A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 20 November 2013

Commune councillors from the ruling CPP in Prey Veng province accused of threatening the opposition activists ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រជាជន​ខេត្ត​ព្រៃវែង​រង​ការ​ចោទ​ថា​គំរាម​សកម្មជន​បក្ស​ប្រឆាំង


សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង អះអាង​ថា មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​មេសាង បាន​ដើរ​សួរ​នាំ​គំរាម​កំហែង​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ជុំវិញ​សកម្មភាព​ដែល​ពួក​គេ​ចូល​រួម​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​នា​ពេល​កន្លង​ទៅ។ ប៉ុន្តែ ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​កាន់​អំណាច​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។
ដោយ ហ៊ុំ ចំរើន
2013-11-20
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
សកម្មជន និង​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ច្រេស កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន បន្ទាប់​ពី​បាន​ទទួល​ការ​សួរ​នាំ​ដេញដោល​រក​រឿង​ច្រើន​លើក​ច្រើន​សា​របស់​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​កាន់​អំណាច​រួច​មក។
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ រស់​នៅ​ឃុំ​ច្រេស ស្រុក​មេសាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សកម្មភាព​សួរ​ដេញ​ដោល​រក​មុខ​ប្រជាពលរដ្ឋ​តាម​ភូមិ ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង ជា​ពិសេស គឺ​សួរ​ដេញ​ដោល​មក​លើ​រូប​លោក​តែ​ម្ដង។ លោក​ថា សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង៖ «ទៅ​សួរ​នាំ តើ​អ្នក​ឯង​ស៊ីញេ​ក្នុង​បញ្ហា​ការ​សន្លឹក​ឆ្នោត​នេះ ខ្ញុំ​ថា​ការិយាល័យ​ខ្ញុំៗ​ហ៊ាន​ស៊ីញេ​យល់​ព្រម ប៉ុន្តែ​ឲ្យ​តែ​ពិនិត្យ​ឲ្យ​បាន​ប្រក្រតី​ពី​ដើម​មកៗ ខ្ញុំ​អត់​មាន​ខ្លាច​ទេ។ ប៉ុន្តែ​ផែន​ការ​ហ្នឹង គណបក្ស​ប្រជាជន គាត់​គំរាម​កំហែង​ខ្ញុំ គាត់​លាប​ពណ៌​ខ្ញុំ​ថា​ខ្ញុំ​ធ្វើ​ចៅហ្វាយ​ស្រុក​ចៅហ្វាយ​អី​អ៊ីចឹង ឲ្យ​តែ​ឃើញ​មុខ​ខ្ញុំ​គាត់​ថា​អ៊ីចឹង។ ហើយ​ខ្ញុំ​ជា​ពលរដ្ឋ​ដែរ ប៉ុន្តែ​គ្រាន់​តែ​ខ្ញុំ​គាំទ្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណឹង»
លោក​បន្ត​ថា ក្រុម​ប្រឹក្សា​ឃុំ​បក្ស​កាន់​អំណាច ថែម​ទាំង​បាន​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ សួរ​ពី​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ដែល​បាន​សន្យា​ថា នឹង​ឲ្យ​ប្រាក់​ខែ​មនុស្ស​ម្នាក់ ៤​ម៉ឺន​រៀល ពេល​ដែល​ខ្លួន​ឈ្នះ​ឆ្នោត។ ប៉ុន្តែ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈ្នះ​ឆ្នោត ហើយ​បែរ​ជា​មិន​បាន​ធ្វើ​តាម​ពាក្យ​ដែល​គណបក្ស​មួយ​នេះ​បាន​សន្យា​ទៅ​វិញ។
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ក្រុម​ប្រឹក្សា​ឃុំ​ច្រេស គណបក្ស​ប្រជាជន​កម្ពុជា លោក ឃឹម ស៊ឹង បញ្ជាក់​ថា រូប​លោក​ពុំ​ដែល​បាន​ញុះញង់ ឬ​ទៅ​គំរាម​កំហែង​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ណា​ជា​សិទ្ធិ​របស់​ពួក​គាត់ អាជ្ញាធរ​មិន​ដែល​ទៅ​រារាំង​មិន​ឲ្យ​គាំទ្រ​គណបក្ស​នយោបាយ​ណា​នោះ​ឡើយ៖ «មិន​មែន​ទេ ខ្ញុំ​មិន​ដែល​មាន​ហៅ​ទៅ​ណា​ទេ ខ្ញុំ​អត់​មាន​សាក្សី​ណា​គាត់​និយាយ​អ៊ីចឹង ខ្ញុំ​ទៅ​ហៅ​ទៅ​ធ្វើ​ទៅ​ណា។ ខ្ញុំ​មិន​ដែល​មាន​សិទ្ធិ​ណា​ហៅ​គាត់។ ខ្ញុំ​ក្រុម​ប្រឹក្សា​ឃុំ​មាន​សិទ្ធិ​ណា​ទៅ​ហៅ​គាត់​ទៅ​ណែនាំ​ទេ ធ្វើ​ម៉េច​ធ្វើ​ចុះ ខ្ញុំ​មិន​ដែល​មាន​ប្រឆាំង​ជាមួយ​គាត់​ទេ។ ការងារ​របស់​គាត់ៗ​ធ្វើ​របស់​គាត់​មាន​អី​ខ្ញុំ​ទៅ​ច្រណែន​និន្ទា​មួយ​គាត់ អត់​មាន​ទេ»

យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ច្រេស ស្រុក​មេសាង និយាយ​ថា ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រុម​ប្រឹក្សា​ឃុំ​ស៊ើប​ដឹង​ថា គាត់​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​នោះ អាច​បង្ក​ផល​លំបាក​ដល់​ជីវិត​របស់​ពួក​គាត់។ បញ្ហា​នេះ សកម្មជន​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ដែល​មាន​ការ​ពាក់ព័ន្ធ​បញ្ហា​នេះ ចុះ​ស្រាវជ្រាវ​ដោះស្រាយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អស់​ក្ដី​កង្វល់​ពី​សុវត្ថិភាព​រស់​នៅ​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: