A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 19 November 2013

Singer Chin Soravy's funeral is sad, but the absence of her de facto, a lieutenant general in the army, who was accused by Hang Meas TV of being a possible suspect of her murder, adds to the suspicion that he might be her murderer] ឈិន សុខ​រ៉ាវី ត្រូវ​បូជា​ក្រោម​សំឡេង​រិះគន់​​

ដោយ៖​ វង្ស សុ​ម៉ា​លីន​ | ថ្ងៃអង្គារ៍ ទី19 ខែវិច្ឆិកា ឆ្នាំ2013, VOD. Watch about Hang Meas TV's report here.

ពិធី​បូជាសព​របស់​តារាចម្រៀង​នាង​ឈិន សុ​រ៉ា​វី កាលពី​ល្ងាច​ថ្ងៃទី​១៨ វិច្ឆិកា បាន​បញ្ចប់​ដោយ​ភាព​ក្ដុកក្ដួល​បំផុត​។ ជាមួយ​គ្នា​នោះ គេ​បាន​ទាំង​ឮ​សមាជិក​នៃ​ក្រុមគ្រួសារ​សព និង​ភ្ញៀវកិត្តិយស​ជា​អ្នកចូលរួម​ភាគច្រើន បន្ទ​សំឡេង​រិះគន់​យ៉ាង​កង​រំពង​​ទៀតផង ប៉ុន្តែ​នោះ​មិនមែន​ជា​ការរិះគន់​ចំពោះ​សព និង​សាច់ញាតិ្ត​របស់​សពឡើយ​។
​ត្បិត​ថា​វិញ្ញាណ​របស់​ឈិន សុខ​រ៉ាវី បាន​ស្ងប់ចិត្ត ក្រោម​វត្តមាន​របស់​ម្ដាយ ដែល​ធ្លាប់​ដាច់ចិត្ត​ទៅ​ចោល​ពួកនាង និង​ឪពុក ទៅ​កសាង​ជីវិត​ថ្មី​ជាមួយ​ស្វាមី​ក្រោយ​នៅ​ប្រទេស​បារាំង​នោះ បាន​ត្រឡប់​មក​ធ្វើបុណ្យ  ប៉ុន្តែ​ឈិន សុខ​រ៉ាវី ក៏​ពិត​ជា​មិនទាន់​ស្ងប់ចិត្ត​ទាំងស្រុង​ដែរ ខណៈ​ដែល​ស្វាមី​លាក់​មុខ​របស់​នាង មិន​បាន​បង្ហាញ​មុខ​ទាល់តែសោះ ចាប់​តាំងពី​នាង​បាន​ស្លាប់​។ អំណះអំណាង​របស់​ក្រុមគ្រួសារ​សព បាន​ថ្លែង​ដោយ​អារម្មណ៍​ក្ដុកក្ដួល​ថា បុរស​ដែល​ឈិន សុខ​រ៉ាវី បានរួមរ​ស់​ជា​ប្ដី​ប្រពន្ធ​លួចលាក់​អស់​ច្រើន​ឆ្នាំ​នោះ មិន​បាន​បង្ហាញ​មុខ​ឡើយ ដោយ​សូម្បី​តែ​ក្នុង​ថ្ងៃ​បូជាសព​ដែល​ត្រូវ​គេ​រំពឹងថា គេ​នឹង​មក​អុជ​ធូប​សុំ​ខ​មាល​ទោស​លើកចុងក្រោយ​។ សាច់ញាតិ្ត​ជាច្រើន​របស់​សព បញ្ជាក់​ដូចគ្នា​ថា កន្លងមក​ពួកគេ​មិន​ដែល​ពេញចិត្ត​នឹង​វត្តមាន​របស់​បុរស​ជា​មន្ត្រី​យោធា​ដែល​ឈិន សុខ​រ៉ាវី ជ្រើសរើស​នេះ​ទេ ប៉ុន្តែ​មក​ពី​ម្នាក់ៗ​មិន​ចង់​ជំទាស់ និង​មិន​ចង់​បំបែកបំបាក់​ជីវិត​ស្នេហា​របស់​នាង ទើប​ពួកគេ​បិទ​ភ្នែក​បិទ​ត្រចៀក បើទោះជា​ដឹងថា បុរស​ម្នាក់​នេះ មាន​ទម្លាប់​ប្រើ​ហិង្សា និង​ធ្វើឲ្យ​ឈិន សុខ​រ៉ាវី ចង់​សម្លាប់​ខ្លួន​ម្ដង​ជា​ពីរដង​កន្លងមក​។ ពួកគេ​បាន​ទាំង​តាំងចិត្ត​ថា បើ​ក្នុង​ថ្ងៃ​សព បុរស​ម្នាក់​នេះ បង្ហាញ​មុខ​មក ពួកគេ​នឹង​មិន​និយាយ​អ្វី​ទាំងអស់ ដើម្បី​ឲ្យ​វិញ្ញាណ​របស់​សព កាន់តែ​ស្ងប់ចិត្ត​ទៀតផង​។ ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃ​នាង​ស្លាប់ រហូតមកដល់​ថ្ងៃ​បុណ្យ​៧​ថ្ងៃ ដែល​បាន​បន្ត​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា​នេះ គេ​មិនឃើញ​ស្វាមី​លួចលាក់​របស់​ឈិន សុខ​រ៉ាវី ដែល​ជា​ឃាតករ​ចិត្ត​ត្រជាក់​ធ្វើឲ្យ​ឈិន សុខ​រ៉ាវី គិត​ខ្លី​នោះ លេចមុខ​ឡើយ​។ អញ្ចឹង​ហើយ ទើប​អវត្តមាន​របស់​គេ ត្រូវ​គេ​រិះគន់​យ៉ាង​កងរំពង​ក្នុង​ថ្ងៃ​បូជាសព​។ ទោះយ៉ាងណា បុរស​នេះ ទំនង​ពិបាក​ប្រឈម​ផងដែរ ពិសេស​ក្នុង​ពេល​ដែល​គេ​គឺ​ជា​អ្នក​ដែល​ធ្វើឲ្យ ឈិន សុខ​រ៉ាវី ត្រូវស្លាប់ និង​មិន​ដែល​ផ្ដល់​សុភមង្គល​ឲ្យ​នាង ក្នុងពេល​រួមរស់​ជាមួយ​គ្នា​បែប​នេះ​។
(កញ្ញា ឈិន សុធារី ត្រូវជាប្អូនស្រី និងលោក ឈិន កុសល ត្រូវជាបងប្រុសសពកញ្ញា ឈិន សុខរ៉ាវី)
​នៅ​ថ្ងៃ​បូជាសព​របស់​ឈិន សុខ​រ៉ាវី ដែល​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​ជាង​៥ ល្ងាច​នោះ គេ​ឃើញ​បងៗ និង​ប្អូនៗ​របស់​នាង​ស្រែកយំ​រហូតដល់​សន្លប់​បណ្ដាក់​គ្នា ដោយ​មាន​តែ​ម្ដាយ​របស់​នាង​ម្នាក់​ប៉ុណ្ណោះ ដែល​ទប់​ជំហរ​បានល្អ​ជាង​គេ​។ ចំពោះ​តារា​សិល្បៈ​វិញ បាន​វត្ត​មាន​តិចតួច​បំផុត ដោយ​មាន​តែ​តារាចម្រៀង​ប្រចាំ​ហង្ស​មាស លោក​សាពូន មីដាដា លោក​យក់ ដួង​តារា លោក​ស៊ិន ចាន់​វាសនា លោក​បញ្ញា​សិទ្ធិ និង​លោក​ឡេង ប៊ុន​ណាត​ប៉ុន្មាន​រូប​ប៉ុណ្ណោះ បាន​ចូលរួម​។ សភាព​នេះ ក៏​បង្ក​ជា​សំឡេង​រិះគន់​ផងដែរ នៅក្នុង​ពិធី​បូជាសព​ដែល​មិនសូវ​មាន​សភាព​អ៊ូអរ​ដូច​កេរ្តិ៍ឈ្មោះ​ក្នុង​សិល្បៈ​របស់​សព​កាល​នៅរស់​នោះ​។ ដូច្នេះ​មានន័យថា សង្គម​តារា​សិល្បៈ​ខ្មែរ មិន​មាន​ទម្លាប់​ជួយ​គ្នា​ក្នុងពេល​តារា​ដូចគ្នា​មានទុក្ខ​នោះឡើយ បើ​ទោះ​ជា​អ្នក​ចែក​ឋាន​នោះ គឺ​ជា​តារា​ម្នាក់​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​នាម​ជា​តារា​ទៅហើយ​។

ប៉ុន្តែ​បើ​ក្នុង​ពិធី​សើច​សប្បាយ ដូចជា​ក្នុង​ពិធីមង្គលការ ក្នុង​ពិធី​ជប់លៀង ដែល​តម្រូវ​ឲ្យ​ពួកគេ​អាច​តែងខ្លួន​ស្អាត​បង្អួត​កាម៉េ​រ៉ា នោះ​ទើប​ឃើញ​ក្រុម​តារា​ល្បីឈ្មោះ​ភាគច្រើន​លេចមុខ​រួមគ្នា​។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​បង្ហាញ​ថា​ចង្កោម​តារា​​នៅក្នុង​សង្គម​សិល្បៈ​ខ្មែរ មិន​ចូល​ចិត្ត​សហការ​គ្នា​នូវ​អ្វី​ដែល​មិន​ចំណេញ ពោល​គឺ​សូម្បី​តែ​ការស្លាប់​របស់​តារា​មុនៗ ក៏​ត្រូវ​​គេ​ឮ​យ៉ាង​សាំ​ត្រចៀក​ផងដែរ ថា​មកពី​តារា​នោះ​មិនសូវ​ជិតស្និទ្ធ​ជាមួយ​គេ ឬ​ទាល់តែ​តារា​នេះ​ទើប​ស្និទ្ធស្នាល​ជាង​។ តារា​ស្រុក​ខ្មែរ គួរតែ​ឈឺឆ្អាល​គ្នា ដោយ​ឈប់​លាប​ពណ៌​ថា នោះ​ជា​តារា​បែប​បុរាណ នោះ​ជា​តារា​បែប​សម័យ ដើម្បីឲ្យ​គេ​មើលឃើញថា គ្រប់​ពេល​ដែល​តារា​មាន​សុខ​ឬ​មានទុក្ខ គឺ​ពួក​តារា​ភាគច្រើន​ស្រា​ក់ដៃ​ជួយ​គ្នា ពិសេស​ចំពោះ​ករណី​ស្លាប់​របស់​ឈិន សុខ​រ៉ាវី ដែល​តារា​ស្រករ​មុន និង​ស្រករ​ក្រោយ​ភាគច្រើន​សុទ្ធ​តែ​ស្គាល់​ច្បាស់​បែបនេះ​។ សំឡេង​រិះគន់​នេះ ត្រូវ​ឮ​ពេញ​ពិធី​ថ្ងៃ​បូជា​តែម្ដង​។ ម្នាក់ៗ​និយាយថា ឃាតករ​របស់​សព​មិន​មក​គឺជា​រឿង​មិន​ចម្លែក​ឡើយ ប៉ុន្តែ​ចំពោះ​ករណី​ដែល​ឈិន សុខ​រ៉ាវី ល្បី​ឈ្មោះ​ប៉ុណ្ណឹង​ដែរ បែរជា​គ្មាន​អ្នកសិល្បៈ​ច្រើន​ឈឺឆ្អាល គឺជា​រឿង​សង្វេគ​ណាស់ ចំពោះ​តារា​សិល្បៈ​ខ្មែរ ដែល​គ្មាន​វប្បធម៌​ស្រាក់​ដៃ​គ្នា​ទាល់តែ ក្នុងពេល​តារា​ដូចគ្នា​មានទុក្ខ​៕
​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com

No comments: