A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 16 May 2016

គណបក្ស​សង្គ្រោះ​ជាតិ​សម្លឹង​ឃើញ​ទីតាំង​ថ្មី​ដើម្បី​លើក​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ


ដោយ ខែ សុណង
2016-05-16

ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ៨៥៥
២២-មីនា-២០១៦៖ បដា​មូលនិធិ​ទ្រទ្រង់​ទូរទស្សន៍​ព្រះអាទិត្យ ត្រូវ​បាន​គេ​ចង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ឋិត​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។
 RFA/Morm Moniroth


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​បោះបង់​គោល​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​ទីតាំង​លើក​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ ឬ​សាន់​ធីវី (SUN TV) នោះ​ទេ។ ការ​បន្ត​ស្វែងរក​ទីតាំង​ថ្មី​នេះ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​លើក​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ នៅ​ភូមិ​ស្ទឹងជ្រៅ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ តាម​ការ​ស្នើសុំ​របស់​បក្ស​ប្រឆាំង​ឡើយ ក្រោម​ហេតុផល​ថា មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ២១​នាក់។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្លឹង​ឃើញ​ទីតាំង​ថ្មី​ដើម្បី​លើក​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ ហើយ​ត្រៀម​នឹង​ដាក់​ទៅ​ប្រជុំ​ពិភាក្សា​សម្រេច​នៅ​ក្នុង​ថ្នាក់​ដឹក​នាំ​គណបក្ស។

អនុប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ ឧសភា ថា គណបក្ស​នៅ​មិន​ទាន់​សម្រេច​ថា​យក​ទីតាំង​ថ្មី​ក្នុង​ទឹក​ដី​ខេត្ត​កណ្ដាល នោះ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​សម្រេច​ពី​គណៈកម្មការ​គណបក្ស​សិន។ លោក​ថា ទីតាំង​ថ្មី​នេះ​អាច​អំណោយ​ផល​ល្អ​ជាង​ទីតាំង​ចាស់ ដែល​អាជ្ញាធរ​អះអាង​ថា ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​មិន​ពេញ​ចិត្ត​ខ្លាច​ប៉ះពាល់​សុខុមាលភាព៖ «ខ្ញុំ​ជាមួយ​នឹង​លោក យ៉ែម បុញ្ញឫទ្ធិ ទៅ​ពិនិត្យ​មើល​ទីតាំង​ហ្នឹង ប៉ុន្តែ​គ្រាន់​តែ​ថា​ទីតាំង​ថ្មី​ហ្នឹង គឺ​វា​សមរម្យ។ យើង​អាច​ទទួល​យក​បាន។ យើង​ត្រូវ​តែ​រក​ទីតាំង​ផ្សេង​ដើម្បី​ឲ្យ​ទូរទស្សន៍​សង្គ្រោះ​ជាតិ អាច​ដំឡើង​អង់តែន​បាន​អាច​ដំណើរ​ការ​បាន»។



ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ក្រុង​តាខ្មៅ លោក ហេង ធៀម មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​យល់​ទាស់​ទេ ប្រសិន​បើ​ទីតាំង​ថ្មី​ដែល​គណបក្ស​ជ្រើសរើស គ្មាន​ការ​តវ៉ា ឬ​ការ​ជំទាស់​លើ​បញ្ហា​អ្វី​មួយ​នោះ៖ «ប្រសិន​បើ​ទីនោះ​ជា​ដី​វាល មិន​មាន​ការ​ប៉ះពាល់ ឬ​មិន​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ទេ អាជ្ញាធរ​មូលដ្ឋាន​យើង​នឹង​ពិនិត្យ ហើយ​នឹង​រៀបចំ​តាម​នីតិវិធី​ជូន»។

កាល​ពី​ចុង​ខែ​មេសា សាលា​ខេត្ត​កណ្ដាល បាន​ជូន​ដំណឹង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ស្វែងរក​ទីតាំង​ថ្មី​ដែល​នៅ​ឆ្ងាយ​ពី​ទីតាំង​រស់នៅ​របស់​ប្រជាពលរដ្ឋ។ អាជ្ញាធរ​ខេត្ត​នេះ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ លើក​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ (SUN TV) នៅ​ភូមិ​ស្ទឹងជ្រៅ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ ក្រោម​ហេតុផល​ថា មាន​ការ​តវ៉ា​ជំទាស់​ពី​ប្រជាពលរដ្ឋ ២១​នាក់។

ចំណែក​គណបក្ស​នេះ​ចាត់​ទុក​ថា ការ​បដិសេធ​នោះ គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង។ ប៉ុន្តែ​អភិបាល​ក្រុង​តាខ្មៅ ពន្យល់​ថា ការ​មិន​អនុញ្ញាត​នេះ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​នយោបាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​ដោយសារ​មាន​ប្រជាពលរដ្ឋ ២១​នាក់ បាន​ផ្ដិត​មេដៃ​តវ៉ា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​អង់តែន​ទូរទស្សន៍​នៅ​ទីនោះ ខ្លាច​សាយ​ភាយ​វិទ្យុ​សកម្ម​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ពួក​គាត់។

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ចាប់​ផ្ដើម​ដំណើរ​ការ​ទូរទស្សន៍​ព្រះអាទិត្យ នៅ​ដើម​ឆ្នាំ​២០១៦ បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល ក៏ប៉ុន្តែ​គម្រោង​នេះ ត្រូវ​បាន​ពន្យារ​ពេល​ជិត​កន្លះ​ឆ្នាំ ខណៈ​ដំណើរ​ការ​ស្នើសុំ​សាងសង់​អង់តែន​ទូរទស្សន៍​កំពុង​ជាប់​គាំង។

មក​ដល់​ពេល​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​មាន​ថវិកា​គ្រប់គ្រាន់​ហើយ​ដើម្បី​ទិញ​អង់តែន និង​ដំណើរ​ការ​សាងសង់​ស្ថានីយ​ទូរទស្សន៍ តែ​សំខាន់​នោះ គឺ​រង់ចាំ​តែ​ចម្លើយ​បើក​ផ្លូវ​ច្បាប់​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល តែ​ប៉ុណ្ណោះ។

គម្រោង​បង្កើត​ស្ថានីយ​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ប្រើ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ មក​ទល់​ពេល​នេះ ថវិកា​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​របស់​សាធារណជន មាន​ចំនួន​ជាង ៧០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

No comments: