A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 15 May 2016

អ្នក​ការពារ​ព្រៃ​មិន​ទាន់​ជឿជាក់​លើ​ការ​អះអាង​របស់​លោក ហ៊ុន សែន រឿង​ការពារ​ព្រៃឈើ

អ្នក​ការពារ​ព្រៃ​មិន​ទាន់​ជឿជាក់​លើ​ការ​អះអាង​របស់​លោក ហ៊ុន សែន រឿង​ការពារ​ព្រៃឈើ
ដោយ ប្រាជ្ញ ចេវ
2016-05-14

កាប់​ឈើ​ព្រៃ​ឡង់ ២០១៦ ៨៥៥
ប្រជា​សហគមន៍​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ចុះ​ល្បាត​ព្រៃ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ រូបថត​សហគមន៍​ព្រៃ​ឡង់
 រូបថត​សហគមន៍​ព្រៃ​ឡង់


អ្នក​ការពារ​ព្រៃ​យល់​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដែល​ប្រាប់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ផ្ដល់​មធ្យោបាយ​ដល់​អ្នក​ការពារ​ព្រៃឈើ​នោះ គ្រាន់​តែ​លោក​នាយករដ្ឋមន្ត្រី​និយាយ​ឲ្យ​ពីរោះ​ប៉ុណ្ណោះ។ ពួកគេ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​ឲ្យ​សាធារណជន​ចូលរួម​ការពារ​ព្រៃឈើ និង​ប្រាប់​ទៅ​ស្ថាប័ន​ធ្វើ​ការងារ​ពាក់ព័ន្ធ​ព្រៃឈើ​ចាប់ដៃ​ជាមួយ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​កម្ចាត់​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់។

​តំណាង​បណ្ដាញ​ការពារ​ព្រៃ​លើក​ឡើង​ថា មន្ត្រី​ថ្នាក់ក្រោម​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​មិន​ទាន់​ដឹង​ថា លោក ហ៊ុន សែន គាំទ្រ​សកម្មជន​ការពារ​ព្រៃឈើ​នៅ​ឡើយ​ទេ ខណៈ​អ្នក​ការពារ​ព្រៃឈើ​នៅ​តែ​រង​ទុក្ខបុកម្នេញ​ពី​ពួកគេ​នៅ​ឡើយ ដូចជា​គំរាម​សម្លាប់ និង​រារាំង​មិន​ឲ្យ​ចូល​ការពារ​ព្រៃ​ជាដើម​នោះ។

​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​គាំទ្រ​សកម្មភាព​សកម្មជន​ព្រៃឈើ គ្រាន់តែ​និយាយ​ឲ្យ​ពីរោះ ព្រោះ​ថា អាជ្ញាធរ​មូលដ្ឋាន​តែងតែ​រារាំង​សកម្មភាព​ការពារ​ព្រៃឈើ​របស់​ក្រុម​ព្រះអង្គ។ ព្រះសង្ឃ​បន្ត​ថា លោក ហ៊ុន សែន ថ្លែង​បែប​នេះ ដើម្បី​លួង​ចិត្ត​ពលរដ្ឋ​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ប៉ុណ្ណោះ៖ «សូម​កុំ​និយាយ​គ្រាន់​តែ​ពីរោះ​ស្ដាប់ ដល់​អ្នក​ខឹងសម្បា សូម​ញោម​នាយករដ្ឋមន្ត្រី​ប្ដូរ​ទិសដៅ​ពី​និយាយ​សាធារណៈ ទៅ​ហៅ​មន្ត្រី​ថ្នាក់​ក្រោម​មក​បង្រៀន​បន្ថែម»។



ការ​លើក​ឡើង​របស់​អ្នក​ការពារ​ព្រៃឈើ​បែប​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ប្រាប់​កុំ​ឲ្យ​មាន​ការ​រើសអើង​រវាង​អ្នក​ការពារ​ព្រៃឈើ​របស់​ស្ថាប័ន​រដ្ឋ និង​អ្នក​ការពារ​ព្រៃឈើ​ជា​ប្រជា​សហគមន៍។ លោក ហ៊ុន សែន ថែម​ទាំង​ប្រកាស​ផ្ដល់​មធ្យោបាយ​ដល់​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ រួម​មាន​អាវ​ភ្លៀង ឬ​អាវ​រងា​ជាដើម​នោះ៖ «ត្រូវ​មើល​គ្រប់គ្រង​បង​ប្អូន​តំបន់​ការងារ​ព្រៃឈើ​ឲ្យ​បាន​ល្អ គាត់​ទៅ​ការពារ​ព្រៃ​តើ! ការពារ​ឈើ​ដែល​យើង​ចង់​ការពារ​តើ! ដូច្នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ មិន​គប្បី​មើល​គ្នា​ក្នុង​ភាព​ជា​សត្រូវ»។

លោក ហ៊ុន សែន ទទួល​ស្គាល់​ថា បទល្មើស​ព្រៃ​ឈើ​ពេល​នេះ គឺ​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ ខណៈ​ឈើ​ល្មើសច្បាប់​មាន​ជាង ៧​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​សមត្ថកិច្ច​ចាប់​បាន ហើយ​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់​កើត​មាន​ដដែល។ ប្រមុខ​រដ្ឋាភិបាល​ដដែល​បញ្ជា​ឲ្យ​យក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​រដ្ឋបាល​ជលផល ក្រោម​ការ​គ្រប់គ្រង​របស់​អភិបាល​ខេត្ត។ ជាង​នេះ​ទៀត លោក​ក៏​ប្រកាស​ដក​ព្រៃ​សម្បទាន​ពី​ក្រុមហ៊ុន​ឯកជន យក​មក​ពិនិត្យ​មើល​ដើម្បី​ដាក់​ទៅ​ជា​ព្រៃ​ការពារ។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ លោក សេង សុខហេង យល់​ថា នេះ​សញ្ញា​វិជ្ជមាន​ដែល​លោក​នាយករដ្ឋមន្ត្រី​គាំទ្រ​សកម្មភាព​ការងារ​ការពារ​ព្រៃឈើ​របស់​ប្រជា​សហគមន៍។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព​ដូច​ការ​លើក​ឡើង​ផង ព្រោះ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ឬ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​នៅ​តែ​បង្ក​ការ​លំបាក​ដល់​អ្នក​ការពារ​ព្រៃឈើ​នៅ​ឡើយ៖ «តំបន់​ខ្លះ​ហាក់​មាន​កិច្ច​សហការ​ល្អ​ពី​អាជ្ញាធរ ហើយ​យើង​ចង់​ឃើញ​មាន​កិច្ច​សហការ​ល្អ​ដល់​ពួក​យើង​ជា​អ្នក​ការពារ​ព្រៃឈើ»។

អ្នក​ការពារ​ព្រៃឈើ​ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​តាម​ផ្លូវ​ច្បាប់ មិន​មែន​ប្រគល់​សញ្ញាប័ត្រ​បណ្ឌិត​ទៅ​ឈ្មួញ​កាប់​ឈើ​ទេ ព្រម​ទាំង​ស្នើ​បញ្ឈប់​ការ​នាំ​ឈើ​ចេញ ឬ​បិទ​អាជីវកម្ម​ឈើ​មួយ​រយៈ​សិន៕

2 comments:

Anonymous said...



How can anybody believe the words of Hun Sen, the liar?


Anonymous said...

ការពារព្រៃ ៣០ឆ្នាំមកហើយ ហ៊ុន សែន ការពារកាន់តែខ្លាំង តែព្រៃកាន់តែអស់ ហេតុអីបានជាខ្មែរសង្ឃឹមលើ ហ៊ុន សែន ម្លេះ។​ យួនយកដី ខ្មែរតវ៉ាតាំងពី ៣០ឆ្នាំមក ហើយ តែយកនៅតែយក ហ៊ុន សែន មិនដែលខ្វល់ ហើយ យួន នៅតែយកបន្តររហូតដល់ឥឡូវ ហើយនឹងយកបន្តរទៀត តើហ៊ុនដែលនិយាយអ្វីទេ? យួនបន្តរមករស់នៅខ្មែរតាមចិត្ត តើហ៊ុន សែនដែលនិយាយអ្វីទេ? មានតែហ៊ុន សែនធ្វើម្តេចឲ្យយួនមកថែមច្រើនទៀតផង ។តើខ្មែរនៅសង្ឃឹមលើ ហ៊ុន សែន ដូចម្តេចទៅ? បើមិនដែលនិយាយរឿងអ្វីពីយួនផងហ្នឹង។ ចយដឹកអើយ