A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 18 July 2013

Analysis: What are the CNRP's strengths that make the ruling CPP worry? បទ​វិភាគ៖ តើ​បក្ស​សង្គ្រោះ​ជាតិ​មាន​ចំណុច​ពិសេស​អ្វី​ខ្លះ​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​បារម្ភ?

ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ពេល​នេះ ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​ដែល​ពិបាក​នឹង​ទស្សន៍ទាយ​បាន​ថា បក្ស​ណា​មួយ​មាន​ប្រៀប​ខ្លាំង​ជាង​គ្នា​ប៉ុណ្ណា​នោះ។ ជា​ពិសេស រវាង​គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង។
ដោយ ម៉ាត់ ក្រីយ៉ា RFA
2013-07-17
ឃោសនា​បោះឆ្នោត បក្ស​សង្គ្រោះ​ជាតិ ៦១០
ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ភាគ​ច្រើន​ជា​យុវជន ហែ​ឡើង​លើ​ស្ពាន​ក្បាល​ថ្នល់ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Mom Sophon
ការ​បោះឆ្នោត​លើក​នេះ គណបក្ស​សង្គ្រោះ​ជាតិ ហាក់​កំពុង​មាន​ប្រជាប្រិយភាព និង​មាន​សន្ទុះ​អ្នក​គាំទ្រ​មិន​សូវ​ជា​មាន​គម្លាត​ឆ្ងាយ​ពី​បក្ស​កាន់​ អំណាច​ដូច​លើក​មុនៗ​នោះ​ទេ។ មាន​កត្តា​មួយ​ចំនួន​ហាក់​កំពុង​បង្ហាញ​អំពី​ភាព​ខ្លាំង​របស់​គណបក្ស​ ប្រឆាំង​មួយ​នេះ។
តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំណុច​ពិសេស​អ្វី​ខ្លះ ដែល​អាច​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ព្រួយ​បារម្ភ​នោះ?
ភាព​ខ្លាំង​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ហាក់​កំពុង​ដើរ​ផ្ទុយ​អំពី​សម្ដី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​តែ​សើច​ចំអក​ថា ការ​រួបរួម​គ្នា​រវាង​បក្ស​សិទ្ធិ​មនុស្ស និង​បក្ស សម រង្ស៊ី នោះ គឺ​ជា​ព្យុះ​ក្នុង​ក្អម។
ទោះ​យ៉ាង​ណា​ក្តី បច្ចុប្បន្ន ព្យុះ​ក្នុង​ក្អម​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រសិទ្ធ​នាម​ឲ្យ​នេះ ទំនង​ជា​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ពិបាក​នឹង​ទប់ទល់ ឬ​អាច​និយាយ​មួយ​បែប​ទៀត​ថា គណបក្ស​កាន់​អំណាច​នឹង​មិន​អាច​ទទួល​ជោគ​ជ័យ​ភ្លូក​ទឹក​ភ្លូក​ដី​ដូច​កាល​ពី ​អាណត្តិ​មុនៗ​នោះ​ឡើយ។
ទិដ្ឋភាព​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​លើក​នេះ ត្រូវ​មហា​ជន​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ដណ្ដើម​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​មិន​ចាញ់​គណបក្ស​កាន់​អំណាច​ សព្វថ្ងៃ​ប៉ុន្មាន​នោះ​ដែរ ហើយ​គណ​បក្ស​នេះ​រំពឹង​ថា នឹង​អាច​ប្រកួត​ប្រជែង​យ៉ាង​ប្រកៀក​ប្រកិត​គ្នា។

តាម​បទ​ពិសោធន៍​កន្លង​មក ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​អាណត្តិ​មុនៗ មិន​មែន​ដោយសារ​សំឡេង​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំងអស់​នោះ​ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​ស្នៀត​បំបែក​បំបាក់​គូប្រកួត ដើម្បី​យក​ឈ្នះ​ដៃគូ​ប្រកួត ហើយ​គណបក្ស​នេះ​ចាំ​ត្រង​សំឡេង​ឆ្នោត​ពី​គណបក្ស​តូចៗ ដែល​មិន​មាន​សំឡេង​គ្រប់​អាសនៈ​ក្នុង​មណ្ឌល​បោះឆ្នោត​នីមួយៗ ដើម្បី​បង្គ្រប់​អាសនៈ​របស់​ខ្លួន​តាម​រូបមន្ត​មធ្យម​ភាគ​ខ្ពស់​បំផុត។ គណបក្ស​នយោបាយ​តូច​ដែល​ចូលរួម​ប្រកួត​ប្រជែង​ទាំងអស់ រង​នូវ​ភាព​អយុត្តិធម៌ ដោយសារ​ការ​ប្រើប្រាស់​រូបមន្ត​មធ្យម​ភាគ​ខ្ពស់​បំផុត ដើម្បី​បូក​សន្លឹក​ឆ្នោត​ដែល​សេសសល់​ទាំងអស់​នេះ ហើយ​ស្ទើរ​គ្រប់​អាណត្តិ គណបក្ស​ដែល​ចំណេញ​ច្រើន​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា។
ប៉ុន្តែ ការ​បោះឆ្នោត​លើក​នេះ មាន​សភាព​ខុស​ប្លែក​ពី​លើក​មុន ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​បក្ស​ប្រឆាំង​ពីរ បាន​រួបរួម​គ្នា គឺ​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី ដើម្បី​ទប់ទល់​នឹង​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ អាច​មិន​ខាត​សន្លឹក​ឆ្នោត​ដែល​សេសសល់​ដូច​លើក​មុន​នោះ​ឡើយ។ កត្តា​នេះ គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មិន​មាន​ឱកាស​ដើម្បី​កេង​ចំណេញ​សន្លឹក​ឆ្នោត​ពី​គណបក្ស​ប្រឆាំង ដើម្បី​យក​មក​បំពេញ​អាសនៈ​របស់​ខ្លួន​ដូច​លើក​មុន​នោះ​ទេ។
ជាច្រើន​អាណត្តិ​មក​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ក្ដោបក្ដាប់​អំណាច​គ្រប់គ្រង​ប្រទេស ហើយ​ភាព​មិន​ប្រក្រតី​ក្នុង​សង្គម​មួយ​ចំនួន​បាន​កើត​ឡើង ដូចជា អំពើ​ពុក​រលួយ និង​ការ​គាប​សង្កត់​ផ្សេងៗ​ពី​មន្ត្រី​អ្នក​មាន​អំណាច​របស់​រដ្ឋាភិបាល។
បញ្ហា​ប្រឈម​ទាំង​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ និង​មន្ត្រី​មួយ​ចំនួន​ដែល​ធ្លាប់​តែ​មាន​ភក្ដី​ភាព​ជាមួយ​បក្ស​ប្រជាជន នោះ ទំនង​ជា​ល្មម​ដល់​ពេល​ធ្វើ​ឲ្យ​ពួក​គាត់​ធុញ​ទ្រាន់​នឹង​ការ​ដឹកនាំ​ដែល​ពុំ ​មាន​ការ​វិវឌ្ឍន៍​ទៅ​មុខ ចំណែក​រឿង​ចម្រូងចម្រាស​នៅ​ក្នុង​សង្គម​ទាំង​ឡាយ មិន​អាច​ដោះស្រាយ​បាន បញ្ហា​បក្ខពួក​និយម​ក៏​កំពុង​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​មួយ​នេះ ដែល​ពិបាក​នឹង​កែ​ទម្រង់​ទៅ​រួច។
ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ឡើង ធ្វើ​អោយ​ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​កាន់​តែ​មាន​ទំនុក​ចិត្ត ហើយ​ជឿ​ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន។
ស្ថាប័ន​មួយ​ចំនួន បាន​ប្រកាស​ជា​ចំហ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​សមាជិក​ដែល​គាំទ្រ​ខ្លួន អោយ​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​នោះ មាន​ការ​ប្រកាស​ជា​ចំហ​ក្នុង​ការ​ចូលរួម​របស់ លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​លោក​មាន​សមាជិក​ជាច្រើន​ម៉ឺន​នាក់។ ការ​ប្រកាស​នេះ ជា​សារ​នយោបាយ​មួយ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​គាំទ្រ​គាត់ ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រឆាំង​មួយ​នេះ​ដោយ​មិន​ រុញរា​ឡើយ។
ទន្ទឹម​នឹង​នោះ ក៏​មាន​ការ​ប្រកាស​ចូលរួម​ពី​ព្រឹទ្ធាចារ្យ​បណ្ឌិត វណ្ណ មូលីវណ្ណ និង​ការ​ប្រកាស​ចូលរួម​ជា​បន្តបន្ទាប់​ពី​ប្រធាន​សហជីព​សេរី​កម្មករ ដូចជា​លោក រ៉ុង ឈុន និង​លោក ជា មុនី ជាដើម។
ក្រៅ​ពី​នេះ​ទៀត កាល​ពី​បោះឆ្នោត​នីតិកាល​មុនៗ សមាជិក​គណបក្ស​ប្រឆាំង​មួយ​ចំនួន​តែង​តែ​រត់​ចេញ​ពី​បក្ស​បន្ត​កន្ទុយ​គ្នា​ មុន​ពេល​បោះឆ្នោត ប៉ុន្តែ​លើក​នេះ ស្ថានភាព​នយោបាយ​គណបក្ស​ប្រឆាំង​ខុស​ពី​លើក​មុនៗ។ សមាជិក​គណបក្ស​ប្រឆាំង​មិន​សូវ​មាន​ការ​ច្របូកច្របល់​រត់​ចេញ​ពី​បក្ស​ដូច​ លើក​មុន​ទេ ដោយសារ​សមាជិក​គណបក្ស​ប្រឆាំង​ធំ​មួយ​នេះ មើល​ឃើញ​ថា សន្ទុះ​នៃ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​កើន​ឡើង។
មួយ​វិញ​ទៀត​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​គោល​នយោបាយ​មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ប្រជាពលរដ្ឋ​បាន​ច្រើន​ ជាង​គណបក្ស​ប្រឆាំង​លើក​មុនៗ ជា​ពិសេស​អាច​ទាញ​ការ​ចាប់​អារម្មណ៍​ពី​យុវជន​យ៉ាង​ច្រើន​កុះករ ខុស​ប្លែក​ពី​ការ​បោះឆ្នោត​អាណត្តិ​មុនៗ ដែល​មិន​សូវ​ជា​មាន​យុវជន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដូច​លើក​នេះ​នោះ​ ឡើយ។ គោល​នយោបាយ​ច្បាស់​លាស់​ទាំង ៧​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ក្ដី​សង្ឃឹម​ចំពោះ​គណបក្ស​នេះ ក្នុង​ការ​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជីវភាព​របស់​ពួក​គាត់​ បាន។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មុន​ពេល​ព្រះ​មហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ព្រះរាជ​ទាន​លើក​លែង​ទោស​ដល់ លោក សម រង្ស៊ី នោះ គេ​សង្កេត​ឃើញ លោក សម រង្ស៊ី ធ្លាប់​បាន​អះអាង​យ៉ាង​មោះមុត​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា វិញ បើ​ទោះ​បី​ជា​លោក​ដឹង​ថា​នឹង​មាន​ការ​ចាប់​ខ្លួន​លោក​ក៏​ដោយ​ចុះ។
បញ្ហា​នេះ អាច​បញ្ជាក់​បាន​ថា ទំនង​ជា​លោក សម រង្ស៊ី ដឹង​ថា គណបក្ស​របស់​លោក​កំពុង​តែ​មាន​ប្រជាប្រិយភាព និង​ទទួល​ការ​គាំទ្រ​ពី​ប្រជាជន​ស្ទើរ​ពាក់​កណ្ដាល ពិសេស​ក្រុម​យុវវ័យ​ក្មេង។
លោក សម រង្ស៊ី ប្រហែល​ជា​ដឹង​ទៀត​ថា នៅ​ពេល​លោក​វិល​ត្រឡប់​មក​កម្ពុជា វិញ បើ​សិន​ជា​លោក ហ៊ុន សែន នៅ​តែ​ប្រកាន់​គោល​ជំហរ​មិន​សម្រប​សម្រួល ហើយ​សម្រេច​ចិត្ត​ចាប់​លោក​ដាក់​ពន្ធនាគារ​តាម​ការ​អះអាង​របស់​ក្រសួង​ មហាផ្ទៃ នោះ អាច​នឹង​មាន​ការ​ផ្ទុះ​កំហឹង​បង្ក​ជា​អំពើ​ហិង្សា​កើត​ឡើង ពី​សំណាក់​យុវជន​ដែល​កំពុង​ពុះ​កញ្ជ្រោល​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ​ ជាក់​ជា​មិន​ខាន។
សន្ទុះ​យុវជន​បាន​ចេញ​មុខ​ជា​ចំហ​កាន់​តែ​ច្រើន​ឡើងៗ ពិសេស​គេ​បាន​ឃើញ​នៅ​ពេល​ក្បួន​ដង្ហែ​របស់​គណបក្ស​នេះ​នៅ​តាម​រាជធានី​ ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត។ ការ​ចូលរួម​របស់​យុវជន ទី១ អាច​ថា យុវជន​មាន​ជំនឿ​ចិត្ត​លើ​គណបក្ស​នេះ ថា​នឹង​អាច​ផ្ដល់​ការងារ​ធ្វើ​កាន់​តែ​ច្រើន​នៅ​ពេល​ឈ្នះ​ឆ្នោត។ ទី២ អាច​ថា យុវជន​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹកនាំ ដោយ​ចង់​សាក​ល្បង​មេ​ដឹក​នាំ​ថ្មី ជា​ជាង​មាន​មេ​ដឹក​នាំ​ដដែលៗ​ជិត ៣០​ឆ្នាំ​មក​ហើយ​នោះ ដោយ​ហេតុ​ថា នៅ​រាល់​ក្បួន​ដង្ហែ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​យុវជន​ទាំង​នោះ​បាន​ស្រែក​ពាក្យ​ថា ប្ដូរ​ព្រម​គ្នា ដែល​មាន​សំឡេង​ឮ​កង​រំពង​ទៅ​កាន់​ប្រជាពលរដ្ឋ​ជាដើម។
យ៉ាង​ណា​ក៏ដោយ គណបក្ស​កាន់​អំណាច​នឹង​មិន​បណ្ដោយ​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​នោះ​ទេ។
ថ្ងៃ​ណា​មួយ គណបក្ស​ប្រឆាំង​មួយ​នេះ​អាច​នឹង​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ប្រើ​ វិធីសាស្ត្រ​ចាស់ ដើម្បី​បំបែក​សំឡេង​គាំទ្រ។ ប៉ុន្តែ បើ​សិន​ជា​គណបក្ស​ប្រឆាំង​មួយ​នេះ​នៅ​តែ​បន្ត​រួបរួម​គ្នា ហើយ​មិន​មាន​ការ​បែក​បាក់​គ្នា​ទេ​នោះ ប្រហែល​ជា​អាច​ដណ្ដើម​អាសនៈ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​នឹង​អាច​ឈាន​ដល់​ការ​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​នា​អាណត្តិ​ក្រោយ​ ក៏​អាច​ថា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: