A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 July 2013

A house belonging to opposition CNRP's activist burned down after he received a telephone death threat ភ្លើង​ឆេះ​ផ្ទះ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​សង្ស័យ​រឿង​គំរាម​នៅ​បន្ទាយមានជ័យ

ផ្ទះ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ខ្នង នៅ​ឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​កាល​ពី​រាត្រី​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​កក្កដា ដោយ​ពុំ​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់។ ប៉ុន្តែ ម្ចាស់​ផ្ទះ​អះអាង​ថា ការ​ឆេះ​លំនៅឋាន​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​រូប​លោក​ជា​សកម្មជន​គណបក្ស​ សង្គ្រោះ​ជាតិ រង​ការ​គំរាម​សម្លាប់​មួយ​ពូជ​តាម​ទូរស័ព្ទ​រួច​មក។
ដោយ សួន សុផលមុន្នី RFA
2013-07-19
ភ្លើង​ឆេះ​ផ្ទះ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ៦១០
១៩-កក្កដា-២០១៣៖ ស័ង្កសី និង​គំនរ​ផេះ ក្រោយ​ភ្លើង​ឆេះ​លំនៅឋាន​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ឆួរ ចិន ដែល​គេ​សង្ស័យ​ថា អគ្គិភ័យ​នេះ​បង្ក​ឡើង​ដោយសារ​ជន​មិន​ស្គាល់​មុខ​លួច​ដុត កាល​ពី​រាត្រី​ទៀប​ភ្លឺ​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៣ នា​ភូមិ​រោលជ្រូក ឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។
Licadho Photo
លំនៅឋាន​មួយ​ខ្នង​ស្ថិត​នៅ​ភូមិ​រោលជ្រូក ឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​បំផ្លាញ កាល​ពី​រាត្រី​ទៀប​ភ្លឺ​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៣។ អំពើ​ហិង្សា​លួច​ដុត​បំផ្លាញ​លំនៅឋាន​នេះ ត្រូវ​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ។ លេខា​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ព្រះនេត្រព្រះ និង​ជា​ម្ចាស់​ផ្ទះ​ឈ្មោះ ឆួរ ចិន អាយុ ៥៧​ឆ្នាំ បញ្ជាក់​ថា លំនៅឋាន​របស់​គាត់​ទំហំ ៤​ម៉ែត្រ គុណ​នឹង ៦​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​គេ​លួច​ដុត​ឆេះ​រាប​ដល់​ដី ខណៈ​ដែល​រូប​លោក និង​ក្រុម​គ្រួសារ​គេច​ខ្លួន​មក​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ៖ «រឿង​គំរាម​សម្លាប់​មួយ​ពូជ ហើយ​ក្រោយ​មក​ក៏​មាន​កើត​រឿង​ហ្នឹង​ទៀត។ ខ្ញុំ​មិន​ដែល​មាន​រឿងរ៉ាវ​អី​ជាមួយ​អ្នក​ណា​ទេ កាល​ពី​ថ្ងៃ​ទី៣ មាន​ទូរស័ព្ទ​មក​គំរាម​ម្ដង។ មក​ដល់​ថ្ងៃ​ទី១១ កក្កដា គំរាម​ម្ដង​ទៀត។ ដល់​ថ្ងៃ​ទី១៩ ភ្លើង​ឆេះ​ខ្ទេច។ កន្លង​ទៅ​នេះ គេ​គំរាម​សម្លាប់​មួយ​ពូជ​ឲ្យ​ឈប់​ធ្វើ​ការ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ»
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ​សង្ស័យ​ថា ការ​ដុត​បំផ្លាញ​លំនៅឋាន អាច​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​ករណី​ជន​មិន​ស្គាល់​មុខ​ដែល​បាន​គំរាម​គ្រួសារ​ លោក សម្លាប់​មួយ​ពូជ​តាម​ទូរស័ព្ទ កាល​ពី​ថ្ងៃ​ទី៣ និង​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ​២០១៣។
មេ​ភូមិ​រោលជ្រូក លោក ឈុំ វ៉ាត ថ្លែង​ថា អគ្គិភ័យ​បាន​ឆេះ​បំផ្លាញ​ផ្ទះ​របស់ លោក ឆួរ ចិន កាល​ពី​ម៉ោង​ប្រហែល ១ និង ២០​នាទី ថ្ងៃ​ទី១៩ ខែ​កក្កដា។ ម្ចាស់​ផ្ទះ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​ទៅ​នេះ​ពុំ​ដែល​មាន​ទំនាស់​នៅ​ក្នុង​ភូមិ​នោះ​ទេ ប៉ុន្តែ​ផ្ទះ​របស់​គាត់​ត្រូវ​ភ្លើង​ឆេះ​នៅ​ក្រោយ​ពី​មាន​ជន​អនាមិក​គំរាម​ សម្លាប់​តាម​ទូរស័ព្ទ៖ «ខ្ញុំ​មិន​ដឹង​ពី​មូលហេតុ​អី ព្រោះ​គាត់​នៅ​ក្នុង​ភូមិ​នេះ​មិន​ដែល​មាន​ទំនាស់​ជាមួយ​បង​ប្អូន​ផង លួច​ដុត​ប្រហែល​ជា​ចាក់​សាំង ព្រោះ​ផ្ទះ​នេះ​ជញ្ជាំង​ក្ដារ​ប្រក់​ស័ង្កសី ការងារ​ភូមិ មេ​ភូមិ សមាជិក​ភូមិ មិន​ដែល​មាន​បាតុភាព​អី​ទៅ​លើ​គាត់​ទេ»

សមត្ថកិច្ច​ប៉ូលិស និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​បាន​ធ្វើ​កំណត់​ហេតុ​សួរ​នាំ​ម្ចាស់​ផ្ទះ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ប៉ុន្តែ​ពុំ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ ឬ​ជា​រឿង​គំនុំ​នោះ​ទេ។ ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ខេង ស៊ុំ សន្និដ្ឋាន​ថា អគ្គិភ័យ​ឆេះ​បំផ្លាញ​លំនៅឋាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នោះ ទំនង​កើត​មាន​ឡើង​ដោយសារ​ការ​ឆ្លង​ចរន្ត​អគ្គិសនី​នៅ​ពេល​ពុំ​មាន​មនុស្ស​នៅ ​ផ្ទះ។ លោក​បដិសេធ​ថា ហេតុការណ៍​នេះ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ។
មន្ត្រី​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ជប់វារី លោក ជួប វុទ្ធី ថ្លែង​ថា លោក ឆួរ ចិន ថ្មីៗ​បាន​ដាក់​ពាក្យ​បណ្ដឹង​ពី​ករណី​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​ទៅ​ គណៈកម្មការ​ឃុំ​រៀបចំ​បោះឆ្នោត ប៉ុន្តែ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត ពុំ​អាច​រក​ជន​ជា​អ្នក​ប្រព្រឹត្តិ​ឃើញ​នោះ​ទេ៖ «ការងារ​ហ្នឹង គឺ​យើង​ផ្ដល់​លិខិត​ជូន​ដំណឹង​ដល់​ម្ចាស់​ដើម​បណ្ដឹង​ហើយ​ថា គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​មិន​អាច​រក​ជន​អនាមិក​នោះ​ឃើញ​ទេ។ ពួក​ខ្ញុំ​ក៏​សហការ​ជាមួយ​ប៉ូលិស​ដែរ អោយ​ជួយ​ការពារ​សុវត្ថិភាព​ជូន​គាត់​ដែរ»
មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ កញ្ញា ផាត់ ម៉ារ៉ាឌី ដែល​បាន​ចុះ​អង្កេត​ដល់​កន្លែង​កើត​ហេតុ​នោះ បញ្ជាក់​ថា ភ្លើង​ឆេះ​លំនៅឋាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កើត​ឡើង​ដោយសារ​មាន​គេ​លួច​ដុត​បំផ្លាញ។ នៅ​លើ​ផ្លូវ​ដើរ​ចំហៀង​ផ្ទះ គេ​ឃើញ​មាន​សាច់​មាន់ និង​សាច់​ក្រក ប្រឡាក់​ថ្នាំ​ពុល​ដែល​គេ​យក​ទៅ​សម្រាប់​បំពុល​សត្វ​ឆ្កែ​ថែម​ទៀត៖ «ហើយ​ តាម​ការ​សាកសួរ​អ្នក​ភូមិ​ជិត​ខាង គេ​បាន​ឮ​ឆ្កែ​ព្រួស គាត់​ឡើង​លើ​សម្រាន្ត ស្រាប់​តែ​ឮ​សំឡេង​ផ្ទុះ។ គាត់​ងើប​មក​មើល ស្រាប់​តែ​ឃើញ​ភ្លើង​ឆេះ​តែ​ម្ដង ហើយ​ផ្ទះ​ហ្នឹង​ម្ចាស់​អត់​នៅ​ទេ បើ​សិន​ជា​ការ​ឆ្លង​ចរន្ត​អគ្គិសនី។ ខ្ញុំ​ថា ភាគ​តិច​ណាស់ ព្រោះ​ម្ចាស់​អត់​បាន​ប្រើ​នោះ​ទេ»
មន្ត្រី​អង្គការ​លីកាដូ សន្និដ្ឋាន​ថា រឿង​នេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ ព្រោះ លោក ឆួរ ចិន ធ្លាប់​រង​ការ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​ចំនួន​ពីរ​លើក​ផ្ទួនៗ​គ្នា ដោយសារ​តែ​គាត់​មិន​ព្រម​លា​ឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ករណី​នេះ ជា​ការ​គំរាម​សម្លាប់ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ទន្ទឹម​គ្នា​នេះ អង្គការ​លីកាដូ ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាម​ចាប់​ជន​ប្រព្រឹត្តិ ដើម្បី​យក​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: