A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 14 May 2016

លោក ហ៊ុន ម៉ាណែត មិន​បាន​ចូល​បំភ្លឺ​តុលាការ​អាមេរិក​នោះ​ទេ

លោក ហ៊ុន ម៉ាណែត មិន​បាន​ចូល​បំភ្លឺ​តុលាការ​អាមេរិក​នោះ​ទេ
ដោយ យន់ សាមៀន
2016-05-14

ហ៊ុន ម៉ាណែត ៨៥៥ ២០១៥
លោក ហ៊ុន ម៉ាណែត (ឆ្វេង) មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
 RFA/Brach Chev


លោក ហ៊ុន ម៉ាណែត មន្ត្រី​ជាន់​ខ្ពស់​យោធា និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តុលាការ​សហព័ន្ធ​អាមេរិក នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ពី​បទ​ធ្វើ​ទារុណកម្ម និង​អំពើ​ភេរវកម្ម​នោះ​ទេ។

លោក មូរតុន ក្លារ (Morton Sklar)  ជា​មេធាវី​របស់​ភរិយា លោក មាជ សុវណ្ណារ៉ា  ដែល​បាន​ប្ដឹង​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត មិន​បាន​ទៅ​ឆ្លើយ​ការពារ​ខ្លួន​ក្នុង​រយៈពេល ៣០​ថ្ងៃ បន្ទាប់​ពី​បណ្ដឹង​ប្រឆាំង​លោក​ត្រូវ​បាន​ដាក់​កាល​ពី​ដើម​ខែ​មេសា នោះ​ទេ។

លោក​បន្ត​ថា លោក​នឹង​ដាក់​សំណើ​ទៅ​តុលាការ​ដើម្បី​ចេញ​ដីកា​បញ្ជាក់​ថា ដើម​បណ្ដឹង​ឈ្នះ​ក្ដី។ ដីកា​បញ្ជាក់​ថា ដើម​បណ្ដឹង​ឈ្នះ​ក្ដី​នេះ ជា​ជំហាន​ទី​មួយ​ដើម្បី​ព្រមាន​ទៅ​ដល់​ចុង​ចោទ​ដែល​មិន​បាន​ចូល​បំភ្លឺ​តាម​ការ​កំណត់។ លោក មូរតុន ក្លារ ព្រមាន​ថា លោក ហ៊ុន ម៉ាណែត អាច​ប្រឈម​មុខ​នឹង​បញ្ហា​ច្បាប់ ប្រសិនបើ​លោក​បន្ត​មិន​បង្ហាញ​ខ្លួន ឬ​ជួល​មេធាវី​ការពារ​ក្ដី។

លោក​រំលឹក​ថា កាល​ពី​ឆ្នាំ​២០០៥ លោក​ធ្លាប់​ប្ដឹង​ឪពុក​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន សែន ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​បោក​គ្រាប់បែក​កាល​ពី​ឆ្នាំ​១៩៩៧ បាន​ជោគជ័យ​ម្ដង​រួច​មក​ហើយ នៅ​តុលាការ​ទីក្រុង​ញីវយ៉ក (New York) ដោយសារ​តែ​លោក ហ៊ុន សែន អវត្តមាន​នៅ​ពេល​តុលាការ​បើក​សវនាការ។



កាល​នោះ លោក មូរតុន ក្លារ ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ដោយសារ​តែ​ការ​សម្របសម្រួល​នយោបាយ ករណី​នេះ​ត្រូវ​បាន​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​បញ្ចប់។

លោក ហ៊ុន ម៉ាណែត ធ្លាប់​អះអាង​ថា លោក​មិន​បាន​ដឹង​ពី​បណ្ដឹង​ប្រឆាំង​នឹង​លោក​នោះ​ទេ ហើយ​លោក​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ៖ «ករណី លោក មាជ សុវណ្ណារ៉ា ខ្ញុំ​មិន​បាន​ឃើញ​ដីកា​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​ដឹង​តាម​ព័ត៌មាន​ប្ដឹង​ខ្ញុំ​ប៉ុន្មាន​ចំណុច រួម​ទាំង​ភេរវកម្ម​អន្តរជាតិ។ ខ្ញុំ​កប់​យោបល់ ព្រោះ​បើ​ជ្រុល​ប្ដឹង​ដាក់​រឿង​អ្វី​ឲ្យ​សម​ហេតុផល»។

លោក ហ៊ុន ម៉ាណែត ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ឧក្រិដ្ឋ​មួយ​ផ្សេង​ទៀត ពី​បទ​បង្ក​របួស​ស្នាម​ទៅ​លើ​លោក ផល ហេយស៍ (Paul Hayes) ជា​ស្មៀន​បញ្ជូន​ដីកា​តុលាការ។ លោក ផល ហេយស៍ ចោទ​ថា អង្គរក្ស​លោក ហ៊ុន ម៉ាណែត ប្រើ​អំពើ​ហិង្សា​លើក​ឡើង​លើ ហើយ​បោក​ទៅ​លើ​ថ្ម​បរិវេណ​ភោជនីយដ្ឋាន​មួយ កាល​ពី​ថ្ងៃ​​សៅរ៍ ទី​៩ ខែ​មេសា នៅ​ពេល​លោក​ហៅ​ឈ្មោះ លោក ហ៊ុន ម៉ាណែត ហើយ​ឈោង​ហុច​លិខិត​ជូន​ដំណឹង​ពី​បណ្ដឹង​មួយ​ច្បាប់​ទៅ​ឲ្យ​លោក ម៉ាណែត។

សមត្ថកិច្ច​នៅ​ក្រុង​ឡូសអែនជឺឡេស បាន​ទៅ​ស៊ើប​អង្កេត​ករណី​វាយ​ប្រហារ​ជនជាតិ​អាមេរិក​នេះ។ ពេល​បញ្ចប់​ការ​សាកសួរ​នោះ លោក ផល ហេយស៍ បាន​យល់​ព្រម​ឲ្យ​សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​បទឧក្រិដ្ឋ​នេះ៕

No comments: