ដោយ៖ ញឹម សុខន | ថ្ងៃអង្គារ ទី20 មករា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
កម្លាំងចម្រុះរបស់រដ្ឋាភិបាលប្រមាណ១០០នាក់នៅព្រឹថ្ងៃអង្គារនេះ គំរាមចាប់ខ្លួនអ្នកតវ៉ាឲ្យដោះលែងសកម្មជនដីធ្លីនិងសកម្មជនបក្សប្រឆាំង ដោយចោទថាអ្នកទាំងនោះបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងបម្រាម របស់សាលារាជធានីភ្នំពេញ។
ការគំរាមនេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកតវ៉ា ប្រមាណជាង១០០នាក់ បានដើរហែក្បូនពីមុខស្ថានទូតអាមេរិក មកទីលានប្រជាធិបតេយ្យ ដើម្បីសម្តែងមតិជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ពន្លឿនដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះដីធ្លី និងដោះលែងសកម្មជនដីធ្លី១០នាក់រួមទាំងអ្នកស្រី ទេព វន្នី ផងសកម្មជននយោបាយបក្សឆាំង៥នាក់ និងអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម៤អង្គ ។ ពួកគេត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួន ក្រោមបទចោទផ្សេងៗគ្នា ខណៈស្ថានការនយោបាយឡើងកំដៅ ។
អាជ្ញាធររាជធានីភ្នំពេញ បានស្រែកតាមឧបករណ៍បំពងសំឡេង គំរាមចាប់ខ្លួនជាញឹកញាប់ ហើយដាក់កម្លាំងបង្ក្រាប និងបិទផ្លូវមិនឲ្យក្រុមអ្នកតវ៉ាយកទីលានប្រជាធិតេយ្យធ្វើជាទីតាំងសម្តែងមតិ «រឿងដីធ្លី មេត្តាធ្វើញត្តិដាក់នៅសាលារាជធានីភ្នំពេញ ចំពោះអ្នកដែលមិនពាក់ព័ន្ធមេត្តារំសាយ រំសាយភ្លាម គឺរំសាយឥឡូវនេះ សូមជម្រាបដល់អស់លោក លោកស្រីដែលជាអ្នកសារព័ត៌មានទាំងអស់មេត្តាអញ្ជើញចេញ» ។
ក្រុមអ្នកតវ៉ាអះអាងថាការគំរាមរបស់អាជ្ញាធរ ហាក់មិនបានការពារប្រយោជន៍សហគមន៍ក្រីក្រ ដែលគេរំលោភដីធ្លីនោះទេ តែវាជាការបើកផ្លូវឲ្យក្រុមហ៊ុន និងមន្ត្រីខិលខូចរបស់រដ្ឋាភិបាលមួយចំនួន មានឱកាសរំលោភយកដីអ្នកភូមិបន្តទៀត «ខ្ញុំអស់ជម្រើសហើយ ។ បងប្អូន! ខ្ញុំមិនចង់មកទេ វេទនាណាស់បងប្អូន ខ្ញុំទាមទារតែយុត្តិធម៌ទេ អត់មានប៉ះពាល់អីដល់រឿងនយោបាយឡើយ ទាមទារសុំការរស់នៅដីខ្មែរ ត្រូវឲ្យមានផ្ទះនៅ ផ្លូវដែរ ហេតុអីខ្មែរហើយក៏អត់មានដីនៅទៀត» ។
កាលពីថ្ងៃចន្ទម្សិលមិញ សាលារាជធានីភ្នំពេញបានប្រកាសច្រានចោលសំណើរសុំរបស់តំណាងសហគមន៍ចំនួន៤ ដូចជា សហគមន៍ បុរីកីឡា តំណាងដោយ អ្នកស្រីជុំ ង៉ាន់ តំណាងសហគមន៍ថ្មគោល តំណាងដោយ អ្នកស្រី ច្រាយ ងីម និងសហគមន៍បឹងកក់ តំណាងដោយ អ្នកស្រី យ៉ោម បុប្ផា ជាដើម ដែលសុំយកទីតាំងទីលានប្រជាធិតេយ្យធ្វើបានបាតុកម្មរយៈពេល១ខែ ។
អ្នកស្រី យ៉ោម បុប្ផា អះអាងថា បម្រាមរបស់សាលារាជធានីភ្នំពេញ មិនមែនជាច្បាប់ទេ ហើយតំណាងសហគមន៍ ដែលដឹកនាំធ្វើបាតុកម្មបានជូនដំណឹងទៅអាជ្ញាធរក្រុងតាមច្បាប់កំណត់ហើយ ទើបសម្រេចធ្វើការសម្តែងមតិនៅថ្ងៃនេះ ។ អ្នកស្រីថា «យើងមកនេះ គឺយើងមកធ្វើដោយអហិង្សា ហើយយើងដឹងថា នឹងប្រឈម ។ ប៉ុន្តែយើងគ្មានជម្រើសទេ ដោយសារយើងត្រូវការដំណោះស្រាយ ហើយយើងត្រូវការគឺការដោះលែងសកម្មជនយើង តំណាងយើង ព្រះសង្ឃរបស់យើងដែលជាប់[ឃុំ]ដោយអយុត្តិធម៌» ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ ដែលតាមដានករណីនេះ លោក អំ សំអាត យល់ថាវិធានការទប់ស្កាត់ អ្នកតវ៉ាសំណាក់មន្ត្រីរដ្ឋាភិបាលនៅពេលនេះ ជារូបភាពនយោបាយ ច្រើនជាងការអនុវត្តច្បាប់ ។ លោកជំរុញឲ្យរដ្ឋាភិបាលពីនិត្យឡើងវិញ ពីស្មារតីរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិផ្សេងៗស្តីពីសិទ្ធិមនុស្ស ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋថា កម្ពុជាកំពុងដើរលើគន្លងប្រជាធិតេយ្យ ។
យ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ាអះអាងថា គម្រោងធ្វើបាតុកម្មមួយខែនៅទីលានប្រជាធិតេយ្យ មិនទាន់កំណត់ថានឹងបន្តធ្វើតាមការគ្រោងទុក ឬយ៉ាងណានៅឡើយទេ ដោយសារតែមានការគំរាមកំហែងពីកម្លាំងរដ្ឋាភិបាលដូចនៅថ្ងៃនេះ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
1 comment:
ពេលកូនខ្មែររស់នៅក្នុងស្រុកខ្មែរបានទៅរៀនចាំអួត
Post a Comment