A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 21 January 2015

UN Special Rapporteur Prof. Surya Subedi want the ruling CPP and the opposition CNRP to "a culture of dialogue" លោក សុរិយា ស៊ូប៊ែឌី ចង់​ឲ្យ​បក្ស​ទាំង​ពីរ​បន្ត​វប្បធម៌​សន្ទនា​ក្នុង​ការ​ដោះស្រាយ​បញ្ហា

ស៊ូប៊ែឌី សង្គ្រោះ​ជាតិ ៦២០
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នា​មន្ទីរ​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ មករា ២០១៥។
RFA/Tin Zakariya
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ថា វា​ជា​ការ​ល្អ​ណាស់​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​បញ្ចប់​វិបត្តិ​នយោបាយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤​នោះ។
លោក​បញ្ជាក់​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​គាត់​ថា គណបក្ស​ទាំង​ពីរ​កំពុង​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ពង្រឹង​ស្តង់ដារ​ប្រជាធិបតេយ្យ ឲ្យ​មាន​ការ​គោរព​ច្បាប់ ឬ​នីតិរដ្ឋ និង​មាន​ការ​គោរព​សិទ្ធិមនុស្ស​យ៉ាង​ពិត​ប្រាកដ​នៅ​កម្ពុជា ដែល​បញ្ហា​ទាំង​នេះ​លោក​ធ្លាប់​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​លោក​នៅ​ពេល​កន្លង​មក។
ការ​ថ្លែង​របស់​លោក សុរិយា ស៊ូប៊ែឌី នេះ​ នៅ​បន្ទាប់​ពី​លោក​បាន​ជួប​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​វិមាន​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​២០ មករា។
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី ជំរុញ​ឲ្យ​គណបក្ស​ពីរ​គោរព​កិច្ច​ព្រមព្រៀង​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា នោះ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។
សុរិយា ស៊ូប៊ែឌី និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នា​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២០ មករា ២០១៥។ RFA/Tin Zakariya

លោក សុរិយា ស៊ូប៊ែឌី មាន​ប្រសាសន៍​ថា បន្ទាប់ពី​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក​មាន​ភាព​រីករាយ​ជា​ខ្លាំង​ចំពោះ​ដំណើរ​ការ​បន្ត​នៃ​វប្បធម៌​សន្ទនា​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជំរុញ​ស្ថានការណ៍​អភិវឌ្ឍ​ប្រទេស​ជាតិ​មាន​ការ​រីកចម្រើន​ទៅ​មុខ ឬ​កម្ពុជា ស្ថិត​នៅ​លើ​ផ្លូវ​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​លើ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ ឬ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​របស់​សភា ដូចជា​ការ​បង្កើត​ឲ្យ​មាន​មេដឹកនាំ​ភាគ​តិច​នៅ​ក្នុង​សភា និង​ការ​អនុវត្ត​កំណែទម្រង់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ច្បាប់​បោះ​ឆ្នោត ។ល។ ៖ «ខ្ញុំ​សង្ឃឹម​ថា គ្មាន​នរណា​ម្នាក់​នឹង​ដើរ​លើ​ផ្លូវ​ខុស​ទៀត​ឡើយ​នៅ​លើ​ការ​អនុវត្ត​ដំណើរការ​កំណែ​ទម្រង់​នានា ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ»

ការ​ថ្លែង​ដូច្នេះ​របស់ លោក សុរិយា ស៊ូប៊ែឌី នេះ នៅ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៩ មករា បាន​ផ្តាំ​ផ្ញើ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា វប្បធម៌​សន្ទនា​ដែល​បាន​ព្រមព្រៀងគ្នា​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ នោះ មិន​មាន​ប្រសិទ្ធភាព​ទេ។ លោក ហ៊ុន សែន ក៏​ប្រកាស​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៧​រួប កំពុង​ជាប់​បណ្ដឹង​អាជ្ញា​នៅ​តុលាការ​ដែរ។ លោក​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា នោះ មិន​បាន​និយាយ​បញ្ចប់​ពី​បណ្ដឹង​នេះ​ដែរ។
​នៅ​ក្រោយ​កិច្ច​ជំនួប​រវាង​លោក សុរិយា ស៊ូប៊ែឌី ជាមួយ​លោក សម រង្ស៊ី និង​លោក កឹម សុខា នេះ។ មេដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​ជួប​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ភ្លាមៗ​ដែរ។
នៅ​ក្រោយ​ពេល​ជំនួប​បញ្ចប់​រវាង​លោក សម រង្ស៊ី លោក កឹម សុខា និង​លោក ហេង សំរិន នោះ លោក សម រង្ស៊ី មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ឆ្លើយ​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ឡើយ។ លោក សម រង្ស៊ី គ្រាន់​តែ​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​គោរព​ស្មារតី​កិច្ច​ព្រមព្រៀង​ស្មារតី​ដែល​មាន​ចែង​ក្នុង​ច្បាប់ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​សភា៖ «យើង​បាន​ពិភាក្សា​ជាមួយ លោក ហេង សំរិន ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថាប័ន​សភា​ធ្វើ​ការ​ជាមួយ​គ្នា ប្ដូរ​គំនិត​គ្នា និង​រួម​គ្នា​ធ្វើ​ការ​នៅ​ក្នុង​សភា»
ចំណែក​ឯ​លោក ហេង សំរិន វិញ ក៏​មិន​បាន​ឆ្លើយតប​សំណួរ​អ្វី​ច្រើន​ដល់​អ្នក​សារព័ត៌មាន​ដែរ។ លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា ជំនួប​រវាង​លោក និង​ប្រធាន អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា នោះ គឺ​និយាយ​ពី​ស្ថាន​ជំងឺ​របស់​លោក ប៉ែន សុវណ្ណ។ ចំពោះ​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៧​រួប ដែល​លោក ហ៊ុន សែន បាន​លើក​ឡើង​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​នោះ​វិញ លោក ហេង សំរិន អះអាង​ថា ជា​សិទ្ធិ​របស់​តុលាការ៖ «ការ​ដក​អភ័យ​ឯកសិទ្ធិ ឬ​យ៉ាង​ណា ជា​ដំណើរ​ការ​របស់​តុលាការ»
អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ដើម​ចម​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​វាយ​ប្រហារ​ឆ្លងឆ្លើយ​គ្នា​ខ្លាំងៗ ចុង​ក្រោយ​នេះ ដោយសារ​តែ​បក្ស​ទាំង​ពីរ​មិន​គោរព​កិច្ច​ព្រមព្រៀង​ដោយ​វប្បធម៌​សន្ទនា​ជា​ធំ​នោះ៖ «ដោយសារ​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​មិន​បាន​ជជែក​គ្នា​អំពី​បញ្ហា ហើយ​ពួក​គេ​ភាគ​ច្រើន​ជជែក​គ្នា​ទៅ​លើ​ព័ត៌មាន​ចចាមអារ៉ាម​ដែល​មិន​ពិត ដូច្នេះ​មិន​អាច​ត្រូវ​គ្នា​ទេ»
លោក សុរិយា ស៊ូប៊ែឌី បញ្ជាក់​ថា លោក​មើល​ឃើញ​ថា គណបក្ស​ទាំង​ពីរ​កំពុង​តែ​វិវឌ្ឍ​ទៅ​ល្អ ដោយ​យក​វប្បធម៌​សន្ទនា​ក្នុង​ការ​ដោះស្រាយ​បញ្ហា ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​សេដ្ឋកិច្ច ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំណេញ​ទាំង​អស់​គ្នា៕

No comments: