A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 10 May 2016

លោក ហ៊ុន សែន ថា​កាកបាទ​ក្រហម​សម្រាប់​គ្រប់​គ្នា​ខណៈ​ពលរដ្ឋ​ខ្លះ​ថា​អត់​ដែល​បាន​ជំនួយ

លោក ហ៊ុន សែន ថា​កាកបាទ​ក្រហម​សម្រាប់​គ្រប់​គ្នា​ខណៈ​ពលរដ្ឋ​ខ្លះ​ថា​អត់​ដែល​បាន​ជំនួយ
ដោយ ថា កិត្យា
2016-05-08



លោក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
RFA/San Sel


កាកបាទ​ក្រហម​កម្ពុជា ប្រារព្ធ​ខួប​លើក​ទី​១៥៣ នៃ​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ក្រោម​ប្រធានបទ «កាកបាទ​ក្រហម​កម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា» នៅ​ព្រឹក​ថ្ងៃ​ទី​៨ ឧសភា។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុជា ថា​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ។

ដោយឡែក​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន យល់​ថា ជំនួយ​ឧបត្ថម្ភ​របស់​កាកបាទ​ក្រហម នៅ​មិន​ទាន់​ឆ្លើយ​តប​គ្រប់​ជ្រុងជ្រោយ​ឡើយ ដូចជា​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​បាត់បង់​ផ្ទះ​សម្បែង​ជាដើម កាកបាទ​ក្រហម មិន​សូវ​យក​ចិត្ត​ទុក​ដាក់​អ្នក​ទាំង​នេះ​ឡើយ។

នា​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​១៥៣ នៃ​ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្ដែង​អំណរ​គុណ និង​អំពាវនាវ​ទៅ​ដល់​សប្បុរសជន​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​បន្ថែម​ទៀត​ដល់​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជួប​ទុក្ខ​លំបាក។



លោក ហ៊ុន សែន បាន​លើក​សរសើរ​ថា ប្រធានបទ «កាកបាទ​ក្រហម​កម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា» នេះ គឺ​ដើរ​ក្រោយ​សកម្មភាព​ជាក់ស្តែង៖ «»។

ខួប​លើក​ទី​១៥៣ នេះ កាកបាទ​ក្រហម ទទួល​បាន​ថវិកា​ពី​សប្បុរសជន​ជាង ១៣​លាន​ដុល្លារ។ លោក ហ៊ុន សែន ចាត់​ទុក​ការ​ឧបត្ថម្ភ​ទាំង​នេះ គឺ​ជា​សិល្បៈ​នៃ​ការ​ចែក​រំលែក និង​ជា​ការ​ផ្សារភ្ជាប់​រវាង​អ្នក​គ្មាន​លទ្ធភាព និង​អ្នក​មាន​លទ្ធភាព ជាពិសេស​ការ​ចូលរួម​ចំណែក​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​មហន្តរាយ​នានា។

យ៉ាង​ណា​ក៏ដោយ​ចុះ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​តែ​រិះគន់​ចំពោះ​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុជា កន្លង​មក ដែល​មាន​ការ​ឆ្លើយ​តប​យឺត មាន​ភាព​ខ្វះ​ចន្លោះ និង​មាន​ការ​រើសអើង ជាដើម។

អតីត​អ្នក​បុរីកីឡា​ចំនួន ១៤០​គ្រួសារ ដែល​អាជ្ញាធរ​បាន​យក​ទៅ​ចាក់​ចោល​នៅ​តំបន់​ភ្នំ​បាត ត្រង់​ចំណុច​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដោយសារ​ផ្ទះ​របស់​ពួក​គាត់​ត្រូវ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (PhanImex) ឈូស​បំផ្លាញ​ចោល​កាល​ពី​ឆ្នាំ​២០១២ នោះ ពួក​គាត់​ប្រាប់​ថា មិន​ដែល​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ណា​មួយ​ពី​ខាង​កាកបាទ​ក្រហម​កម្ពុជា ឡើយ។

តំណាង​ពលរដ្ឋ​រស់នៅ​ភ្នំ​បាត អ្នកស្រី ខៀវ ឡៃ រៀបរាប់​ថា សព្វថ្ងៃ ពួក​គាត់​រស់​ទាំង​ត្រដាបត្រដួស រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក ដោយ​កូន​ក្មេង និង​មនុស្ស​ចាស់​មួយ​ចំនួន​ក្លាយ​ជា​អ្នក​សុំ​ទាន និង​សុំ​បាយ​សល់​ពី​ព្រះសង្ឃ​នៅ​វត្ត​ក្បែរ​នោះ។ អ្នកស្រី​បន្ត​ថា ពួក​គាត់​គ្មាន​ទី​ជម្រក​ត្រឹមត្រូវ គ្មាន​ដី​សម្រាប់​បង្កបង្កើនផល គ្មាន​ទឹក​ស្អាត បង្គន់​អនាម័យ សាលា​រៀន មន្ទីរពេទ្យ ជាពិសេស​មុខ​របរ​ទីផ្សារ។ ពួក​គាត់​ដង្ហោយ​រក​ជំនួយ​ពី​កាកបាទ​ក្រហម​កម្ពុជា ដោយ​គ្មាន​ការ​រើសអើង៖ «»។

ដោយឡែក​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដីធ្លី​នៅ​ភូមិ​ប្រមា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​តែង​តែ​ឡើង​មក​ស្នាក់នៅ​ជាច្រើន​ថ្ងៃ​នៅ​វត្ត​សាមគ្គីរង្សី ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​នោះ ពួក​គាត់​ក៏​មិន​ដែល​ទទួល​បាន​ជំនួយ​ពី​ខាង​កាកបាទ​ក្រហម​កម្ពុជា ដែរ ទោះ​បី​ជា​ពួក​គាត់​ប្រឈម​មុខ​ដាច់​ពោះ បើ​កុំ​តែ​បាន​ព្រះសង្ឃ​ឲ្យ​បាយ​ឲ្យ​ទឹក​បរិភោគ​ក្តី៖ «»។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា កាកបាទ​ក្រហម​កម្ពុជា គួរ​តែ​ពិនិត្យ​មើល​ទៅ​លើ​ការ​អនុវត្ត​ការងារ​កន្លង​មក ដើម្បី​ឆ្លុះ​បញ្ចាំង និង​កំណត់​យុទ្ធសាស្ត្រ​សម្រាប់​ឆ្លើយ​តប​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​ពេល​អនាគត ដូចជា​រងគ្រោះ​ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត និង​រងគ្រោះ​ដោយ​ការ​បាត់បង់​ដីធ្លី ជាដើម៖ «»។

ស្ថាប័ន​កាកបាទ​ក្រហម ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ រហូត​ដល់​លើក​តម្កើង​ភរិយា​របស់​លោក​ជា​មេ​ដឹក​នាំ​ទៀត​ផង។ តាំង​តែ​ពី​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​បាន​ឡើង​ដឹក​នាំ​មក កាកបាទ​ក្រហម បាន​រីក​ចម្រើន​ខ្លាំង​ណាស់ ហើយ​បន្តិច​ម្តងៗ កាកបាទ​ក្រហម​កម្ពុជា បាន​បំពេញ​មុខងារ​បន្ថែម​លើស​ពី​នាទី​របស់​ខ្លួន រហូត​សឹង​ក្លាយ​ជា​សេនាធិការ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាង​មាន​ប្រសិទ្ធភាព។

ព្រះសង្ឃ​នៅ​ក្នុង​វត្ត​អារាម​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ហាម​ឃាត់​មិន​ឲ្យ​ចែក​បច្ច័យ និង​សម្ភារៈ​ដល់​ជន​ក្រីក្រ និង​ជន​រងគ្រោះ​ផ្ទាល់​ព្រះហស្ដ​របស់​ព្រះអង្គ​ឡើយ ពោល​គឺ​អាជ្ញាធរ​បង្គាប់​ឲ្យ​ព្រះសង្ឃ​យក​បច្ច័យ និង​សម្ភារៈ​មួយ​ចំនួន ទុក​ជូន​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​ចែក​ជូន​ជំនួស​ក្នុង​ន័យ​បង្អួត​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​បក្ស​កាន់​អំណាច។ នេះ​បើ​តាម​ការ​អះអាង​របស់​ព្រះសង្ឃ​មួយ​អង្គ​ដែល​គង់​នៅ​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង។

ដោយ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ដូច្នេះ កាកបាទ​ក្រហម​កម្ពុជា ល្បី​រន្ទឺ​ណាស់។ មាន​អ្នក​និពន្ធ​មួយ​ចំនួន ខំ​បូជា​ប្រាជ្ញា​ស្មារតី និង​កម្លាំង​កាយ​ចិត្ត​ទាំងអស់​ដែល​ខ្លួន​មាន ដើម្បី​និពន្ធ​បទ​ចម្រៀង និង​សរសេរ​បទ​យកការណ៍​លើក​សរសើរ​ពី​ស្នាដៃ​របស់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ការ​ដឹក​នាំ​ស្ថាប័ន​ដ៏​អស្ចារ្យ​មួយ​នេះ។

អ្នក​ខ្លះ​ខំ​សរសេរ និង​ខំ​ផ្សាយ​លើក​សរសើរ​អំពី​កាកបាទ​ក្រហម​កម្ពុជា រហូត​ដល់​ធ្លាក់​ខ្លួន​ពី​អ្នក​និពន្ធ​ទៅ​ជា​បាន​ងារ​ជា​ឯកឧត្ដម​ទៅ​វិញ។ ហើយ​ប្រហែល​ដោយ​ជឿជាក់​ក្នុង​ការ​ដឹក​នាំ​របស់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​នេះ​ដែរ ឈ្មួញ​អ្នក​រក​ស៊ី​ធំៗ​មួយ​ចំនួន ក៏​តម្រង់​ជួរ​គ្នា​ខ្ចប់​លុយ​មក​ជួយ​កាកបាទ​ក្រហម​កម្ពុជា ទោះ​ជា​មាន​ការ​អំពាវនាវ ឬ​មិន​មាន​ក្តី។ ពួក​ឈ្មួញ​ទាំង​នោះ ហាក់​មាន​ទឹក​ចិត្ត​ជ្រះ​ថ្លា​ណាស់។ ពួក​គេ​គ្មាន​ចង់​បាន​អ្វី​ក្រៅ​តែ​ពី​បាន​ឈរ​ថត​ជាមួយ​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​ផ្ដិត​ពង្រីក​យក​ទៅ​តាំង​ហាង​របស់​ខ្លួន គ្រាន់​តែ​ឲ្យ​គេ​ឯង​គោរព​បូជា​តែ​ប៉ុណ្ណោះ។

ក្រុម​អ្នក​រងគ្រោះ​ដីធ្លី​រិះគន់​ថា កាកបាទ​ក្រហម មិន​ត្រូវ​រើសអើង​ក្នុង​ការ​ជួយ​ដល់​អ្នក​រងគ្រោះ​នោះ​ទេ។ ពួក​គេ​លើក​ឡើង​ថា អ្នក​រងគ្រោះ​ដីធ្លី​ជាច្រើន ខ្លះ​មក​ពី​តាម​បណ្ដា​ខេត្ត ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ គ្មាន​ទីកន្លែង​ស្នាក់នៅ គ្មាន​អាហារ​បរិភោគ តែ​កាកបាទ​ក្រហម មិន​បាន​ជួយ​ដល់​អ្នក​ទាំង​នោះ​ទៅ​វិញ៕

No comments: