A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 March 2015

Analysis: Why did Mr. Hun Sen order the draft of a provision that allow for the confiscation of seats from parties that boycott the first parliamentary sitting? ​វិភាគ​៖ ហេតុ​អ្វី​នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​បង្កើត​ច្បាប់​ដក​អាសនៈ​គណបក្ស​មិន​ចូលប្រជុំ​សភា​លើកដំបូង​?​

ដោយ៖​ ណុល ដា​រ៉ា​ | ថ្ងៃចន្ទ ទី9 មិនា 2015,

ស្តាប់សំឡេង៖​

ចម្លងទុក
​ចាប់​ពី​កិច្ចព្រមព្រៀង​២២ កក្កដា ២០១៤ ដល់​ថ្ងៃ​២៨ កុម្ភៈ ២០១៥ គឺ​មាន​រយៈពេល​៧​ខែ ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​ចរចា​លើ​ការកែទម្រង់​ច្បាប់បោះឆ្នោត ។ ក្នុង​រយៈពេល​នេះ គេ​សង្កេតឃើញថា ក្រុមបច្ចេកទេស​ចរចា​កែ​ទម្រង់​ច្បាប់​បោះឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​ឧបសគ្គ​ជាច្រើន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងនោះ​មានដូចជា មិន​ឲ្យ​ព្រះសង្ឃ​មាន​សិទ្ធិ​ឃោសនា​បោះឆ្នោត អនុញ្ញាតឲ្យ​កម្លាំងប្រដាប់អាវុ​ធ និង​មន្ត្រី​តុលាការ​ចូលរួម​ឃោសនាបោះឆ្នោត ការដាក់ទោស​ពិន័យ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ច្បាប់​ហូត​អាសនៈ​ពី​គណបក្ស​ណា​ដែល​មិន​ចូល​ប្រជុំ​សភា​លើក​ដំបូង​តាម​ការកោះអញ្ជើញ​របស់​ព្រះមហាក្សត្រ​ជា​ដើម ។​
​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​យល់​ថា ការបង្កើត​ឧបសគ្គ​ទាំង​នោះ​ជា​ចេតនា​អូសបន្លាយ​ការចរចា​បង្កើត គ​.​ជ​.​ប ថ្មី ដើម្បី​ឲ្យ​គណបក្ស​ប្រជាជ​ន​កម្ពុជា មានឱកាស​ប្រើ​ច្បាប់បោះឆ្នោត​ចាស់​ដែល​នៅ​ជា​ធរមាន​ស្រាប់ ។​
ក្នុង​ដំណើរការ​នៃ​ការចរចា​ធ្វើ​សេចក្ដីព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​នោះ ទាំង​អ្នកតាមដាន​សភាពការណ៍​នយោបាយ ទាំង​អ្នកវិភាគ សុទ្ធ​តែ​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រៀប​ជាង​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​គឺ​ច្បាប់​និយាយ​ពី​ការដកហូត​អាសនៈ​សភា ពី​គណបក្ស​នយោបាយ​ណា ដែល​មិន​ចូលប្រជុំ​សភា​លើកដំបូង តាម​ការកោះអញ្ជើញ​ពី​ព្រះមហាក្សត្រ ។​

​ទោះយ៉ាងណា ក្នុង​ការចរចា​ចុង​ក្រោយ​រវាង​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​ទាំងពីរ​នៅ​ថ្ងៃ​២៨ កុម្ភៈ ២០១៥ លោក សម រង្ស៊ី បាន​ទទួល​យក​ចំណុច​សេសសល់​ទាំងអស់ ។ ត្រង់​ចំណុច​នេះ អ្នកវិភាគ​តាម​តុ​កាហ្វេ​យល់ថា លោក សម រង្ស៊ី អាច​ទូល​ភ្នំ​ដ៏​ធំ​ដែល​គណបក្ស​ប្រជាជន​ដាក់ឲ្យទូល​នោះ​រួច ។ ហើយ​ចំណុច​នេះ អ្នកវិភាគ​ក្រៅ​ឆាក​ទាំងនោះ​ក៏​និយាយ​ដែរ​ថា វា​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​មិន​នឹកស្មាន​ថា​លោក សម រង្ស៊ី ហ៊ាន​ទូល​ភ្នំ​នោះទេ ។​
​តើ​ហេតុមូល​អ្វី​បានជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យមាន​ចែង​ក្នុង​ច្បាប់បោះឆ្នោត ពី​ការដកហូត​អាសនៈ​គណបក្ស​មិន​ចូលប្រជុំ​សភា​លើកដំបូង តាម​ការកោះអញ្ជើញ​របស់​ព្រះមហាក្សត្រ​?
​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក សូ ចន្ថា យល់​ថា​ការ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ទាមទារ​ឲ្យ​ចែងពី​ច្បាប់​នោះ ហាក់ដូចជា​លោក​មាន​ជំនឿ​ទុកចិត្ត​ថា នៅ​អាណត្តិ​ក្រោយ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះឆ្នោត​ទៀត ព្រោះ​ច្បាប់​នោះ​បាន​បន្ថយ​រយៈពេល​នៃ​ការឃោសនាបោះឆ្នោត និង​ចំនួន​ថ្ងៃ​ឃោសនា​ព្រមទាំង​បាន​កម្រិត​សិទ្ធិ​សង្គម​ស៊ីវិល​ក្នុង​ការចូលរួម​ផងដែរ ។ លោក​បន្តថា ការ​រឹតត្បិត​សេរីភាព​ទាំងនេះ អាច​ធ្វើឲ្យ​គណបក្ស​ប្រជាជនគិត​ថា​ខ្លួន​នៅតែ​មាន​ប្រៀបជាង​គណបក្ស​ផ្សេង​ទៀត ហើយ​ម្យ៉ាងទៀត​លោក​ថា ការ​ងើបឡើង​នៃ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​ការកកើត​បក្ស​តូចៗ​ថ្មីៗ​ទៀត អាច​ជា​កត្តា​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជឿថា ខ្លួន​នឹង​ឈ្នះ​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៦​នោះ ។ លោក​មានប្រសាសន៍ថា «​បើសិនជា គ​.​ជ​.​ប ឯករាជ្យ សេរី​ឯករាជ្យ​ពិតប្រាកដ យុត្តិធម៌​ពិតប្រាកដ ខ្ញុំ​ថា មិន​ចាំបាច់​មាន​ច្បាប់​ដែល​ចែង​ពី​ការដកហូត​អាសនៈ ក្រោយ​ការបោះឆ្នោត​ហ្នឹង បើ​មិន​ចូលប្រជុំ​សភា​លើក​ដំបូង​នោះ​ទេ​» ។​
​លោក​សាស្ត្រា សូ ចន្ថា បន្ត​ថា​ច្បាប់​នោះ​មាន​ចរិត​បង្ខិតបង្ខំ​ឲ្យទទួល​យក​លទ្ធផល​បោះឆ្នោត ទោះ​ជា​ការបោះឆ្នោត​នោះ​មិន​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្ដី ។ លោក​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ បើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នោះ​ឯករាជ្យ​ពិតប្រាកដ អ្នកឈ្នះ ឈ្នះ​ដោយ​ពេញមុខ ឯ​អ្នកចាញ់ ចាញ់​ដោយ​អស់ចិត្ត នោះ​វា​នឹង​មិន​មាន​រឿង​មិន​ចូលប្រជុំ​សភា​ទេ «​ស្អី​ដែល​គាត់​លើកឡើង ហាក់ដូចជា​ការធ្វើ​ច្បាប់​ថ្មី​ហ្នឹង ហាក់ដូចជា​កម្រិត​តួនាទី តាំង​ពី​អិន​ជី​អូ (NGO) អី​ជាដើម ដែល​កន្លែង​ហ្នឹង​ហាក់ដូចជា​មិន​ឆ្លុះបញ្ចាំង​ពី​បែបបទ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​ទេ ដែល​ហាក់ដូចជា​កំណត់ ដាក់​កំហិត​ឲ្យ​គណបក្សនយោបាយ​ត្រូវតែ​ចូលប្រជុំ បើ​ទោះ​ជា​ការបោះឆ្នោត​មិន​សេរី យុត្តិធម៌​ក៏​ដោយ​» ។​
អ្នកវិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ យល់​ថា​ការទាមទារ​ឲ្យមាន​ច្បាប់​នោះ ព្រោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ចង់ឲ្យ​មាន​ការជាប់គាំ​ង​នយោបាយ​ក្រោយ​ការបោះឆ្នោត និង​មិន​ចង់​រង​នូវ​សម្ពាធ​នយោបាយ​ពី​គណបក្ស​ចាញ់ឆ្នោត ដូច​ករណី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ ។ ទោះយ៉ាងណា លោក អ៊ូ វីរៈ ថ្លែងថា​លោក​មិន​គាំទ្រ​ឲ្យមាន​ច្បាប់​ដកហូត​អាសនៈនោះ​ទេ ប៉ុន្តែ​លោក​ចង់ឲ្យ​មាន​ចែង​ឲ្យ​ច្បាស់លាស់​ថា គណបក្ស​ចាញ់ឆ្នោត មិន​អាច​ព្យួរ​ស​ភាឲ្យជាប់គាំង​រហូត​នោះ​ទេ ។ លោក​ថា «​ការពិត​អ្នក​ដែល​ជាប់ឆ្នោត គឺ​បាន​ន័យ​សភា​មាន​អាសនៈ​គ្រប់គ្រាន់​ហើយ នៅពេល​បោះឆ្នោត​ហើយ​ហ្នឹង ចង់​ចូល មិន​ចង់​ចូល អាហ្នឹង​រឿង​តំណាងរាស្ត្រ​នីមួយៗ​មាន​សិទ្ធិ ប៉ុន្តែ​នៅពេលដែល​គាត់​អត់​ស្បថ បាន​ន័យ​គាត់​អត់​ទទួល​យក​ប្រាក់ខែ ហើយ​ក៏​គាត់​អត់​មាន​សិទ្ធិ​ក្នុងការ​ធ្វើ​ការងារ​សភា​ដែរ​។ តែ​ប៉ុណ្ណឹង​ទៅ​ចប់​រឿង​ហើយ​» ។​
​រីឯ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក គល់ បញ្ញា យល់​ដូច​គ្នា​ដែរ​ថា ច្បាប់​នោះ​មាន​គោលដៅ​តែមួយ គឺ​ចង់​ឲ្យ​សភា​ដំណើរការ​ជា​ធម្មតា ក្រោយពេល គ​.​ជ​.​ប ប្រកាស​លទ្ធផល​ឆ្នោត​រួចហើយ ។ ប៉ុន្តែ​លោក​យល់ថា នីតិវិធី​ផ្ដល់​សុពលភាព​តំណាងរាស្ត្រ​នោះ​ស្មុគស្មាញ​ខ្លាំង ដែល​តម្រូវ​ឲ្យ​បេក្ខជន​ជាប់ឆ្នោត​ទៅធ្វើ​សម្បថ​ផង និង​ទៅ​ប្រជុំ​ផង ។ 
ត្រង់​ចំណុច​នេះ​លោក គល់ បញ្ញា ឲ្យយោបល់​ថា​ការប្រកា​សសុពលភាព​តំណាងរាស្ត្រ គួរតែ​ប្រកាស​ដោយ គ​.​ជ​.​ប ឬ​ដោយ​ព្រះមហាក្សត្រ ក្រោយ​ពេល​ព្រះអង្គ​ទទួលបាន​បញ្ជី​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នោះ​នឹង​មិន​មាន​បញ្ហា​ស្មុគ្រស្មាញ​នោះទេ «​ហ្នឹង​ខ្ញុំ​គ្រាន់តែ​ឃើញ​សេចក្ដីព្រាង​បញ្ញត្តិ​គាត់​ហ្នឹង វា​ស្មុគ្រស្មាញ ហើយ​វា​មិនមែន​ជា​ដំណោះស្រាយ ហើយ​ដែល​ស្រួល​បំផុត គឺ​ឲ្យ គ​.​ជ​.​ប ហ្នឹង​ប្រកាស​សមាជិក​អ្នកតំណាងរាស្ត្រ​តែ​ម្ដង​ទៅ​! កុំ​ដូច​ឥឡូវនេះ​យើង​ដាក់ថា គ​.​ជ​.​ប ប្រកាស​បេក្ខជន​ជាប់ឆ្នោត​បន្ទាប់ពី​ចេញ​លទ្ធផល​បោះឆ្នោត​ជា​ស្ថាពរ​ហើយ​។ យើង​គ្រាន់តែ​ធ្វើ​ប៉ុន​ហ្នឹង​ទៅ បានន័យថា​សភា​ដំណើរការ អ្នកណា ដែល​គណបក្ស​ណា​ដែលមាន​៥០​ភាគរយ​បូក​១ ឬក៏​សម្ព័ន្ធ​គណបក្ស​ណា​ដែលមាន​៥០​ភាគរយ​បូក​១ ចាប់ផ្ដើម​ដំណើរការ​រដ្ឋសភា​ខ្លួនឯង​។ អ្នក​ណា​ធ្វើ​ពហិការ អ្នកនុ៎ង​គឺ​ប្រឈម​នឹង​អត់​ប្រាក់ខែ អត់​អី អត់​មាន​ការងារ​អី​នៅក្នុង​រដ្ឋសភា តែ​ប៉ុន​ហ្នឹង​» ។​
​បើ​តាម​មតិ​ខាងលើ​នោះ​ឃើញថា ច្បាប់​ដកហូត​អាសនៈ​ពី​គណបក្ស​មិន​ចូល​ប្រជុំ​សភា​ដំបូង​តាម​ការកោះអញ្ជើញ​របស់​ព្រះមហាក្សត្រ​នោះ មានបំណង​ត្រឹមតែ​បញ្ចៀស​ការជាប់គាំង​នយោបាយ​ក្រោយ​ការបោះ​ឆ្នោត​តែ​ប៉ុណ្ណោះ ។ ក្រុមអ្នកវិភាគ​យល់ថា មិន​ចាំបាច់​មាន​ច្បាប់​នោះ​ទេ បើសិនជា គ​.​ជ​.​ប ឯករាជ្យ​ពិតប្រាកដ​ហើយ​នោះ ហើយ​ម្យ៉ាងទៀត​គួរតែ​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ គ​.​ជ​.​ប ឬ​ព្រះមហាក្សត្រ ប្រកាស​សុពលភាព​តំណាងរាស្ត្រ​តែម្ដង ដើម្បី​ចៀសវាង​នីតិវិធី​សាំញ៉ាំ ដែល​តម្រូវ​ឲ្យ​បេក្ខជន​ចូល​ស្បថ​ផង និង​ចូលប្រជុំ​សភា​ផង​នោះ ៕
សូម​សរសេរ​មក​លោក ណុល ដា​រ៉ា តាមរយៈ dara@vodhotnews.com

No comments: