A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 14 May 2016

អង្គការ​សហប្រជាជាតិ​ជំរុញ​រដ្ឋាភិបាល​ឈប់​ធ្វើ​បាប​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង


ដោយ យាង សុជាមេត្តា
2016-05-13

មន្ត្រី​អាដហុក ៤​នាក់ ២០១៨ ៨៥៥
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
 RFA



មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ធ្វើ​បាប​ទៅ​លើ​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​អង្គការ​សហប្រជាជាតិ និង​បក្ស​ប្រឆាំង។ មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ថា មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​ទាំង​នោះ​មិន​យល់​ពី​ស្ថានការណ៍​ពិត​នៅ​កម្ពុជា ឡើយ។

ឈប់​ធ្វើទុក្ខបុកម្នេញ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​បក្ស​ប្រឆាំង ឈប់​បំបែក​ការ​ជួបជុំ​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ និង​ឈប់​លាប​ពណ៌​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ថា​បដិវត្តន៍​ពណ៌ សុទ្ធសឹងតែ​ជា​បញ្ហា​សំខាន់ៗ ដែល​មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឈប់​ប្រព្រឹត្ត​ទៅ​លើ​ពលរដ្ឋ សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ពី​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ចុះ​ថ្ងៃ​ទី​១២ ខែ​ឧសភា មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​រួម​មាន​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស លោក មីសែល ហ្វ័ស្ត៍  (Michel Forst) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សម្ដែង​មតិ​និង​យោបល់ លោក ដេវីដ កាយេ (David Kaye) និង​អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិ​វិធិ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម លោក ម៉ៃណា គីអៃ (Maina Kiai) សុទ្ធតែ​សម្ដែង​ការ​បារម្ភ​ពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ពួកគេ​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​ការពារ​មន្ត្រី​សង្គម​ស៊ីវិល និង​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ទូទៅ។



​មន្ត្រី​ជំនាញ​ទាំង​អស់​នេះ ដែល​ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ថា ជា​ឈុត​ឆាក​នយោបាយ​ដើម្បី​ធ្វើ​បាប​សង្គម​ស៊ីវិល​នោះ ក៏​ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ឈប់​នូវ​ការ​ចោទ​ប្រកាន់​ការ​កោះ​ហៅ​សាកសួរ និង​ដំណើរការ​តុលាការ​ទៅ​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស។ ពួកគេ​ជំរុញ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ធានា​សុវត្ថិភាព​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ដែល​ពួកគេ​ចាត់​ទុក​ថា ជា​តួអង្គ​សំខាន់​មួយ​ក្នុង​ការ​ឃ្លាំមើល​សកម្មភាព​រដ្ឋាភិបាល​ដែល​នាំ​មក​នូវ​ការ​គោរព​សិទ្ធិមនុស្ស​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ។

បន្ថែម​ពីលើ​នេះ ពួកគេ​ក៏​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​របស់​សមត្ថកិច្ច​ដែល​បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​ចូល​រួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កំពុង​ជាប់​ឃុំ។ ពួកគេ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ដែល​ថ្លែង​លាប​ពណ៌​អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ថា​ជា​ក្រុម​ឧទ្ទាម​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

​ចំពោះ​ការ​រិះគន់​របស់​អង្គការ​សហប្រជាជាតិ​នេះ អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ឆ្លើយ​តប​ថា មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទាំង​អស់​នោះ មិន​បាន​យល់​ច្បាស់​ពី​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា នោះ​ទេ។ លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​មិន​មាន​ប្រយោជន៍​អ្វី​ទៅ​ធ្វើ​បាប​មន្ត្រី​សង្គម​ស៊ីវិល​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា រដ្ឋាភិបាល​តែង​ចាត់​ទុក​សង្គម​ស៊ីវិល​ថា ជា​ដៃគូ​សម្រាប់​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ។ ប៉ុន្តែ​លោក​ថា អ្វី​ដែល​កំពុង​កើត​មាន​ឡើង​ចំពោះ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ពេល​នេះ គឺ​ជា​ចំណាត់ការ​ផ្លូវច្បាប់​របស់​តុលាការ​ចំពោះ​ជន​ដែល​ធ្វើ​ខុស​ច្បាប់​របស់​កម្ពុជា។

លោក ផៃ ស៊ីផាន៖ «ខ្ញុំ​ជឿ​ថា មន្ត្រី​នៃ​អង្គការ​សហប្រជាជាតិ​ទាំង​នោះ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រង​ប្រទេស​ទេ។ យើង​មើល​ភាព​បាក់បែក​របស់​ប្រទេស​ជាតិ​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា មន្ត្រី​អង្គការ​សហប្រជាជាតិ​គ្រាន់តែ​ចូល​ទៅ​ជួយ​សម្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ពុំ​ដែល​មាន​ឱកាស ឬ​ពិសោធន៍​នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ណា​មួយ​ឲ្យ​មាន​សន្តិភាព​នោះ​ទេ ដូច្នេះ​កម្ពុជា មាន​ការ​ពិសោធ​ខ្លួន​ឯង​រួច​ស្រេច គួរ​តែ​ពួកគេ​ទាំង​អស់​នោះ​រៀន​ពី​កម្ពុជា​វិញ»។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​វាយ​ប្រហារ​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​បក្ស​ប្រឆាំង​ពេល​នេះ គឺ​បន្ទាប់ពី​មាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ថ្កោលទោស​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស។

អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កាតព្វកិច្ច គោរព​សិទ្ធិមនុស្ស​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​សិទ្ធិមនុស្ស​នានា ដែល​កម្ពុជា ជា​រដ្ឋ​ភាគី៕

No comments: