A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 14 May 2016

ក្រុមហ៊ុន​នៅ​ខេត្ត​ព្រះវិហារ​រង​ការ​ចោទ​​​ថា​​កាប់​ឈើ​ក្រោម​រូបភាព​ដី​សម្បទាន


ក្រុមហ៊ុន​នៅ​ខេត្ត​ព្រះវិហារ​រង​ការ​ចោទ​​​ថា​​កាប់​ឈើ​ក្រោម​រូបភាព​ដី​សម្បទាន
ដោយ ហង្ស

ឡាន​ដឹក​ឈើ ក្រុមហ៊ុន កូម៉ូលី ព្រះវិហារ ៨៥៥ ២០១៦
រូប​ឡាន​ដឹក​ឈើ​របស់​ក្រុមហ៊ុន កូម៉ូលី ដែល​ត្រូវ​អ្នក​កាសែត និង​បុគ្គលិក​អង្គការ​អភិរក្ស​ជលផល បរិស្ថាន និង​សត្វ​ព្រៃ ព្យាយាម​ថត​រហូត​ដល់​មាន​ការ​ចាប់​ខ្លួន។ រូបថត​ថត​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១៦
 Photo provided


ប្រភព​ពី​មន្ត្រី​អង្គការ​អភិរក្ស​ជលផល​បរិស្ថាន និង​សត្វព្រៃ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ឈ្មោះ កូម៉ូលី ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ កំពុង​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ជា​រៀងរាល់​ថ្ងៃ។

សហគមន៍​ព្រៃឈើ នៃ​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន ក៏​ធ្លាប់​ចោទ​ប្រកាន់​ក្រុមហ៊ុន​មួយ​នេះ​ថា បាន​ដើរ​ទិញ​ដើម​ច្បោះ​ជ័រ​របស់​អ្នក​ភូមិ​ជា​ច្រើន ដែល​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​របស់​ខ្លួន ហើយ​កាប់​ដឹក​ជញ្ជូន​តាម​រថយន្ត​ធំៗ​ដែរ។

បុគ្គលិក​អង្គការ​អភិរក្ស​ជលផល បរិស្ថាន និង​សត្វព្រៃ នៅ​ខេត្ត​ព្រះវិហារ ២​រូប បាន​គេច​ខ្លួន​មក​ដល់​ខេត្ត​សៀមរាប ជាមួយ​នឹង​ក្រុម​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា កន្លង​ទៅ ដោយសារ​តែ​ការ​ភ័យ​ខ្លាច បន្ទាប់ពី​គេ​បាន​នាំ​គ្នា​ចូល​ទៅ​ថត​សកម្មភាព​ដឹក​ឈើ​របស់​ក្រុមហ៊ុន​កូម៉ូលី មក។

ការ​គេច​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មនុស្ស​របស់​ក្រុមហ៊ុន កូម៉ូលី បាន​ចាប់​ខ្លួន​ពួកគេ​ម្នាក់ និង​អ្នក​យក​ព័ត៌មាន​កាសែត​ឆន្ទៈ​កូន​ខ្មែរ​ម្នាក់​ទៀត ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​គូលែន។



បុគ្គលិក​របស់​អង្គការ​អភិរក្ស​ជលផល បរិស្ថាន និង​សត្វព្រៃ​ម្នាក់ ក្នុង​ចំណោម ៣​នាក់ ដែល​ចុះ​ឃ្លាំមើល​សកម្មភាព​កាប់​ឈើ គឺ​លោក ដាន់ រី។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា ក្រុម​របស់​លោក​បាន​ទទួល​ព័ត៌មាន​ពី​សហគមន៍​ព្រៃឈើ ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន ថា​ក្រុមហ៊ុន កូម៉ូលី ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ក្នុង​ឃុំ​យាង ស្រុក​ជាំក្សាន្ត កំពុង​កាប់​និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់។ ក្រុម​របស់​លោក​ក៏​នាំ​គ្នា​ចុះ​អង្កេត​ករណី​នោះ ហើយ​ពេល​ទៅ​ដល់​ព្រំប្រទល់​នៃ​ឃុំ​គូលែន​ខាង​ជើង​ជាប់​គ្នា​នឹង​ព្រំប្រទល់ ឃុំ​យាង ក្រុម​របស់​លោក​ក៏​ប្រទះ​ឃើញ​រថយន្ត​ធំ​ចំនួន ៥​គ្រឿង ដឹក​ឈើ​ហ៊ុប​ធំៗ​ចេញ​ពី​ព្រៃ​មែន។

លោក ដាន់ រី ដដែល​បញ្ជាក់​ថា តាម​ការ​សាកសួរ​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ដើម​ឈើ​ទាល និង​គគីរ មាន​មុខ​ធំៗ ប្រវែង​ពី ១៥ ទៅ ២០​ម៉ែត្រ ដែល​មនុស្ស​ក្រុមហ៊ុន កូម៉ូលី កំពុង​ដឹក​ជញ្ជូន​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ​នោះ គឺ​ដឹក​ចេញ​ពី​តំបន់​ជាំស្រែ នៅ​ក្រៅ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន៖ «តាម​ប្រជាពលរដ្ឋ​រាយការណ៍​ថា ក្នុង​១​ថ្ងៃៗ​មាន​ឡាន​ដឹក​ឈើ​ប្រហែល ១០-​២០​ជើង តែ​ខ្ញុំ​ចុះ​ទៅ​ផ្ទាល់​បាន​ជួប​រថយន្ត ៥​គ្រឿង ខ្ញុំ​កាក់​អត់​ឈប់​ទេ រហូត​ខ្ញុំ​កាក់​បាន​រ៉េវ ៣​គ្រឿង គេ​ទូរស័ព្ទ​ហៅ​គ្នា​មក​ព័ទ្ធ​ចាប់​ពួក​ខ្ញុំ​តែម្ដង»។

បុគ្គលិក​របស់​អង្គការ​អភិរក្ស​ជលផល បរិស្ថាន និង​សត្វព្រៃ ម្នាក់​ទៀត​លោក ឃុន សំបូរ អះអាង​ប្រហាក់ប្រហែល​គ្នា​ថា លោក​ឃើញ​មនុស្ស​របស់​ក្រុមហ៊ុន កូម៉ូលី ដឹក​ឈើ​មក​ទាំង​ដើម​មូលៗ​តែម្ដង ដោយ​យក​ទៅ​ស្ដុក​ទុក​នៅ​កន្លែង​របស់​ក្រុមហ៊ុន​នា​ទឹក​ដី​ឃុំ​គូលែន​ខាងជើង។ បុរស​ដដែល​បញ្ជាក់​ថា ដោយសារ​ក្រុម​របស់​លោក​តាមដាន និង​ថត​សកម្មភាព​កាប់​ឈើ​របស់​ក្រុមហ៊ុន កូម៉ូលី គឺ​មនុស្ស​របស់​ក្រុមហ៊ុន បាន​ចាប់​ខ្លួន​បុគ្គលិក​អង្គការ​ម្នាក់​ឈ្មោះ កែវ អ៊ីម និង​អ្នក​យក​ព័ត៌មាន​របស់​កាសែត ឆន្ទៈ​កូន​ខ្មែរ​ម្នាក់​ឈ្មោះ គង់ គីម ប្រគល់​ឱ្យ​ប៉ូលិស​ស្រុក​គូលែន កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ឧសភា កន្លង​ទៅ៖ «ឃើញ​ឈើ​ដឹក​មក​ទាំង​ដើម​មូលៗ​តែម្ដង។ មុន​ដំបូង​ខ្ញុំ​ថត​មិន​ឱ្យ​ឃើញ​ទេ ដល់​ពេល​ខ្ញុំ​ចេញ​មក​វិញ ខ្ញុំ​ថត គេ​ឃើញ​គេ​ឃាត់​ខ្លួន​ពួក​ខ្ញុំ​បាន ២​នាក់»។

​បុគ្គលិក​អង្គការ​អភិរក្ស​ជលផល បរិស្ថាន និង​សត្វព្រៃ ឱ្យ​ដឹង​ថា ឈើ​ដែល​ក្រុមហ៊ុន កូម៉ូលី កាប់​នោះ គឺ​ដឹក​ចេញ​ពី​ភូមិសាស្ត្រ​ឃុំ​យាង ស្រុក​ជាំក្សាន្ត ហើយ​យក​មក​ស្តុក​ទុក​នៅ​ឃុំ​គូលែន ស្រុក​គូលែន ដោយ​មាន​ទាហាន​ខ្លះ​ជួយ​ការពារ​ផង។

វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​ពី​សកម្មភាព​កាប់​ឈើ​របស់​ក្រុមហ៊ុន កូម៉ូលី ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មិន​ទាន់​អាច​ទាក់ទង​អ្នក​គ្រប់គ្រង​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ។ ចំណែក​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន​ប្រចាំ​តំបន់​នោះ ក៏​មិន​អាច​ស្វែង​រក​ការ​ទាក់ទង​បាន​នៅ​ឡើយ។

អភិបាល​រង​ស្រុក​គូលែន ទទួល​បន្ទុក​កសិកម្ម និង​ព្រៃឈើ លោក ប៉ែន ជឹង មាន​ប្រសាសន៍​ថា ក្រុមហ៊ុន កូម៉ូលី គឺ​បាន​កាប់​ឈើ​តែ​នៅ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​គេ​ប៉ុណ្ណោះ។ លោក​អភិបាល​រង​ស្រុក​គូលែន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​សហគមន៍​ព្រៃឈើ​គូលែន​ខាងជើង ជុំវិញ​រឿង​ក្រុមហ៊ុន​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​ណា អភិបាល​រង​ស្រុក​ដដែល​ទទួល​ស្គាល់​ថា ពេល​ខ្លះ​មនុស្ស​របស់​ក្រុមហ៊ុន កូម៉ូលី ពិត​ជា​កាប់​ឈើ​នៅ​ក្រៅ​តំបន់​របស់​ខ្លួន​ដែរ ហើយ​លោក​នឹង​ចុះ​ត្រួត​ពិនិត្យ​ជា​ថ្មី​នៅ​ពេល​ឆាប់ៗ៖ «ខ្ញុំ​មាន​គម្រោង​ថា ចុះ​ទៅ​មើល ប៉ុន្តែ​ឥឡូវ​កំពុង​រវល់​ចែក​ទឹក។ ចាំ​មើល​ស្អែក​ខាន​ស្អែក គណៈកម្មការ​ខេត្ត​អី​ចុះ​ទៅ​ខ្ញុំ​ទៅ​ជាមួយ»។

​ប្រធាន​សហគមន៍​ព្រៃឈើ​ឃុំ​គូលែនខាងជើង លោក ឃឹម ឃាង មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ដោយសារ​តែ​ក្រុមហ៊ុន កូម៉ូលី កាប់​ឈើ​នៅ​តំបន់​ជាប់​គ្នា​ធ្វើ​ឱ្យ​រូបលោក​ព្រួយ​បារម្ភ​ទៅ​លើ​ព្រៃ​សហគមន៍​ដែល​អ្នក​ភូមិ​ខំ​រួម​គ្នា​ការពារ​ជា​យូរ​មក​ហើយ៖ «គេ​កាប់​ឈើ​នៅ​តំបន់​ក្រៅ​សហគមន៍​របស់​ខ្ញុំ ដូចជា​នៅ​ជាំស្រែ យាង គឺ​មាន​អ្នក​លក់​ដើម​ច្បោះ​ជ័រ​ច្បោះ​អី​ជា​ហូរហែ»។

​កាល​ពី​ជាង ១​ខែ​មុន​សហគមន៍​ការពារ​ព្រៃឈើ និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​គូលែន​ខាងជើង ធ្លាប់​រួម​គ្នា​ព័ទ្ធ​ចាប់​រថយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន កូម៉ូលី បាន​ចំនួន ២​គ្រឿង ដែល​លួច​ចូល​មក​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍ ប៉ុន្តែ​អាជ្ញាធរ​ចម្រុះ​ជា​ច្រើន​ផ្នែក​បាន​គាំទ្រ​ក្រុមហ៊ុន ហើយ​យក​ឡាន​ដែល​អ្នក​ភូមិ​ឃាត់​ទុក​នោះ​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​វិញ។

កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រួម​ជួយ​ការពារ​ព្រៃឈើ​ជាមួយ​រដ្ឋាភិបាល។ លោក​មាន​ប្រសាសន៍​ថា ទាំង​អស់​គ្នា ទាំង​រាជរដ្ឋាភិបាល បើសិនជា​ឃើញ​ពួក​អ្នក​កាប់​ឈើ​អនាធិបតេយ្យ​ត្រូវ​ចាប់​ខ្លួន ហើយ​ប្រជាពលរដ្ឋ​ក៏​អាច​ជួយ​ទប់ស្កាត់​បាន​ដែរ បើ​ទោះ​បី​ជា​មិន​មែន​ជា​នគរបាល​យុត្តិធម៌​ក៏ដោយ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ បាន​មើល​ឃើញ​ថា បើ​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​រួមគ្នា​ការពារ​ព្រៃឈើ​ក៏ដោយ ក៏​បច្ចុប្បន្ន​មិន​បាន​ធ្វើ​ឱ្យ​សកម្មភាព​កាប់​ឈើ​នៅ​តាម​តំបន់​ជា​ច្រើន ក្នុង​ខេត្ត​ព្រះវិហារ ថយ​ចុះ​ទេ។ លោក​ថា បច្ចុប្បន្ន​ព្រៃឈើ​នៅ​ឃុំ​យាង និង​នៅ​ព្រៃ​ព្រះរកា កំពុង​ទទួលរង​ការ​កាប់​យ៉ាង​ធ្ងន់ធ្ងរ​ដើម្បី​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​នៅ​ឡើយ៕

No comments: