A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 5 May 2013

The UN urges Cambodia to guarantee freedom of expression អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​ធានា​សេរីភាព​បញ្ចេញ​មតិ

ដោយ សុ ជីវី RFA
2013-05-03
ខៀវ កាញារីទ្ធ ៣០៥
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ (កណ្ដាល) ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី២០ ក្រោម​ប្រធាន​បទ "សុវត្ថិភាព​ក្នុង​ការ​និយាយ" នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Sochivy
តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា និង​អ្នក​សារព័ត៌មាន ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ធានា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ តាម​រយៈ​ការ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​គេ​សម្លាប់​ ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ពេល​កន្លង​ទៅ។
តំណាង​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ នៃ​អង្គការ​សហប្រជាជាតិ យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា អ្នកស្រី អាន ឡឺម៉ែស្រ្ត (Anne Lemaistre) មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​សប្ដាហ៍ នៅ​ជុំវិញ​ពិភពលោក មាន​អ្នក​សារព័ត៌មាន​ចំនួន ១​នាក់ បាន​ស្លាប់ ដោយសារ​ការ​អនុវត្ត​តួនាទី​ផ្ដល់​ព័ត៌មាន​ដល់​សាធារណជន។

អ្នកស្រី​បន្ត​ថា ការ​ធានា​នូវ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​យោបល់​តាម​គ្រប់​ប្រព័ន្ធ​ ផ្សព្វផ្សាយ គឺ​ទាមទារ​អោយ​មាន​ការពារ​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន និង​ប្រយុទ្ធ​ប្រឆាំង​រាល់​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ការ​បញ្ចេញ​មតិ៖ «ក្នុង ​ខែ​កញ្ញា ឆ្នាំ​២០១២ អ្នកស្រី អ៊ីរ៉ីណា ប៊ូកូវ៉ា (Irina Bokova) អគ្គនាយក​អង្គការ​យូណេស្កូ បាន​ថ្កោល​ទោស​ចំពោះ​ការ​ធ្វើ​ឃាត​អ្នក​សារព័ត៌មាន​ខ្មែរ លោក ហង្ស សេរីឧត្តម និង​បាន​ស្នើ​អោយ​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​ឃាតកម្ម​អ្នក​សារព័ត៌មាន​ ដែល​ផ្សព្វផ្សាយ​ពី​បញ្ហា​ព្រៃ​ឈើ​រូប​នេះ។ ហើយ​យើង​ក៏​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​រតនគិរី ដែល​បាន​បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី​ចំពោះ​ករណី​នេះ»
តំណាង​ស្ដីទី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក ជេមស៍ ហ៊ីណាន (James Heenan) ឲ្យ​ដឹង​ដែរ​ថា ក្នុង​បរិបទ​កម្ពុជា​បច្ចុប្បន្ន ការ​ធានា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កត្តា​សំខាន់​ចំនួន ៤​សំខាន់ ក្នុង​នោះ​រួម​មាន ផ្លូវ​ច្បាប់​ដែល​ការពារ​អ្នក​សារព័ត៌មាន អ្នក​សារព័ត៌មាន​ស្គាល់​ច្បាស់​សិទ្ធិ​ខ្លួន​ឯង និង​ការ​លប់​បំបាត់​និទ្ទណ្ឌភាព​ជាដើម៖ «ត្រូវ​ធានា​ថា ច្បាប់​ជាពិសេស​ក្រម​ព្រហ្មទណ្ឌ​បាន​ការពារ និង​ផ្ដល់​តម្លៃ​ដល់​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ទៅ​ដល់​មនុស្ស​គ្រប់​គ្នា និង​មិន​ត្រូវ​អោយ​បទដ្ឋាន​ច្បាប់​ទាំង​នោះ​ត្រូវ​អនុវត្ត​ផ្ទុយ​ពី​បទដ្ឋាន ​ច្បាប់​អន្តរជាតិ ដែល​ការពារ​សេរីភាព​បញ្ចេញ​មតិ»

និពន្ធ​នាយក​វិទ្យុ​បារាំង​អន្តរជាតិ លោក ប៉ែន បូណា ដែល​ចូលរួម​ជា​វាគ្មិន​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ទទួល​ស្គាល់​ថា នៅ​កម្ពុជា មាន​អ្នក​សារព័ត៌មាន ៣​ប្រភេទ​ធំៗ ក្នុង​នោះ គឺ​មាន​ប្រភេទ​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ស្ថិត​ក្រោម​សម្ពាធ ដែល​លោក​ចាត់​ថា ជា​អ្នក​មិន​សូវ​ជួប​បញ្ហា។ ទី២ គឺ​ប្រភេទ​អ្នក​ដែល​មិន​នៅ​ក្រោម​សម្ពាធ ប៉ុន្តែ​ប្រកាន់​វិជ្ជាជីវៈ​ខ្ជាប់ខ្ជួន ក៏​ត្រូវ​លោក​ចាត់​ទុក​ថា មាន​សុវត្ថិភាព​ច្រើន​ក្នុង​ការ​និយាយ។ ចំណែក​ទី៣ គឺ​ក្រុម​ដែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ក្រម​សីលធម៌ ឬ​ផ្សព្វផ្សាយ​ដើម្បី​គោលដៅ​នយោបាយ គឺ​ជា​ក្រុម​ដែល​ងាយ​រងគ្រោះ។ លោក ប៉ែន បូណា បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ធានា​សេរីភាព​បញ្ចេញ​មតិ ដោយ​ការ​ទទួល​យក​ទាំង​ទស្សនៈ​ស្រប និង​ទស្សនៈ​ផ្ទុយ៖ «សូម​លោក​ទទួល​យក​វប្បធម៌​ថ្មី​មួយ គឺ​វប្បធម៌​ប្រជាធិបតេយ្យ និង​វប្បធម៌​ពហុ​គំនិត​ក្នុង​ការ​រិះគន់ និង​ការ​ទទួល​យក​ការ​រិះគន់»
អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាង​ថា រាល់​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន អាជ្ញាធរ​ពុំ​ដែល​បោះបង់​ការ​រក​យុត្តិធម៌​សម្រាប់​ពួក​គេ​ឡើយ។ ចំណែក​បទដ្ឋាន​ច្បាប់ កម្ពុជា ក៏​បាន​ធានា​សិទ្ធិ​សេរីភាព​របស់​ពួក​គេ។ លោក​បន្ត​ថា សង្គម​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ លុះត្រា​តែ​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​ការពារ​ត្រឹមត្រូវ និង​ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​ឯករាជ្យ​ពេញ​លេញ៖ «សូម​ពិនិត្យ​ឡើង​ វិញ​នូវ​ច្រើន​ចំណុច គេ​បាន​លើក​ឡើង​ទាំងអស់​រាល់​ចំណុច​ណា​ទាក់ទង​នឹង​សារព័ត៌មាន គឺ​ត្រូវ​យក​ចាប់​សារព័ត៌មាន​ជា​គោល»

យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​នៅ​កម្ពុជា លោក សុក សំអឿន មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​មាន​បទដ្ឋាន​ច្បាប់​ដែល​អះអាង​ថា​ការពារ​អ្នក​សារព័ត៌មាន ក៏​ច្បាប់​ទាំង​នោះ​នៅ​មាន​ចំណុច​ខ្វះ​ខាត ស្រប​ពេល​ដែល​ការ​បកស្រាយ​ច្បាប់​នៅ​មិន​ទាន់​មាន​ឯកភាព និង​តុលាការ​មិន​ទាន់​មាន​ឯករាជ្យ អ្នក​សារព័ត៌មាន​នៅ​តែ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​នៅ​ពេល​ផ្សព្វផ្សាយ​ ព័ត៌មាន​ដែល​ពាក់ព័ន្ធ​អ្នក​មាន​ឥទ្ធិពល​ក្នុង​សង្គម៖ «ប៉ុន្តែ បញ្ហា​ការ​បកស្រាយ​ច្បាប់​ជា​រឿង​មួយ ហើយ​ស្រុក​យើង​នេះ​គឺ​ត្រូវ​ការ​ច្បាប់​ដែល​លំអិត​ហ្មង អត់​អាច​ច្បាប់​ច្បោលៗ​ដូច​ស្រុក​បារាំង ស្រុក​អី​ទេ។ ដើម្បី​អោយ​ការ​អនុវត្ត​បាន​ល្អ​ប្រសើរ ត្រូវ​ការ​រំពឹង​២។ ទី១ គឺ​សមាសភាព​របស់​ចៅក្រម។ ទី២ គឺ​ឯករាជ្យ​ភាព​របស់​តុលាការ»
ទិវា​សេរីភាព​សារព័ត៌មាន ថ្ងៃ​៣ ឧសភា ត្រូវ​បាន​អនុម័ត​ដោយ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៩៣ គឺ​ជា​ថ្ងៃ​លើក​ទឹក​ចិត្ត និង​គាំទ្រ​សេរីភាព​សារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក។ មក​ដល់​ពេល​នេះ អ្នក​សារព័ត៌មាន​ចំនួន ១២១​នាក់ បាន​សម្លាប់​នៅ​ក្នុង​ពិភពលោក ចំណែក​នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក មាន​អ្នក​សារព័ត៌មាន​ជាង ១០​នាក់​ត្រូវ​សម្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: