A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 May 2016

តើ​ខ្មែរ​រង់ចាំ​នរណា​នាំ​លទិ្ធប្រជាធិបតេយ្យ​មក​?



សន្ដិសុខ​ខណ្ឌ​ដូនពេញ​ចាប់​សែង​ស្ដ្រី​អ្នក​តវ៉ា​ម្នាក់​ចេញ​ពី​ច្រក​ទ្វារ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។ ផា លីណា


តើ​ខ្មែរ​រង់ចាំ​នរណា​នាំ​លទិ្ធប្រជាធិបតេយ្យ​មក​?
Mon, 2 May 2016 ppp


ការ​វិវត្ត​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​មិន​មាន​អ្វី​ប្លែក​ជាង​ពី​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​លើ​ឆាក​​អន្តរជាតិ​ឡើយ។ នោះ​គឺជា​ការ​មិន​វិវត្ត​ទៅ​មុខ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​ភាព​ឆ្លាតវៃ​នៃ​របប​ផ្តាច់ការ​ក្នុង​ការ​លេង​ល្បែង​ប្រជាធិបតេយ្យ (ខ្ញុំ​បាន​បង្ហាញ​ពី​ល្បែង​នេះ​កាលពី​ថ្ងៃ​ទី ១៨ មេសា​កន្លង​ទៅ​តាម​​កាសែត​ភ្នំពេញ​ប៉ុស្តិ៍)។

លោក Larry Diamond ជា​សង្គម​​វិទូ​ និង​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​បាន​ព្រមាន​តាមរយៈ​អត្ថបទ​របស់​លោក​ជាច្រើន​អំពី​ការ​មិន​ដំណើរការ​ទៅ​មុខ​​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ភាព​ស្ទាក់ស្ទើរ​របស់​ប្រទេស​ដែល​​ធ្លាប់​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​និង​​កត្តា​ប្រឈម​ដែល​​កើត​ចេញ​ពី​រដ្ឋ​មិន​ប្រជាធិបតេយ្យ​ដូចជា​រុស្ស៊ី​ ឬ​ចិន​ជាដើម។

ហេតុ​ផល​មួយ​នៃ​ការ​មិន​ដំណើរ​ការ​ទៅ​មុខ​នៃ​ប្រជាធិបតេយ្យ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​លោក Francis Fukuyama កំណត់​ថា​មកពី​ភាព​ទន់ខ្សោយ​​ ឬ​ក៏​ភាព​សឹក​រេចរឹល​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ។ ភាព​ទន់ខ្សោយ​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ​បាន​កើត​ចេញ​ពី​របប​ដែល​មិន​មាន​យន្តការ​ប្រជាធិបតេយ្យ​រឹងមាំ។ ដូច​បាន​ដឹង​ស្រាប់​ហើយ​ថា​ក្រោយ​​សង្គ្រាម​ត្រជាក់​របប​ប្រជាធិបតេយ្យ​មាន​ប្រៀប​លើ​របប​កុម្មុយនីស្ត​ផ្តាច់ការ​ក៏​ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​ដែល​បាន​ផ្លាស់ប្តូរ​គោល​នយោបាយ​​បែប​កុម្មុយនីស្ត​ហើយ​ពាក់​ស្រោម​មុខ​ប្រជាធិបតេយ្យ​​ជំនួស​នោះ​មិន​បាន​ព្យាយាម​កែទម្រង់​នៃ​ការ​គ្រប់គ្រង​​របប​របស់​ខ្លួន​ឲ្យ​មាន​ស្ថាប័ន​ប្រជាធិបតេយ្យ​រឹងមាំ​ឡើយ។



ដោយសារ​លោភលន់​អំណាច​ និង​ទ្រព្យសម្បត្តិ​អ្នក​ដឹកនាំ​ប្រទេស​ទាំង​នោះ​ចាប់ផ្តើម​លេង​ល្បែង​ប្រជាធិបតេយ្យ​ហើយ​​ចាប់ផ្តើម​ប្រើ​យន្តការ​ច្បាប់​ផ្តាច់ការ​របស់​ខ្លួន (Autocratic Legalism: use, abuse, and non-use of law)។ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ Javier Corrales បាន​លើក​ឧទាហរណ៍​ពី​វិធានការ​នៃ​ប្រទេស​វេណេស៊ុយអេឡា​ពី​ការ​យក​ច្បាប់​ផ្តាច់ការ​របស់​ខ្លួន​​មក​ប្រើ​តាម​រូបភាព​បី​យ៉ាង​៖ ទី១ ​គឺ​ការ​អនុវត្ត​ច្បាប់​មួយ​រយ​ភាគរយ។ មាន​ន័យថា​រាល់​ច្បាប់​ដែល​ប្រទេស​មួយ​នេះ​បង្កើត​​ឡើង​ក្នុង​​គោលដៅ​បំបិទ​សិទ្ធិ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​សង្គម​ស៊ីវិល​ដែល​ទើស​មុខ​នឹង​ខ្លួន​គឺ​ត្រូវ​តែ​អនុវត្ត​ទៅ​លើ​ក្រុម​គោលដៅ​ទាំង​នោះ​​ឲ្យ​បាន​មួយ​រយ​ភាគ​រយ។ អ្នក​ទាំង​នោះ​ដាច់​ខាត​ត្រូវ​ប្រឈម​នឹង​​ច្បាប់​ដែល​គេ​បាន​តាក់តែង​ទាំង​នោះ។ ទី​២ ​​​គឺ​​ការ​អនុវត្ត​​ច្បាប់​​ដោយ​រំលោភ​​បំពាន​លើស​ពី​លើ​គោលការណ៍​ច្បាប់​ដែល​គេ​មាន​ ឬ​​មិន​មាន​ចែង។ មាន​ន័យ​ថា​និយមន័យ​នៃ​ច្បាប់​ដែល​គេ​អនុម័ត​ត្រូវ​បាន​​បកស្រាយ​ស្រេច​តែ​ទៅ​លើ​អ្វី​ដែល​របប​នោះ​ចង់​បាន។

ពួកគេ​ព្យាយាម​ទាញ​ច្បាប់​មក​ដើម្បី​តម្រូវ​និយមន័យ​របស់​​ពួកគេ​ជានិច្ច។ ទី​៣ គឺ​ការ​មិន​អនុវត្ត​ច្បាប់​​ទៅ​លើ​បក្ខពួក​​ និង​គូកន​របស់​ខ្លួន​ដោយ​ការ​ពន្យារ​ពេល​​ ឬ​ក៏​បំភ្លេច​ចោល​ច្បាប់​​តែ​ម្តង។ ប្រទេស​ទាំង​ឡាយ​ដែល​មិន​មាន​​​ស្ថាប័ន​ប្រជាធិបតេយ្យ​រឹងមាំ​តែងតែ​អនុវត្ត​វិធី​ខាង​លើ​ហើយ​ក្នុង​​នោះ​​ប្រហែល​ជា​កម្ពុជា​​ក៏​​កំពុង​តែ​ប្រើ​វិធី​ខាង​លើ​​​នោះ​ផង​ដែរ​ប្រជារាស្ត្រ​អាច​តាមដាន​ និង​ពិនិត្យ​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង​ហើយ​សម្រេច​ចិត្ត​វាយតម្លៃ​ចុះ។

ភាព​ពុកផុយ​​ ឬ​សឹក​រេចរឹល​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​ប្រទេស​ប្រជាធិបតេយ្យ​ពេញលេញ​​ដូច​ជា​សហរដ្ឋអាមេរិក​ ឬ​សហគមន៍​អឺរ៉ុប​នាំ​មក​នូវ​ភាព​ពិបាក​ក្នុង​ការ​​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទូទាំង​សកល​លោក។ ដោយ​ប្រឈម​មុខ​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​​បាន​កើតឡើង​ប្រទេស​ប្រជាធិបតេយ្យ​ពេញលេញ​ទាំង​នោះ​បាន​ពិនិត្យ​មើល​ស្ថាប័ន​របស់​ខ្លួន​ឡើង​វិញ​ពី​របៀប​គ្រប់គ្រង​ និង​ដឹកនាំ​ឲ្យ​មាន​ប្រសិទ្ធភាព។


តំណាង​រាស្ដ្រ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​វាយ​កាលពី​ឆ្នាំ​មុន​។ សហការី

ជា​ការពិត​ណាស់​យន្តការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ពេក​អាច​ប្រឈម​នឹង​ការ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ និង​ធ្វើការ​សម្រេច​ចិត្ត​ឲ្យ​បាន​​ទាន់​ពេលវេលា​ស្រប​តាម​​សភាពការណ៍​ជាក់ស្តែង។ ដូច​នេះ​គេ​​ក៏​​ត្រូវការ​​ធ្វើ​យ៉ាង​ណា​ឲ្យ​​មាន​តុល្យភាព​រវាង​​ពី​ការ​សម្រេច​ចិត្ត​ឲ្យ​​មាន​​ប្រសិទ្ធភាព​ និង​ការ​សម្រេច​ចិត្ត​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ។ ទន្ទឹម​នឹង​នោះ​ដែរ​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ក៏​​តម្រូវ​ឲ្យ​ប្រទេស​ទាំងនោះ​កែ​សម្រួល​ច្បាប់​គ្រប់គ្រង​របស់​ខ្លួន​ដែល​មាន​ពេល​ខ្លះ​ច្បាប់​ទាំង​នោះ​វា​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ដែល​ធ្វើ​ឲ្យ​មាន​​ការ​ពិបាក​ក្នុង​ការ​អនុវត្ត​ប្រជាធិបតេយ្យ​តាម​គោលការណ៍​ពេញ​លេញ​​។

កត្តា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ដែល​ធ្លាប់​​តែ​​បញ្ចេញ​សំឡេង​ខ្លាំងៗ​របស់​ខ្លួន​​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​ និង​ប្រជាធិបតេយ្យ​នៅ​​ប្រទេស​ដទៃ​តាមរយៈ​ជំនួយ​សេដ្ឋកិច្ច​ ឬ​ក៏​នយោបាយ​ការបរទេស​​របស់​ខ្លួន​មាន​ការ​ពិបាក​ក្នុង​​ការ​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​មួយ​ចំនួន​អនុវត្ត​គោលការណ៍​​ប្រជាធិបតេយ្យ​ទាំង​នោះ។

កត្តា​ប្រឈម​មួយ​ទៀត​គឺ​ការ​កើត​មាន​ឡើង​នូវ​ស្ថាប័ន​សេដ្ឋកិច្ច​នយោបាយ​ និង​យោធា​មួយ​ចំនួន​ដែល​នាំ​មុខ​ដោយ​រុស្ស៊ី​ និង​ចិន​​មាន​ដូចជា​អង្គការ​សហប្រតិ្តបត្តិការ​ក្រុង​ស៊ាវហៃ (Shanghai Cooperation Organization) សមាគម​​សេដ្ឋកិច្ច​របស់​ប្រទេស BRICS ឬ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម (Collective Security Treaty Organization) ជាដើម។ល។

ស្ថាប័ន​ទាំង​​នេះ​អាច​មាន​ឥទ្ធិពល​សេដ្ឋកិច្ច​ និង​នយោបាយ​ទៅ​លើ​ប្រទេស​មិន​មាន​ប្រជាធិបតេយ្យ​​​ច្បាស់លាស់​មួយ​ចំនួន​ហើយ​អាច​ដើរតួនាទី​ជំនួស​ស្ថាប័ន​ដែល​ធ្លាប់​តែ​ផ្សារ​ភ្ជាប់​ជំនួយ​របស់​ខ្លួន​ទៅ​នឹង​​គោលការណ៍​ប្រជាធិបតេយ្យ​ដូចជា​ធនាគារ​ពិភពលោក​ ឬ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund) ជាដើម។ លើស​ពី​នោះ​ទៀត​ប្រទេស​មិន​ប្រជាធិបតេយ្យ​ទាំង​នោះ​កំពុង​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រជាភិថុតិ​ដើម្បី​បំបាក់​មុខ​ប្រទេស​ដែល​ធ្លាប់​តែ​ប្រជាធិបតេយ្យ​ដូចជា​អាមេរិក​ និង​អឺរ៉ុប​ដោយ​​ចង្អុល​ទៅ​លើ​ចំណុច​​ខ្សោយ​​មួយ​ចំនួន​ហើយ​​ក៏​ព្យាយាម​លើក​ទឹកចិត្ត​ឲ្យ​ប្រទេស​ទាំង​ឡាយ​​គាំទ្រ​ការ​ដឹកនាំ​ផ្តាច់ការ​របស់​ខ្លួន។ ការ​ចាក់​ខ្សាច់​ចូល​សមុទ្រ​ពង្រីក​ទឹកដី​ក្នុង​សមុទ្រ​ចិន និង​ការ​ភ្ជាប់​​ទឹកដី​​គ្រីមា​នៅ​ប្រទេស​អ៊ុយក្រែន​សុទ្ធតែ​ជា​ការ​សាកល្បង​សមត្ថភាព​ប្រព័ន្ធ​គ្រប់គ្រង​នៃ​ស្ថាប័ន​​អន្តរជាតិ​ដែល​កំពុង​តែ​ពុកផុយ​ទាំង​នោះ។ កត្តា​ទាំង​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​ហាក់​ដូចជា​មិន​ធ្វើ​ដំណើរ​​ទៅ​មុខ។ តែ​ទោះ​ជា​យ៉ាង​ណា​អ្នក​សង្គម​វិទូ​ និង​វិទ្យាសាស្ត្រ​នយោបាយ​សុទ្ធតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​ជានិច្ច។ ពួកគេ​សន្និដ្ឋាន​ថា​ទាំង​ចិន​ និង​រុស្ស៊ី​សុទ្ធ​តែ​មិន​អាច​ដឹកនាំ​ពិភពលោក​ឲ្យ​​គេច​ផុត​ពី​ប្រជាធិបតេយ្យ​​ឡើយ​ពីព្រោះ​ពួកគេ​គ្មាន​អំណាច​ទន់ (Soft Power) ណា​មួយ​ក្នុង​ការ​ទាក់ទាញ​ប្រទេស​ទាំងឡាយ​ឲ្យ​មក​នៅ​ក្រោម​​បទបញ្ជា​អន្តរជាតិ​រួម​របស់​ខ្លួន​ឡើយ។

អ្នក​ប្រាជ្ញ​ខ្លះ​បាន​លើក​ឧទាហរណ៍​ពី​ការ​បរាជ័យ​​របស់​រដ្ឋ​ទាំងនោះ​ក្នុង​ការ​​បញ្ចុះបញ្ចូល​កូរ៉េ​ខាង​ជើង​ឲ្យ​កែទម្រង់​សេដ្ឋកិច្ច​តាម​ខ្លួន​ ឬ​ក៏​ទប់​មិន​ឲ្យ​ភូមា​មាន​ការ​​ផ្លាស់ប្តូរ​ពី​របប​យោធា​ទៅ​​ប្រជាធិបតេយ្យ។ល។ មួយ​វិញ​ទៀត​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ក៏​ព្រោះ​តែ​ព្យាយាម​​ទប់​របត់​ប្រជាធិបតេយ្យ​​​ផ្ទៃ​ក្នុង​ប្រទេស​គេ​ដែរ​តែ​ប៉ុណ្ណោះ​។

ការ​យក​គុណ​តម្លៃ​អាស៊ី សាសនា ភូមិសាស្ត្រ​នយោបាយ ឬ​អសន្តិសុខ​សង្គម​​មក​ធ្វើ​ជា​​លេស​ពន្យារពេល​ក្នុង​ការ​អនុវត្ត​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពេញលេញ​សុទ្ធ​តែ​ត្រូវ​បាន​​បង្ហាញ​ថា​ជា​លេស​មិន​​សមហេតុផល​ និង​មិន​​ត្រឹមត្រូវ​តាម​បែប​វិទ្យាសាស្ត្រ​ទាល់​តែ​សោះ។ ប្រទេស​ភាគច្រើន​អាច​ដឹកនាំ​តាម​របៀប​ផ្តាច់ការ​របស់​ខ្លួន​បាន​យូរ​ ឬ​ឆាប់​អាស្រ័យ​លើ​ធនធាន​មនុស្ស​​ និង​ធនធាន​ធម្មជាតិ​របស់​​ប្រទេស​នោះ​តែ​ប៉ុណ្ណោះ​។

មាន​ការ​ស្រាវជ្រាវ​ និង​ការ​ដក​​បទពិសោធ​របស់​​អ្នក​​វិទ្យាសាស្ត្រ​សង្គម​​ និង​វិទ្យាសាស្ត្រ​នយោបាយ​ជាច្រើន​បាន​​លើក​យក​មក​បង្ហាញ​​មាន​ដូចជា​តាមរយៈ​សៀវភៅ “ហេតុ​អ្វី​បាន​ជាតិ​បរាជ័យ Why nations fail របស់ Daron Acemoğlu and James A. Robinson “កត្តា​កំណត់​ពី​ប្រជាធិប​នីយកម្ម Determinants of Democratization របស់ Jan Teorell” ហើយ​និង​ការ​ផ្សព្វផ្សាយ​ប្រចាំ​ខែ​តាម​ទិនានុប្បវត្តិ​វិទ្យាសាស្ត្រ​ស្តីពី​ប្រជាធិបតេយ្យ​ជាដើម។

កម្ពុជា​បើ​ទោះ​ជា​ធ្លាប់​បាន​បោះឆ្នោត​​ក្រោម​រដ្ឋធម្មនុញ្ញ​តាំង​តែ​ពី​ឆ្នាំ​ ១៩៤៧ មក​​ក៏ដោយ ក៏​គ្មាន​ភាគី​ណា​មួយ​ទទួល​​លទ្ធផល​ដោយ​អស់​ចិត្ត​នោះ​​ឡើយ។ គេ​តែងតែ​ឃើញ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដរាប​។ ប៉ុន្តែ​ក៏​គ្មាន​ភាគី​ណា​មួយ​ចំណេញ​បាន​យូរ​​ដែរ។ លទ្ធផល​ជាក់ស្តែង​ដូច​​បាន​​ឃើញ​​ក្នុង​ប្រវត្តិសាស្ត្រ​ស្រាប់។ នោះ​ក៏​មកពី​គ្មាន​នរណា​គិត​គូរ​ពី​ការ​ធ្វើ​ឲ្យ​ស្ថាប័ន​​ប្រជាធិបតេយ្យ​រឹងមាំ។ ម្នាក់ៗ​គិត​តែ​ដាក់​បក្ខពួក​ខ្លួន​ទៅ​តាម​ស្ថាប័ន​ដែល​​ខ្លួន​ឈ្នះ​ដោយ​មិន​បាន​​រៀបចំ​ឲ្យ​ស្ថាប័ន​ឲ្យ​​អាច​​ដើរ​ទៅ​មុខ​ដោយ​ខ្លួនឯង​ឡើយ។ ការ​យក​ឥទ្ធិពល​នយោបាយ​ទៅ​លាយឡំ​នឹង​ស្ថាប័ន​ឯករាជ្យ​នានា​ដូចជា​នៅ​តាម​ស្ថាប័ន​​រៀបចំ​ការ​បោះឆ្នោត​តុលាការ នគរបាល​ យោធា មន្ត្រីរាជការ​​សាធារណៈ ឬ​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ។ល។ សុទ្ធ​តែ​មិន​បាន​ធ្វើឲ្យ​​ស្ថាប័ន​នោះ​រឹងមាំ​ឡើយ​ហើយ​វា​គង់​នឹង​រលាយ​​ទៅ​តាម​ជីវិត​បក្ស​ ឬ​បុគ្គល​​នយោបាយ​នោះ​គ្រាន់តែ​យូរ​ និង​ឆាប់​តែ​ប៉ុណ្ណោះ! ស្រប​​ពេល​ដែល​គណបក្ស​នយោបាយ​មិន​រឹងមាំ​ដោយ​គ្រប់គ្រង​តាម​បែប​បុគ្គល​ជា​ធំ​ហើយ​​គ្មាន​ប្រភព​ហិរញ្ញវត្ថុ​ពី​ស្ថាប័ន​ជាតិ​រឹងមាំ​​ដែល​​ងាយ​ធ្វើ​ឲ្យ​អ្នក​មាន​ធនធាន​​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​នយោបាយ​​បាន​បូករួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រឹតត្បិត​សុទ្ធ​តែ​ជា​​មូលហេតុ​ដែល​​ធ្វើ​ឲ្យ​ស្ថាប័ន​ប្រជាធិបតេយ្យ​ចុះ​ខ្សោយ​ និង​ពុកផុយ​រលួយ​ជានិច្ច។ បក្ស​នយោបាយ​ខ្លះ​បង្កើត​ឡើង​​តាម​បរទេស​លើក​បន្តុប​ខ្លះ​បង្កើត​ឡើង​មក​គ្រាន់​តែ​កំដរ​​ឆាក​ប្រជាធិបតេយ្យ! បក្ស​ខ្លះ​បង្កើត​ដោយ​កំហឹង! បក្ស​ខ្លះ​បង្កើត​​តាម​ការ​រវើរវាយ​ចំណែក​ឯ​បក្ស​ខ្លះ​បង្កើត​ក្រោម​ស្លាក​ប្រជាធិបតេយ្យ​ទាំង​មិន​យល់​ពី​អត្ថន័យ​នៃ​ប្រជាធិបតេយ្យ​ឲ្យ​​បាន​ច្បាស់លាស់។

តើ​ដល់​ពេល​ណា​ទើប​កម្ពុជា​មាន​ប្រជាធិបតេយ្យ​មួយ​ពេញលេញ​បាន?

យើង​មិន​គួរ​រង់ចាំ​សហរដ្ឋ​អាមេរិក ឬ​សហគមន៍​អឺរ៉ុប​ ឬ​ក៏​បក្ស​ណា​ដែល​មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​ពេញលេញ​មក​នាំ​ប្រជាធិបតេយ្យ​មក​ដល់​ស្រុក​ខ្មែរ​ទៀត​នោះ​ឡើយ។ ជា​ការពិត​សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​​គេ​បាន​ជួយ​យើង​​អស់​លទ្ធភាព​ដែល​ពួកគេ​មាន​រួច​ទៅ​ហើយ។ គេ​ក៏​មាន​ប្រទេស​គេ និង​ប្រជាជន​គេ​ដែល​​​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់​ដែរ។ កុំ​រំពឹង​ទៅ​លើ​គេ​ពេក​វា​ល្មម​ដល់​​ពេលវេលា​ដែល​ប្រជារាស្ត្រ​ទាំងអស់​រួម​ជាមួយ​អ្នក​នយោបាយ​ដែល​មាន​ស្រាប់​លើក​ស្ទួយ​​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ពង្រឹង​ស្ថាប័ន​ដឹកនាំ​ដូច​ដែល​រៀបរាប់​ខាង​លើ​ឲ្យ​រឹងមាំ​ហើយ​​រៀន​រស់​ទាំង​អស់​គ្នា​ទៅ។ អ្វីៗ​តែងតែ​មាន​​ចុង​បញ្ចប់​គ្រាន់​តែ​ថា​វា​បញ្ចប់​ដោយ​រីករាយ ឬ​ឈឺចាប់​គឺ​សុទ្ធ​តែ​ខ្មែរ​ខ្លួនឯង​ទេ​ជា​អ្នក​កំណត់! ឈប់​ស្រមើ​ស្រមៃ​ចង់​បាន​អ្វី​ដែល​ល្អ​ឥតខ្ចោះ​ហើយ​ចាប់​ផ្តើម​ធ្វើ​អ្វី​​ដែល​មាន​ស្រាប់​ទៅ​តាម​​លទ្ធភាព​​របស់​ខ្លួន​​។

អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​​​​ត្រូវ​​ចាប់​ផ្តើម​ចេញ​ពី​ការ​ទទួល​យក​​គំនិត​អ្នក​ដទៃ​មក​ពិភាក្សា​ជជែក​វែកញែក​​តាម​ហេតុ​ និង​ផល​ដោយ​ការ​គោរព​ និង​ឲ្យ​​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​គ្រាន់​​អនុវត្ត​គុណ​តម្លៃ​ប៉ុណ្ណឹង​មិន​បាន​កុំ​មក​និយាយ​ថា​ខ្លួន​ចង់​បាន​ប្រជាធិបតេយ្យ​ ឬ​សន្តិភាព​​ឲ្យ​សោះ! មក​ទល់​នឹង​ពេល​នេះ​មាន​តែ​របប​ប្រជាធិបតេយ្យ​ពេញលេញ​មួយ​ប៉ុណ្ណោះ​ដែល​អាច​រក្សា​សុខ​សន្តិភាព​​ និង​អភិវឌ្ឍ​ឲ្យ​​សង្គម​​បាន​យូរ​អង្វែង។

តើ​ប្រជារាស្ត្រ​ខ្មែរ​ត្រូវ​រង់ចាំ​នរណា​នាំ​ប្រជាធិបតេយ្យ​មក​ឲ្យ​យើង​នោះ?

ដោយ ជុំ ច័ន្ទដារិន

អ៊ីមែលៈ chandarin4@hotmail.com

2 comments:

Anonymous said...


ទេវតា

Anonymous said...

After the 2018 election result is announced, Dictator & Traitor Hun Sen' s days will be numbered .