A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 15 May 2016

គ.ជ.ប​នឹង​ជ្រើស​រើស​អគ្គលេខាធិការ​រង​ថ្មី​បើ​តុលាការ​រក​ឃើញ​ថា​លោក នី ចរិយា មាន​ទោស


កុំឆ្ងល់ ហ៊ុន សែនមិនដែលយកអ្នកមានទោសទៅដាក់គុកទេ គឺយកតែអ្នកដែលឥតមានទោសនេះឯងទៅដាក់គុក គឺមកពីនីយាយរិសគន់ ហ៊ុន សែន នោះឯង ធ្វើឲ្យហ៊ុន សែនរងារពេកណា។

 Reader

<<<>>>

ដោយ ខែ សុណង
2016-05-14

នី ចរិយា ៨៥៥ ២០១៦
អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥។
 RFA


មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អះអាង​ថា អវត្តមាន​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប ដែល​កំពុង​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ និង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពេល​នេះ មិន​បាន​ប៉ះពាល់​ដល់​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​កំណែទម្រង់​ស្ថាប័ន​មួយ​នេះ​ឡើយ។ ប៉ុន្តែ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​ស្ទួយ​កិច្ចការ​បោះឆ្នោត​យល់​ថា ការ​បាត់​បង់​បេក្ខភាព​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ដែល​បេក្ខភាព​នេះ​ទទួល​ខុស​ត្រូវ និង​ការងារ​ទទួល​បន្ទុក​ខុស​ពី គ.ជ.ប ចាស់ ដែល​បេក្ខភាព​អគ្គលេខាធិការ​រង ធ្វើ​តែ​ការងារ​ជា​ជំនួយការ​ឲ្យ​អគ្គលេខាធិការ​នោះ។

មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប ប្រកាស​ជំហរ​របស់​ខ្លួន​ថា ក្នុង​ដំណាក់កាល​នេះ គ.ជ.ប ដាច់​ខាត​នឹង​មិន​ជ្រើសរើស​អគ្គលេខាធិការ​រង គ.ជ.ប ថ្មី​ជំនួស​លោក នី ចរិយា ឡើយ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​ដែល​មិន​ជ្រើសរើស​សមាសភាព​អគ្គលេខាធិការ​រង​ថ្មី ជំនួស​បេក្ខភាព​លោក នី ចរិយា នោះ ពីព្រោះ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ លោក​យល់​ថា ទំនង​ជា​លោក នី ចរិយា អាច​ធូរ​ស្រាល​ជាង​សង្គម​ស៊ីវិល​ទាំង ៤​រូប និង​ក្រែង​អាច​តុលាការ​មិន​ចោទ​ប្រកាន់​បន្ត​លើ​លោក​ទៀត នេះ​បើ​តាម​លោក​ពិនិត្យ​មើល​ស្ថានភាព​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំ​ឃាំង​រាជធានី​ភ្នំពេញ ឬ​ប៉េហ្ស៊ី (PG) ដែល​គេ​ដាក់​ឃុំ លោក នី ចរិយា ដោយ​ឡែក​ពី​មន្ត្រី​សមាគម​អាដហុក (ADHOC)។



ប៉ុន្តែ​លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ដំណើរការ​ជ្រើសរើស​បេក្ខភាព​ថ្មី នឹង​អាច​កើត​មាន​ឡើង​លុះ​ត្រា​តែ​តុលាការ​រក​ឃើញ​ថា លោក នី ចរិយា មាន​ទោស៖ «ដាច់ខាត​គឺ​អត់​រើស​ថ្មី​ទេ ហើយ​អគ្គលេខាធិការ​រង​សព្វ​ថ្ងៃ​មាន​ដល់​ទៅ ៤​នាក់​នោះ បើ​ពី​មុន​មាន​តែ​ម្នាក់ អ៊ីចឹង​វា​អាច​ប៉ះពាល់ ដល់​ឥឡូវ​នេះ​ទោះ​បី​អវត្តមាន​ពីរ​បី​នាក់ ក៏​ដំណើរការ​នៅ​តែ​ដើរ​អ៊ីចឹង។ អគ្គលេខាធិការ​រង​ហើយ​គេ​អត់​និយាយ​ពី​កូតា​ទៀត​ទេ យើង​និយាយ​តែ​ពី​ឯករាជ្យ។ នរណា​យល់​យ៉ាង​ណា ប៉ុន្តែ​ក្នុង​ច្បាប់​និយាយ​ពីរ​ឯករាជ្យ អ៊ីចឹង​ទេ​អត់​មាន​លម្អៀង​ទៅ​ឆ្វេង​ទៅ​ស្ដាំ​បាន​ទេ»។

លោក ហង្ស ពុទ្ធា បន្ថែម​ទៀត​ថា បើ​សិន​ជា​មាន​សាលក្រម​ស្ថាពរ​ពី​តុលាការ​ផ្ដន្ទាទោស​លោក នី ចរិយា នោះ តាម​ច្បាប់ គ.ជ.ប នឹង​ត្រូវ​ជ្រើសរើស​បេក្ខភាព​ថ្មី ប៉ុន្តែ​ដំណើរការ​ជ្រើសរើស​យ៉ាង​ណា​នោះ​លោក​មិន​ទាន់​បញ្ជាក់​ប្រាប់​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា លោក នី ចរិយា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឃុំ​ខ្លួន ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ បុគ្គលិក​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប​ផ្សេង​ទៀត ក៏​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ដែរ ពី​បទ​សូកប៉ាន់​សាក្សី ដែល​ត្រូវ​បាន​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ចោទ​ប្រកាន់​ថា អ្នក​ទាំង​នេះ​ព្យាយាម​ល្បួង​ឲ្យ​ផ្ដល់​សក្ខីកម្ម​ក្លែង​ទៅ​ដល់​តុលាការ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា បាន​ស្នើ​ឲ្យ គ.ជ.ប ​ស្នើ​ទៅ​តុលាការ​ឲ្យ​ពិនិត្យ​មើល​លទ្ធភាព​ច្បាប់ និង​អនុញ្ញាត​ឲ្យ​លោក នី ចរិយា បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ជួយ​ធ្វើ​កិច្ចការ​ជា​ច្រើន​នៅ គ.ជ.ប ដែល​ជា​កិច្ចការ​នៃ​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​កំណែទម្រង់​ស្ថាប័ន​នេះ៖ «បើ​សិន​បាន​គាត់​នៅ​ក្រៅ​ឃុំ​ទៅ​ហើយ​មក​ធ្វើ​កិច្ចការ គ.ជ.ប ទៅ​ហើយ ដំណើរការ​តុលាការ​ដំណើរការ​ធម្មតា​អ៊ីចឹង​ទៅ។ ករណី​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​ទៅ​ណាមួយ​កិច្ច​ការងារ​ជាមួយ​គ​ជ​ប ជា​ការងារ​ដ៏​សំខាន់ ហើយ​គេ​អាច​មាន​ទំនុក​ចិត្ត​ដែរ​ទៅ​លើ​គ​ជ​ប បើ​សិន​ជា​ឲ្យ​លោក នី ចរិយា នៅ​ក្រៅ​ឃុំ​អ៊ីចឹង​ណា ដល់​ពេល​មាន​ការ​ចោទ​ប្រកាន់​រហូត​ដល់​ជា​ស្ថាពរ​អ៊ីចឹង​ទៅ ឬ​មិន​ចោទ​ប្រកាន់​វិញ ម៉េច​ក៏​វា​មាន​ផលប្រយោជន៍​ទៅ​ខាង គ.ជ.ប ដែរ ហើយ​ខ្ញុំ​គិត​ថា មាន​បញ្ហា​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​មិន​ទុក​ចិត្ត​អី​ទេ ព្រោះ​ស្ថាប័ន គ.ជ.ប វា​ធំ​ដែរ»។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា សមាជិក​ទាំង ៩​រូប​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រជុំ​សម្រេច​គោលការណ៍ ៣​ចំណុច គឺ​បង្កើត​ក្រុម​អ្នក​ច្បាប់​របស់ គ.ជ.ប ដើម្បី​សិក្សា​ពី​អង្គ​ហេតុ និង​បញ្ជូន​សំណុំ​បែបបទ​នៃ​កិច្ច​អន្តរាគមន៍​របស់​ក្រុម​គ្រួសារ​លោក នី ចរិយា បញ្ជូន​ទៅ​តុលាការ ព្រម​ទាំង​ព្យាយាម​រក​លទ្ធភាព​ដើម្បី​បាន​ជួប​លោក នី ចរិយា ដោយ​ផ្ទាល់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា គ.ជ.ប បដិសេធ​ក្នុង​ការ​លូក​ដៃ​ចូល​កិច្ចការ​របស់​តុលាការ ហើយ​ថា ពុំ​មាន​ភាព​ចន្លោះ​នៃ​ច្បាប់​ណា​មួយ​ដែល​អនុញ្ញាត​ឲ្យ​ស្ថាប័ន គ.ជ.ប ធានា​លោក នី ចរិយា បាន​នៅ​ក្រៅ​ឃុំ ឬ​រួច​ផុត​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ផ្នែក​ទី​៣ អគ្គលេខាធិការដ្ឋាន ត្រង់​មាត្រា​៥៦ ចែង​ថា អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ត្រូវ​បាត់បង់​មុខ​តំណែង​ក្នុង​ករណី​សាមី​ខ្លួន​ទទួល​មរណភាព សាមី​ខ្លួន​លា​ឈប់​ជា​លាយលក្ខណ៍អក្សរ សាមី​ខ្លួន​បាត់​បង់​សម្បទា​វិជ្ជាជីវៈ​ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច សាមី​ខ្លួន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម​ណាមួយ៕

1 comment:

Anonymous said...

កុំឆ្ងល់ ហ៊ុន សែនមិនដែលយកអ្នកមានទោសទៅដាក់គុកទេ គឺយកតែអ្នកដែលឥតមានទោសនេះឯងទៅដាក់គុក គឺមកពីនីយាយរិសគន់ ហ៊ុន សែន នោះឯង ធ្វើឲ្យហ៊ុន សែនរងារពេកណា។