A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 10 May 2016

មន្ត្រី​ជលផល​និង​សង្គម​ស៊ីវិល​បារម្ភ​ខ្លាច​បាត់បង់​ដី​ព្រៃ​កោងកាង​រាប់​រយ​ហិកតារ​នៅ​ស្រុក​ព្រៃនប់


ដោយ ដែន អយុធ្យា
2016-05-09



៦-ឧសភា-២០១៦៖ តំបន់​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង នៅ​ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ RFA/Den Ayuthyea
RFA/Den Ayuthyea


មន្ត្រី​រដ្ឋបាល​ជលផល និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ត្រូវ​បំផ្លាញ​ដោយ​ការ​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​តំបន់​ដី​ព្រៃ​លិច​ទឹក​ជាង ១​ពាន់​ហិកតារ​នា​មូលដ្ឋាន​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់។

ក្តី​ព្រួយ​បារម្ភ​នេះ មន្ត្រី​ជំនាញ​ជលផល បាន​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​ថ្នាក់​ជាតិ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ទប់ស្កាត់​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ​នោះ​ឲ្យ​ទាន់​ពេលវេលា។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​ជាង ១​ពាន់​ហិកតារ មាន​ទីតាំង​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ត្រូវ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ មាន​មន្ទីរ​សុរិយោដី​ខេត្ត​ជាដើម បាន​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ប្លង់​ប្រព័ន្ធ ជូន​បុគ្គល​ឯកជន​ទាំង​ស្រុង​អស់​ទៅ​ហើយ។



ផ្ដើម​ពី​បញ្ហា​នេះ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម សំណូមពរ​ដល់​ថ្នាក់​ដឹក​នាំ​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល ព្រោះ​គ្រឿងចក្រ​កំពុង​ឈូស​បំផ្លាញ​អនាធិបតេយ្យ។ បន្ថែម​លើ​នេះ លោក សុខ សុខុម ក៏​ស្នើ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ជួយ​សើរើ​ទៅ​លើ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ឯកជន​ទៅ​លើ​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ​នៅ​មូលដ្ឋាន​ឃុំ​ទឹកថ្លា ដើម្បី​សង្គ្រោះ​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​គង់វង្ស៖ «មិន​ដឹង​ថា​មូលហេតុ​អ្វី បាន​ជា​ភាគី​លោក​ឧកញ៉ា ហាន់ ឃៀង ហ៊ាន​ឈូស​ឆាយ​លើ​ដី​ព្រៃ​លិច​ទឹក ព្រៃ​កោងកាង ព្រៃ​កាញឹប​ដុះ​ច្រើន​ដូច​ម្រាម​ដៃ​នៅ​មូលដ្ឋាន​ឃុំ​ទឹកថ្លា នេះ។ បច្ចុប្បន្ន គ្រឿងចក្រ​កំពុង​បំផ្លិចបំផ្លាញ​ព្រៃ​កោងកាង ដី​សាធារណៈ​របស់​រដ្ឋ​នៅ​តំបន់​នេះ​អស់​ជាច្រើន​ហិកតារ​យ៉ាង​អនាធិបតេយ្យ និង​មាន​រូបភាព​ធ្ងន់ធ្ងរ​បំផុត។ ហើយ​បទល្មើស​បំផ្លាញ​ដី​ព្រៃ​លិច​ទឹក គឺ​កំពុង​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ទឹកថ្លា ដោយ​ផ្ទាល់​តែ​ម្តង»។

លោក សុខ សុខុម ប្រធាន​អង្គការ ស៊ី.អ៊ិន.រ៉ូ បង្ហាញ​ការ​ហួស​ចិត្ត កាល​បើ​ឃើញ​ដី​ព្រៃ​កោងកាង​នៅ​មាន​ដើម​ដុះ​ល្អៗ និង​មាន​កម្ពស់​ជិត ១០​ម៉ែត្រ ប៉ុន្តែ​បែរ​ជា​ត្រូវ​អាជ្ញាធរ និង​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​ក្នុង​ខេត្ត​ព្រះសីហនុ អាច​សម្រួល​ឯកសារ​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន ឬ​ក្រុមហ៊ុន ហើយ​ត្រូវ​គេ​យក​គ្រឿងចក្រ​ឈូស​បំផ្លាញ​ដី​ព្រៃ​លិច​ទឹក​ចោល។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល កោះ​អញ្ជើញ​មន្ត្រី​ជាប់​ពាក់ព័ន្ធ ក្នុង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​ឲ្យ​បុគ្គល​ឯកជន​នៅ​លើ​តំបន់​ដី​ព្រៃ​លិច​ទឹក​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ដើម្បី​ឈាន​ដល់​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «សូម​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច មាន​រដ្ឋបាល​ជលផល ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ពីព្រោះ​ដី​សាធារណៈ​របស់​រដ្ឋ មិន​អាច​ឲ្យ​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​បាន​ទេ។ ក្រុមហ៊ុន ឬ​បុគ្គល​ឯកជន​ទាំង​នោះ សំអាង​ទៅ​លើ​ឯកសារ​អ្វី​ខ្លះ ដែល​ហ៊ាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក ព្រៃ​កោងកាង​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​នៅ​លើ​ទីតាំង​ភូមិ​ព្រែកទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់។ សូម​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ផ្លូវ​ច្បាប់ ឬ​ប័ណ្ណ​រឹង​ជូន​អាជ្ញាធរ ហើយ​ក៏​ស្នើ​ដល់​មន្ត្រី​ជំនាញ គឺ​រដ្ឋបាល​ជលផល ត្រូវ​បដិសេធ​ប័ណ្ណ​សម្គាល់​ម្ចាស់​ចលនវត្ថុ​ទាំង​នោះ​ចោល ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ឬ​ព្រៃ​កោងកាង​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​នៅ​តំបន់​នេះ​ឲ្យ​បាន​គង់វង្ស​ឡើង​វិញ»។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម លោក នេន ចំរើន បាន​ដាក់​របាយការណ៍​មួយ​ច្បាប់​ជូន​ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល អំពី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហាន់ ឃៀង បាន​យក​គ្រឿងចក្រ​ជីក​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​ធ្វើ​ប្រឡាយ ហ៊ុមព័ទ្ធ​ដី​ព្រៃ​កោងកាង​នៅ​ក្នុង​ឃុំ​ទឹកថ្លា។

លិខិត​មាន​ភ្ជាប់​រូបថត​នៃ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព្រៃ​កោងកាង និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន ផ្ញើ​ជូន​ប្រធាន​រដ្ឋបាល​ជលផល បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ មន្ត្រី​ខណ្ឌ​ជលផល​កំពង់សោម បាន​ចុះ​ពិនិត្យ​សកម្មភាព​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ខេមបូឌា ប៊ីន ហៃ ស្ពេសល អ៊ីឃើណម៉ិក ហ្សូន (Cambodia Bin Hai Special Economic Zone) ដែល​មាន​លោក​ឧកញ៉ា ហាន់ ឃៀង ជា​ប្រធាន​ក្រុមហ៊ុន​នេះ បាន​ជីក​ប្រឡាយ​មាន​ទទឹង ២​ម៉ែត្រ និង​ជម្រៅ​ជាង ១​ម៉ែត្រ ហ៊ុមព័ទ្ធ​លើ​ដី​ព្រៃ​កោងកាង​មួយ​កន្លែង​មាន​ទំហំ​ប្រមាណ ៥០​ហិកតារ នៅ​ចំណុច​មាត់​ព្រែកសង្កែ ជាប់​ផ្លូវ​ជាតិ​ស្ថិត​ក្នុង​ភូមិ​ព្រែកទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់។ ប៉ុន្តែ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ជីក​ប្រឡាយ​នៅ​លើ​ដី​ព្រៃ​កោងកាង​នេះ​របស់​លោក ហាន់ ឃៀង គឺ​ពួក​គេ​មាន​លិខិត​ស្នើសុំ​ការ​ឈូស​ឆាយ​ចាក់​ដី​បំពេញ​សម្រាប់​ដំណាំ​កសិកម្ម​នៅ​លើ​ដី​ព្រៃ​លិច​ទឹក នា​ឃុំ​ទឹកថ្លា ដោយ​មាន​ចំណារ​ឯកភាព​ជា​គោលការណ៍​ពី​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ រួម​ទាំង​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ប្លង់​ប្រព័ន្ធ​ចំនួន ៧​ច្បាប់ និង​មាន​ទំហំ​ផ្ទៃដី​ជិត ៥០​ហិកតារ។

លិខិត​ដដែល​របស់​នាយក​ខណ្ឌ​ជលផល​កំពង់សោម លោក នេន ចំរើន ក៏​បញ្ជាក់​ប្រាប់​ប្រតិភូ​រដ្ឋាភិបាល និង​ជា​ប្រធាន​រដ្ឋបាល​ជលផល​ថា វិសាលភាព​នៃ​ដី​ព្រៃ​កោងកាង​មាន​ចំនួន​ជាង ១​ពាន់​ហិកតារ មាន​ទីតាំង​នៅ​ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ បាន​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ ឬ​ប្លង់​ប្រព័ន្ធ ជូន​ឯកជន​ទាំង​ស្រុង​អស់​ទៅ​ហើយ ទោះ​បី​ស្ថានភាព​ព្រៃ​កោងកាង​ពេល​បច្ចុប្បន្ន​នៅ​មាន​ដើម​ដុះ​ល្អៗ​ដូច​ម្រាម​ដៃ និង​មាន​កម្ពស់​ជិត ១០​ម៉ែត្រ​បែប​ណា​ក្តី។

លិខិត​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ព្រៃ​កោងកាង​ជាង ១​ពាន់​ហិកតារ​នោះ ត្រូវ​បំផ្លាញ និង​ស្នើសុំ​អនុសាសន៍​ណែនាំ​ពី​ថ្នាក់​ដឹក​នាំ​ថ្នាក់​ជាតិ ដើម្បី​ឈាន​ដល់​អនុវត្ត​នីតិវិធី​បន្ត ដើម្បី​ឈាន​ដល់​ការពារ ឬ​ថែ​រក្សា​ដី​ព្រៃ​កោងកាង​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​ឲ្យ​បាន​គង់វង្ស។

នាយ​ខណ្ឌ​ជលផល​កំពង់សោម លោក នេន ចំរើន បាន​ឲ្យ​ដឹង​ថា សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ហាន់ ឃៀង ត្រូវ​មន្ត្រី​អធិការកិច្ច​ជលផល​មជ្ឈិម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ជា​បណ្ដោះអាសន្ន​ហើយ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា។ លោក​ឲ្យ​ដឹង​ថា មន្ត្រី​អធិការកិច្ច​ជលផល​មជ្ឈិម បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ដល់​ទីតាំង​មាន​សកម្មភាព​គ្រឿងចក្រ​ឈូស​បំផ្លាញ​ព្រៃ​កោងកាង នា​ឃុំ​ទឹកថ្លា ដឹក​នាំ​ដោយ​អនុប្រធាន​រដ្ឋបាល​ជលផល លោក អ៊ឹង ទ្រី និង​នាយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​សមុទ្រ លោក ពុំ ស៊ីថា។

លោក នេន ចំរើន ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​ចុះ​ពិនិត្យ​របស់​ថ្នាក់​ដឹក​នាំ​រដ្ឋបាល​ជលផល​មជ្ឈិម គឺ​បាន​ស្នើ​ឲ្យ​គ្រឿងចក្រ​លោក​ឧកញ៉ា ហាន់ ឃៀង ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​លើក​យក​ករណី​នេះ​ទៅ​ជួប​ពិភាក្សា​គ្នា​ជាមួយ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​ថ្នាក់​ដឹក​នាំ​ក្រសួង​កសិកម្ម ឬ​ក្រសួង​ពាក់ព័ន្ធ​ជា​មុន​សិន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​ឧកញ៉ា ហាន់ ឃៀង ដើម្បី​បំភ្លឺ​ជុំវិញ​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព្រៃ​កោងកាង​បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែ​ឧសភា ប៉ុន្តែ​តាម​លិខិត​មួយ​ច្បាប់​មាន​ចុះ​ហត្ថលេខា និង​បោះ​ត្រា​លោក​ឧកញ៉ា ហាន់ ឃៀង ប្រធាន​ក្រុមហ៊ុន ខេមបូឌា ប៊ីន ហៃ ស្ពេសល អ៊ីឃើណម៉ិក ហ្សូន ផ្ញើ​ជូន​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន តាម​រយៈ​លោក​មេ​ឃុំ​ទឹកថ្លា ឈ្មោះ ភឿន ណាំ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​ព្រៃនប់ លោក យី សៅរ៉េត និង​អភិបាល​ស្រុក​ព្រៃនប់ លោក ទិត វុទ្ធី ចុះ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦ បាន​ស្នើសុំ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ចាក់​បំពេញ និង​ពង្រាប​ផ្ទៃ​ដី​ដែល​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចលនវត្ថុ​ចំនួន ៧​ទីតាំង មាន​ផ្ទៃដី​សរុប ៤៨​ហិកតារ មាន​ទីតាំង​នៅ​ភូមិ​ព្រែកទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ដើម្បី​ដាំ​ដុះ​ដំណាំ​កសិកម្ម។ សំណើ​នេះ ត្រូវ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ចុះ​ហត្ថលេខា​ឯកភាព​ជា​គោលការណ៍​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ទោះ​បី​ជា​បែប​នេះ​ក្តី នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦ របស់​អភិបាល​ស្តីទី​ខេត្ត​ព្រះសីហនុ លោក សំ សំអាត ជម្រាប​ជូន​លោក​ឧកញ៉ា ហាន់ ឃៀង ប្រធាន​ក្រុមហ៊ុន ខេមបូឌា ប៊ីន ហៃ ស្ពេសល អ៊ីឃើណម៉ិក ហ្សូន ស្ដីពី​សំណើ​សុំ​ឈូស​ឆាយ​ចាក់​បំពេញ និង​ពង្រាប​ផ្ទៃ​ដី​ដែល​មាន​វិញ្ញាបនបត្រ​ចំនួន ៧​ទីតាំង មាន​ផ្ទៃដី​សរុប ៤៨​ហិកតារ​នៅ​ភូមិ​ព្រែកទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់។ លោក សំ សំអាត បញ្ជាក់​ថា ដើម្បី​អនុវត្ត​សំណើ ឬ​កិច្ច​ការងារ​នេះ​បាន​រលូន លោក​ស្នើ​ឲ្យ​លោក​ឧកញ៉ា ហាន់ ឃៀង ត្រូវ​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ត្រូវ​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ៕

No comments: