំឲ្យស្ថាប័នឲ្យអាចដើរទៅមុខដោយខ្លួនឯងឡើយ។ ការយកឥទ្ធិពលនយោបាយទៅលាយឡំនឹងស្ថាប័នឯករាជ្យនានាដូចជានៅតាមស្ថាប័នរៀបចំការបោះឆ្នោតតុលាការ នគរបាល យោធា មន្ត្រីរាជការសាធារណៈ ឬក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។ល។ សុទ្ធតែមិនបានធ្វើឲ្យស្ថាប័ននោះរឹងមាំឡើយហើយវាគង់នឹងរលាយទៅតាមជីវិតបក្ស ឬបុគ្គលនយោបាយនោះគ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ! ស្របពេលដែលគណបក្សនយោបាយមិនរឹងមាំដោយគ្រប់គ្រងតាមបែបបុគ្គលជាធំហើយគ្មានប្រភពហិរញ្ញវត្ថុពីស្ថាប័នជាតិរឹងមាំដែលងាយធ្វើឲ្យអ្នកមានធនធានមានឥទ្ធិពលទៅលើអ្នកនយោបាយបានបូករួមទាំងប្រព័ន្ធផ្សព្វផ្សាយរឹតត្បិតសុទ្ធតែជាមូលហេតុដែលធ្វើឲ្យស្ថាប័នប្រជាធិបតេយ្យចុះខ្សោយ និងពុកផុយរលួយជានិច្ច។ បក្សនយោបាយខ្លះបង្កើតឡើងតាមបរទេសលើកបន្តុបខ្លះបង្កើតឡើងមកគ្រាន់តែកំដរឆាកប្រជាធិបតេយ្យ! បក្សខ្លះបង្កើតដោយកំហឹង! បក្សខ្លះបង្កើតតាមការរវើរវាយចំណែកឯបក្សខ្លះបង្កើតក្រោមស្លាកប្រជាធិបតេយ្យទាំងមិនយល់ពីអត្ថន័យនៃប្រជាធិបតេយ្យឲ្យបានច្បាស់លាស់។
តើដល់ពេលណាទើបកម្ពុជាមានប្រជាធិបតេយ្យមួយពេញលេញបាន?
យើងមិនគួររង់ចាំសហរដ្ឋអាមេរិក ឬសហគមន៍អឺរ៉ុប ឬក៏បក្សណាដែលមានប្រជាធិបតេយ្យផ្ទៃក្នុងពេញលេញមកនាំប្រជាធិបតេយ្យមកដល់ស្រុកខ្មែរទៀតនោះឡើយ។ ជាការពិតសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកគេបានជួយយើងអស់លទ្ធភាពដែលពួកគេមានរួចទៅហើយ។ គេក៏មានប្រទេសគេ និងប្រជាជនគេដែលទាមទារការយកចិត្តទុកដាក់ដែរ។ កុំរំពឹងទៅលើគេពេកវាល្មមដល់ពេលវេលាដែលប្រជារាស្ត្រទាំងអស់រួមជាមួយអ្នកនយោបាយដែលមានស្រាប់លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងពង្រឹងស្ថាប័នដឹកនាំដូចដែលរៀបរាប់ខាងលើឲ្យរឹងមាំហើយរៀនរស់ទាំងអស់គ្នាទៅ។ អ្វីៗតែងតែមានចុងបញ្ចប់គ្រាន់តែថាវាបញ្ចប់ដោយរីករាយ ឬឈឺចាប់គឺសុទ្ធតែខ្មែរខ្លួនឯងទេជាអ្នកកំណត់! ឈប់ស្រមើស្រមៃចង់បានអ្វីដែលល្អឥតខ្ចោះហើយចាប់ផ្តើមធ្វើអ្វីដែលមានស្រាប់ទៅតាមលទ្ធភាពរបស់ខ្លួន។
អ្នកស្រឡាញ់ប្រជាធិបតេយ្យត្រូវចាប់ផ្តើមចេញពីការទទួលយកគំនិតអ្នកដទៃមកពិភាក្សាជជែកវែកញែកតាមហេតុ និងផលដោយការគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក។ បើគ្រាន់អនុវត្តគុណតម្លៃប៉ុណ្ណឹងមិនបានកុំមកនិយាយថាខ្លួនចង់បានប្រជាធិបតេយ្យ ឬសន្តិភាពឲ្យសោះ! មកទល់នឹងពេលនេះមានតែរបបប្រជាធិបតេយ្យពេញលេញមួយប៉ុណ្ណោះដែលអាចរក្សាសុខសន្តិភាព និងអភិវឌ្ឍឲ្យសង្គមបានយូរអង្វែង។
តើប្រជារាស្ត្រខ្មែរត្រូវរង់ចាំនរណានាំប្រជាធិបតេយ្យមកឲ្យយើងនោះ?
ដោយ ជុំ ច័ន្ទដារិន
អ៊ីមែលៈ chandarin4@hotmail.com
2 comments:
ទេវតា
After the 2018 election result is announced, Dictator & Traitor Hun Sen' s days will be numbered .
Post a Comment